កណ្ដាលៈ បុរសជនជាតិនីហ្សេរីយ៉ា ២ នាក់ ដែលជាកីឡាករបាល់ទាត់ និងស្ដ្រីជនជាតិវៀតណាមម្នាក់ត្រូវបានមន្ត្រីអន្តោប្រវេសន៍ចាប់បញ្ជូនចេញពីកម្ពុជា ខណៈស្ត្រីខ្មែរម្នាក់ត្រូវបញ្ជូនទៅតុលាការ បន្ទាប់ពីពួកគេបានប្រព្រឹត្តបទល្មើសឆបោកប្រាក់តាមហ្វេសប៊ុកពីពលរដ្ឋកម្ពុជា។
ជនបរទេសទាំង ៣ នាក់នេះ បានសហការជាមួយពលរដ្ឋខ្មែរម្នាក់ ដើម្បីឆបោកប្រាក់ជាង ៨ ពាន់ដុល្លារ ពីកសិករម្នាក់នៅខេត្តកណ្ដាល។ ទំព័រហ្វេសប៊ុកកងរាជអាវុធហត្ថខេត្តកណ្ដាលបានផ្សាយកាលពីម្សិលមិញថា កាលពីថ្ងៃទី ១០ ខែកុម្ភៈ មានជនរងគ្រោះម្នាក់ឈ្មោះ វណ្ណនី មុខរបរជាកសិកររស់នៅស្រុកល្វាឯម ខេត្តកណ្ដាលបានប្ដឹងម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះ Michael Johnson ដែលម្ចាស់គណនីហ្វេសប៊ុកនេះបានប្រើវិធីលួងលោមជនរងគ្រោះឱ្យផ្ញើលុយជាបន្តបន្ទាប់អស់ចំនួន ៨ ៤៥០ ដុល្លារអាមេរិក ដើម្បីចេញថ្លៃសេវាដែលជននេះកុហកថា ត្រូវផ្ញើវត្ថុមានតម្លៃ និងប្រាក់ពីក្រៅប្រទេស ដើម្បីប្រគល់ជូនជនរងគ្រោះ។
ទំព័រហ្វេសប៊ុកសរសេរថា៖ «ក្រោយពីមានទំនាក់ទំនងជាមួយខ្លួន (ជនរងគ្រោះ) តាម Facebook អស់រយ:ពេល ២ ខែ គឺឈ្មោះ Michael Johnson បានធ្វើការលួងលោមបោកប្រាស់តាមរយ: Messenger ក្រោមរូបភាពដើរតួជាជនជាតិអង់គ្លេសធ្វើជាមានចិត្តអាណិតអាសូរជនរងគ្រោះដោយឃើញ និងដឹងថាជនរងគ្រោះមានជីវភាពខ្សត់ខ្សោយ ខ្វះជម្រកស្នាក់នៅសមរម្យ ដូចនេះគេនឹងផ្ញើប្រាក់ គ្រឿងអលង្ការ សម្ភារដើម្បីសង់ផ្ទះ និងផ្គត់ផ្គង់ជីវភាពគ្រួសារឲ្យប្រសើរឡើង»។
បន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេលជាច្រើនថ្ងៃកងរាជអាវុធហត្ថខេត្តកណ្ដាលបានចាប់ខ្លួនស្ដ្រីជនជាតិខ្មែរម្នាក់ឈ្មោះ សុខ លាង មុខរបរមិនពិតប្រាកដដែលជាអ្នកដើរតួជាអ្នកធ្វើការប្រៃសណីយ៍ និងជាអ្នកទៅដកប្រាក់ដែលជនរងគ្រោះវេរមកតាម Wing កាលពីថ្ងៃទី ១២ ខែកុម្ភៈ ហើយនៅថ្ងៃទី ១៣ ខែកុម្ភៈ កងរាជអាវុធហត្ថបានបន្តចុះចាប់ឃាត់ខ្លួនជនសង្ស័យ ៣ នាក់ផ្សេងទៀត រួមមានឈ្មោះ EMMANUEL SUNJAY ភេទប្រុស អាយុ ៣១ ឆ្នាំ ជនជាតិនីហ្សេរីយ៉ាមុខរបរកីឡាករបាល់ទាត់ឈ្មោះ GABRIEL PHILEP ភេទប្រុសអាយុ ២១ ឆ្នាំ ជនជាតិនីហ្សេរីយ៉ាមុខរបរកីឡាករបាល់ទាត់ និងឈ្មោះ លីធី ង្វឿងថាវ ភេទស្រី អាយុ ២៦ ឆ្នាំ ជនជាតិវៀតណាម មុខរបរនៅផ្ទះ។
ជនបរទេសទាំង ៣ នាក់ ត្រូវបានចាប់ខ្លួននៅផ្ទះជួលក្នុងបុរី «លឹម ឈាងហាក់» ស្ថិតក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានដកហូតវត្ថុតាងមួយចំនួន ដូចជាលេបថប ៣ គ្រឿង ទូរស័ព្ទ ៩ គ្រឿង ដុំអ៊ីនធឺណិត ២ និងសម្ភារមួយចំនួនទៀត។
ទំព័រហ្វេសប៊ុកដដែលបន្តថា ស្ដ្រីជនជាតិខ្មែរត្រូវបានបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ ចំណែកជនបរទេសទាំង ៣ នាក់ ត្រូវបានប្រគល់ឱ្យស្នងការនគរបាលខេត្តកណ្ដាល។
លោក ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាលបានប្រាប់ភ្នំពេញ-ប៉ុស្ដិ៍ពីម្សិលមិញថា ជនបរទេសទាំង ៣ នាក់នេះ គឺចូលមករស់នៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ហើយត្រូវបានបញ្ជូនបន្តទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍រួចហើយ។
លោកបានថា៖ «៣ នាក់ ហ្នឹងយើងបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ហើយ ហើយឮថា អគ្គនាយកដ្ឋានអន្តោប្រវេសន៍បញ្ជូនទៅក្រៅប្រទេសហើយ»។
កាលពីថ្ងៃចន្ទលោក អាត់ ប៊ុននី អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍បានថ្លែងថា លោកមិនអាចបញ្ជាក់បន្ថែមជុំវិញករណីនេះបានទេដោយសារក្នុង ១ ថ្ងៃៗ គឺមានជនបរទេសជាច្រើនត្រូវបានបញ្ជូនចេញពីកម្ពុជាជាបន្តបន្ទាប់៕