ភ្នំពេញៈ តុលាការកំពូលកាលពីម្សិលមិញបានបើកសវនាការជំនុំជម្រះបុរសជាប់ចោទម្នាក់ពាក់ព័ន្ធករណីបាញ់សម្លាប់អតីតប្រពន្ធរបស់ខ្លួននៅភូមិត្រពាំងព្រីង ស្រុក-ខេត្ត ស្ទឹងត្រែងកាលពីឆ្នាំ ២០១៥ ដែលរឿងនេះត្រូវសាលាដំបូងខេត្តស្ទឹងត្រែងផ្តន្ទាទោសដាក់ពន្ធនាគារអស់ ១ ជីវិត។
តាមកំណត់ហេតុនគរបាលយុត្តិធម៌ខេត្តបង្ហាញថាជនជាប់ចោទឈ្មោះ តូ វីសែល អាយុ ២៧ ឆ្នាំបានលែងលះជាមួយប្រពន្ធឈ្មោះ រស្មី ស្រីខួច អាយុ ២១ ឆ្នាំដល់សាលាដំបូងខេត្តស្ទឹងត្រែងស្រេចបាច់ហើយ។ ប៉ុន្តែរំលងបានជាង ១ ឆ្នាំនៅថ្ងៃទី ៧ ខែមីនាឆ្នាំ ២០១៥ ជនជាប់ចោទដែលទៅនៅខេត្តរតនគិរីបានមកខេត្តស្ទឹងត្រែងវិញ។
ពេលមកដល់ភូមិឃុំខាងលើ ជនជាប់ចោទបានឃើញស្ត្រីអតីតប្រពន្ធកំពុងនិយាយទូរស័ព្ទជាមួយបុរសម្នាក់ ពេលនោះជនជាប់ចោទបានដកកាំភ្លើងម៉ាកឡុកបាញ់សំដៅនារីរងគ្រោះចំនួន ៧ គ្រាប់បណ្តាលឲ្យស្លាប់ភ្លាមៗហើយរត់គេចខ្លួន។ កំណត់ហេតុបង្ហាញបន្តថាក្រោយពីជនជាប់ចោទគេចខ្លួនទៅខេត្តរតនគិរីបានប៉ុន្មានថ្ងៃ ត្រូវសមត្ថកិច្ចចាប់ខ្លួននៅថ្ងៃទី ១០ ខែឆ្នាំដដែល។
សំណុំរឿងនេះត្រូវសាលាដំបូងខេត្តស្ទឹងត្រែងកាលពីថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០១៥ សម្រេចផ្តន្ទាទោសដាក់ពន្ធនាគារ ១ ជីវិតពីបទ «ឃាតកម្មគិតទុកជាមុន» តាមបញ្ញត្តិមាត្រា ២០០ នៃក្រមព្រហ្មទណ្ឌ។
រឿងនេះជនជាប់ចោទមិនសុខចិត្តប្តឹងមកសាលាឧទ្ធរណ៍ហើយត្រូវសាលាឧទ្ធរណ៍ប្រកាសសាលក្រមនៅថ្ងៃទី ២២ ខែវិច្ឆិកា ឆ្នាំ ២០១៦ ដោយកែប្រែពីជាប់ពន្ធនាគារ ១ ជីវិតមកជាប់ពន្ធនាគារ ២៥ ឆ្នាំវិញ។
នៅក្នុងបន្ទប់សវនាការពីម្សិលមិញជនជាប់ចោទឆ្លើយប្រាប់ចៅក្រមថា៖ «ខ្ញុំសម្លាប់ប្រពន្ធខ្ញុំ ព្រោះខ្ញុំខឹងគាត់និយាយទូរស័ព្ទជាមួយមនុស្សប្រុស ហើយខ្ញុំប្រចណ្ឌគាត់។ សូមតុលាការបន្ថយទោសដល់ខ្ញុំផង ខ្ញុំពិតជាដឹងកំហុសហើយ»។
ទោះយ៉ាងណាលោកស្រីចៅក្រម គឹម សត្ថាវី ប្រាប់ទៅជនជាប់ចោទថា៖ «បើពិនិត្យមើលពីអំពើរបស់លោកគឺសាហាវព្រោះយកកាំភ្លើងពីខេត្តរតនគិរីមកបាញ់គេ។ ការដែលឧទ្ធរណ៍បន្ថយទោសមកនៅ ២៥ ឆ្នាំក៏ព្រោះយល់ថា លោកមានកូនស្រីអាយុ ៦ ឆ្នាំដើម្បីឆាប់បានចេញទៅវិញចិញ្ចឹមកូន»។
លោកព្រះរាជអាជ្ញា ចាន់ តារារស្មី តំណាងមហាអយ្យការ សន្និដ្ឋានថាក្រោយពិចារណាលើអង្គហេតុ និងការសារភាពរបស់ជនជាប់ចោទលោកយល់ថា៖ «ការដែលសាលាឧទ្ធរណ៍បន្ថយទោសនៅត្រឹម ២៥ ឆ្នាំល្មមហើយ ខ្ញុំយល់ថាមិនគប្បីសម្រាលទោសទេ និងសូមតម្កល់សាលក្រមនៅដដែល»។
លោក អ៊ី ចំរើន មេធាវីការពារសិទ្ធិជនជាប់ចោទសន្និដ្ឋានថាទង្វើកូនក្តីលោកនេះកើតចេញពីការប្រចណ្ឌ ប៉ុន្តែកូនក្តីលោកភ្ញាក់រឭកចូលសារភាព។ «សូមក្រុមប្រឹក្សាជំនុំជម្រះបង្វិលសំណុំរឿងនេះទៅសាលាឧទ្ធរណ៍ជម្រះឡើងវិញ និងប្តូរពីមាត្រា ២០០ មកមាត្រា ១៩៩ នៃក្រមព្រហ្មទណ្ឌវិញ»។
ក្រោយជំនុំជម្រះលោកស្រីចៅក្រម គឹម សត្ថាវី ថ្លែងថាសាលដីកានេះនឹងត្រូវប្រកាសនៅថ្ងៃទី ១០ មករា៕