ភ្នំពេញៈ ជនសង្ស័យ ដែលចាប់រំលោភក្មេងស្រី ដែលមានអាយុទើបតែ ១០ ឆ្នាំ រួចហើយសម្លាប់ទាំងប្អូនប្រុសរបស់នាង ដែលមានអាយុ ២ ឆ្នាំ កាលពីថ្ងៃទី ២៩ ខែ ឧសភា នៅស្រុកព្រៃនប់ ខេត្តព្រះ សីហនុ ត្រូវបាននគរបាលនៃនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តព្រៃវែងចាប់ខ្លួនបាន នៅឃុំព្រៃរំដេង ស្រុកមេសាង ខេត្តព្រៃវែង កាលពីរសៀលថ្ងៃម្សិលមិញ។
លោកឧត្តមសេនីយ៍ ង៉េង ជួរ ប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីរសៀលម្សិលមិញថា ជនសង្ស័យ រួមជាមួយស្រ្តីម្នាក់ ដែលជាប្រពន្ធជនសង្ស័យ ត្រូវនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ចាប់ខ្លួនបានហើយ នៅខេត្តព្រៃវែង តែលោកមិនទាន់អាចប្រាប់ឈ្មោះជនសង្ស័យ និងប្រពន្ធបានទេ។
លោកបានថ្លែងថា៖ «ករណីបង្ក្រាបនេះ ខាងនាយកដ្ឋានព្រហ្មទណ្ឌខ្ញុំ នាំយកជនសង្ស័យ មកក្រសួងសិន មុននឹងបញ្ជូនបន្តទៅសាមីខេត្តកើតហេតុ ប៉ុន្តែមិនទាន់ដឹកមកដល់ទេ។ ខ្ញុំក៏មិនទាន់ដឹងថា ជននោះឈ្មោះអីដែរ»។
ប៉ុន្តែ លោក វាសនា សំអូន នាយនគរបាលឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ដែលចូលរួមចុះប្រតិបត្តិការក្នុងករណីនេះដែរបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ មាង វិចិត្រ ភេទ ប្រុស អាយុ ២៦ ឆ្នាំ រីឯ ស្រ្តីជាប្រពន្ធ លោកមិនបានចាំឈ្មោះនោះទេ។
លោកថាថ្វីដ្បិតតែលោកមិនមែនជានាយប៉ុស្តិ៍នគរបាលឃុំព្រៃរំដេង ដែលជាឃុំរបស់ជនសង្ស័យរស់នៅមែន តែលោកបានចុះប្រតិបត្តិការអស់រយៈពេល ៣ ថ្ងៃមកហើយ ដើម្បីសហការស្វែងរកចាប់ខ្លួនជនម្នាក់នេះ។
លោកបញ្ជាក់ថា៖ «ជនដៃដល់មានស្រុកកំណើតនៅឃុំចាប់ខ្លួនខាងលើ ហើយក្រោយបង្កហេតុនៅខេត្តព្រះសីហនុ ក៏បានរត់គេចខ្លួនមកសំងំនៅផ្ទះនៅឯស្រុកកំណើត។ រឿងនេះ ខ្ញុំបានចូលរួមសហការជាមួយខាងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ចុះស៊ើបអង្កេត ៣ ថ្ងៃហើយ មុនចាប់ខ្លួនជនសង្ស័យបាន»។
បើតាមទំព័រហ្វេសប៊ុកផ្លូវការ របស់អង្គការ Child Protection Unit ជាអង្គការដែលចូលរួមសហការ ក្នុងការបង្ក្រាបបទល្មើសប្រឆាំងនឹងកុមារ បានសរសេរបង្ហោះកាលពីម្សិលមិញថា៖ «យើងបានឃាត់ខ្លួនជនសង្ស័យទាំង ២ នាក់ទាក់ទងនឹងករណីរំលោភ និងសម្លាប់នៅខេត្តព្រះសីហនុហើយ។ អបអរសាទរដល់ក្រុមកម្លាំងការងារ»។
ទោះយ៉ាងណាទាំងមន្ត្រីនគរបាល និងទាំងអង្គការ Child Protection Unit មិនបានបញ្ជាក់ឲ្យដឹងថាតើស្រ្តីជាប្រពន្ធជនសង្ស័យ មានជាប់ពាក់ព័ន្ធអ្វីក្នុងករណីចាប់រំលោភហើយសម្លាប់នេះទេ ទើបមានការចាប់ឃាត់ខ្លួនដែរនោះ។
លោក កុល ផាលី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ក៏បានឲ្យដឹងដែរថា ជនសង្ស័យដែលរំលោភហើយសម្លាប់ក្មេងរងគ្រោះ ត្រូវសមត្ថកិច្ចចាប់ខ្លួនបានហើយ ប៉ុន្តែខាងនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ កំពុងតែសួរចម្លើយសិន មុននឹងបញ្ជូនទៅខេត្តព្រះសីហនុ។
លោកបានបញ្ជាក់ថា៖ «ខ្ញុំមិនទាន់អាចប្រាប់ពីព័ត៌មានលម្អិតពីការចាប់ខ្លួនជនសង្ស័យម្នាក់នេះបាននៅឡើយទេ ព្រោះជនសង្ស័យ មិនទាន់បញ្ជូនដល់ខេត្តខ្ញុំ»។
កាលពីថ្ងៃទី ២៩ ខែ ឧសភា ជនសង្ស័យ បានចាប់រំលោភសេពសន្ថវៈ ហើយបានសម្លាប់កុមារី អាយុ ១០ ឆ្នាំ បន្ទាប់មកក៏បានសម្លាប់ប្អូនប្រុសរបស់នាងអាយុជាង ២ ឆ្នាំ ដែលកំពុងដេកនៅក្នុងផ្ទះជាមួយគ្នា។
លោក ផាលី ថ្លែងថា៖ «ក្មេងជាកុមារីរងគ្រោះត្រូវបានជនសង្ស័យរំលោភសេពសន្ថវៈពិតមែនហើយបានសម្លាប់នាងចោលបន្ទាប់មកសម្លាប់កុមារាជាប្អូន ដោយលោតទន្រ្ទាំលើក្មេងរងគ្រោះរហូតដល់ស្លាប់»៕