បាត់ដំបង៖ មនុស្ស​ប្រុស-ស្រី​ចំនួន ១៧ នាក់ ក្នុង​ចំណោម ២៦ នាក់ ត្រូវ​សមត្ថកិច្ច​ខេត្ត​បាត់ដំបង បញ្ជូន​ទៅ​តុលាការ​ខេត្ត​នា​ថ្ងៃ​នេះ ករណី​ពួក​គេ​ប្រមូល​ផ្តុំ​ផឹកស៊ី និង​ប្រើប្រាស់​គ្រឿង​ញៀន ផ្ទុយ​នឹង​បម្រាម​អាជ្ញាធរ​ខេត្ត និង​ក្រសួង​សុខាភិបាល​ដែល​ហាម​ធ្វើ​ការ​ប្រមូល​ផ្តុំ និង​ផឹក​គ្រឿង​ស្រវឹង ដើម្បី​ទប់​ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ ១៩។

ប្រធាន​ការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​បាត់ដំបង លោក សុខ និមល ថ្លែង​ថា កាល​ពី​ថ្ងៃទី ១ ឧសភា កម្លាំង​ជំនាញ​ចម្រុះ​បាន​ចុះ​បង្ក្រាប​ហាង​មួយ​កន្លែង ដែល​មាន​ឈ្មោះ (អាហារដ្ឋាន​ពិភព​ថ្មី) ស្ថិត​នៅ​ចំណុច​ក្រុម​ទី១ ភូមិ​បឹងរាំង ស្រុក​កំរៀង ខេត្ត​បាត់ដំបង។

លោក​បន្ត​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​មនុស្ស​ប្រុស​ស្រី ចំនួន ២៦ នាក់ និង​បាន​ដក​ហូត​ថ្នាំ​ញៀន​ប្រភេទ​មេតំហ្វេតាមីន (ម៉ា​ទឹកកក ICE) ចំនួន ១ ថង់ ទម្ងន់ ៤,៤៤ ក្រាម រួម​ទាំង​សម្ភារ​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត។

មន្ត្រី​រូប​នេះ​ឱ្យ​ដឹង​ដែរ​ថា សមត្ថកិច្ច​កំពុង​កសាង​សំណុំ​រឿង​បញ្ជូន​ជន​សង្ស័យ​ទាំង​នោះ​ទៅ​តុលាការ ដើម្បី​បន្ត​នីតិវិធី​តាម​ផ្លូវ​ច្បាប់។

លោក​បញ្ជាក់​ថា៖ «ខ្ញុំ​កំពុង​រៀបចំ​សំណុំ​រឿង​បញ្ជូន​ជន​ជាប់​សង្ស័យ​ចំនួន ១៧ នាក់ ទៅ​តុលាការ​នៅ​ថ្ងៃ​នេះ [ថ្ងៃទី ៣ ឧសភា] ចំពោះ​អ្នក​ផ្ទុក​សារធាតុ​ញៀន និង​ថៅ​កែហាង។ ចំណែក​អ្នក​អត់​មាន​សារធាតុ​ញៀន ៩ នាក់ (ស្រី ៧ នាក់ ជា​អនីតិជន ១ នាក់) ផ្សេង​ទៀត យើង​បាន​ធ្វើ​ការ​អប់រំ​ហើយ​ឱ្យ​គាត់​ត្រឡប់​ទៅ​ផ្ទះ​វិញ​ហើយ»។

បើ​តាម​លោក សុខ និមល ក្នុង​ចំណោម ១៧ នាក់ ដែល​ត្រូវ​បញ្ជូន​ទៅ​តុលាការ មាន​ជន​សង្ស័យ ៨ នាក់ ជា​អ្នក​មើល​ការ​ខុស​ត្រូវ​ខារ៉ាអូខេ ក្រៅ​ពី​នោះ​ជា​អនីតិជន។ ចំណែក​ទីតាំង​ដែល​លួច​បើក​អាជីវកម្ម​នេះ ត្រូវ​បាន​អាជ្ញាធរ​មាន​សមត្ថកិច្ច​បញ្ជា​ឱ្យ​បិទ​ដំណើរការ​ជា​បណ្តោះអាសន្ន។

កម្លាំង​ជំនាញ​ដែល​ចូលរួម​បង្ក្រាប​នេះ​រួម​មាន ស្នងការ​នគរបាល​ខេត្ត​បាត់ដំបង ស្នងការ​រង​ផែន​ការងារ​ប្រឆាំង​គ្រឿង​ញៀន កម្លាំង​ការិយាល័យ​ជំនាញ​នគរបាល​ប្រឆាំង​គ្រឿង​ញៀន និង​មាន​ការ​សម្របសម្រួល​លើ​នីតិវិធី​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​ផង​ដែរ។

កន្លង​ទៅ​រដ្ឋបាល​ខេត្ត​បាត់ដំបង បាន​ដាក់​ចេញ​នូវ​វិធាន​ការ​ជា​បណ្តោះអាសន្ន​រយៈពេល ១៤ ថ្ងៃ ចាប់​ពី​ថ្ងៃទី ២៩ មេសា ដល់ ១៣ ឧសភា ដោយ​បាន​បន្ត​ហាម​ឃាត់​ការ​លក់​ដូរ​គ្រឿង​ស្រវឹង និង​ការ​ជួបជុំ​សេព​គ្រឿង​ស្រវឹង ផ្អាក​ការ​ជួបជុំ​ដែល​មាន​ការ​ប្រមូល​ផ្តុំ​ច្រើន ការ​លេង​ល្បែង​កម្សាន្ត និង​កីឡា​គ្រប់​ប្រភេទ៕