សៀមរាបៈ នគរបាល​ខេត្តសៀមរាប​កាលពី​ម្សិលមិញ​បាន​បញ្ជូន​ជនសង្ស័យ​ចំនួន ១៤ ​នាក់​ ទៅ​សាលាដំបូង​ខេត្ត​សៀមរាប ខណៈ​មនុស្ស​ចំនួន ៣៤ ​នាក់​ទៀត ត្រូវ​បញ្ជូន​ទៅ​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន​បន្ទាប់ពី​ចាប់​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​ ៩ ខែ កញ្ញា​ នៅ​ភូមិ​វត្ត​ស្វាយ សង្កាត់ សាលា​កំរើក​។

លោក អ៊ុំ អមរា ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​សៀមរាប​បាន​ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ដែល​សមត្ថកិច្ច​របស់​លោក​ចាប់ខ្លួន​បាន​ចំនួន​ ៤៨ នាក់ ដែល​សង្ស័យ​ថា មាន​ជាប់​ពាក់ព័ន្ធ​បញ្ហា​គ្រឿងញៀន​នោះ​គឺ​ក្រោយពី​បាន​ពិនិត្យ​មក សមត្ថកិច្ច​រកឃើញ​តែ​មនុស្ស ១៤ នាក់​ប៉ុណ្ណោះ​ ដែល​ជាប់​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​។

ចំណែក​ ៣៤ នាក់​ផ្សេងទៀត ​គ្រាន់តែ​ជា​អ្នកប្រើប្រាស់​ទេ​។ លោក​បន្តថា ​ចំពោះ​មនុស្ស​ ១៤ ​នាក់​នោះ គឺ​ខាង​សមត្ថកិច្ច​របស់​លោក​បាន​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​ខេត្ត​សៀមរាប​ហើយ​កាលពី​រសៀល​ថ្ងៃ​ម្សិលមិញ​។

លោក​បន្តថា​តាម​ចម្លើយ​សារភាព​ពួកគេ​ទាំង ១៤ ​នាក់​ សុទ្ធតែ​ជា​អ្នកចាត់ចែង​ និង​ជួញដូរ​គ្រឿងញៀន​។ លោក​ថ្លែងថា៖ «​បន្ទាប់ពី​ចាប់ខ្លួន​ពួកគេ​គឺ​យើង​បាន​ញែក​ចេញ​ពី​គ្នា​ដោយ​អ្នកប្រើប្រាស់​ផ្សេង​ឯ​អ្នកចាត់ចែង​ជួញដូរ​គ្រឿងញៀន​គេ​បញ្ជូន​ទៅ​តុលាការ​»​។

បើតាម​លោក អ៊ុំ អមរា កាលពី​រសៀល​ថ្ងៃទី​ ៩ ខែ​ កញ្ញា ឆ្នាំ​ ២០១៩ នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បើក​ប្រតិបត្តិការ​ចុះបង្ក្រាប​ដោយ​ចាប់​ឃាត់ខ្លួន​បាន​មនុស្ស​ចំនួន​ ៤៨ ​នាក់ ​ដែល​កំពុង​ប្រមូល​ផ្តុំគ្នា​នៅ​ចំណុច​ដីឡូត៍​ទុកចោល​មួយ​កន្លែង​ស្ថិត​ក្នុង​ក្រុម​ទី​ ១ ​ភូមិ​វត្តស្វាយ​សង្កាត់​សាលា​កំរើក ក្រុង​ខេត្តសៀមរាប​។ ចំពោះ​វត្ថុតាង​ដែល​ដកហូត​បាន​មាន​ម្សៅ​មេតំហ្វេតាមីន​សរុប ២០ ​កញ្ចប់ ស្មើ​ទម្ងន់ ៤ ​ក្រាម និង​ឧបករណ៍​ប្រើប្រាស់​មួយ​ចំនួន​ទៀត​៕