បាត់ដំបង៖ បុរស​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ដោយ​ខុស​ច្បាប់ នូវ​សម្លៀក​បំពាក់​សម្រាប់​អាជ្ញាធរ​សាធារណៈ និង​ក្លែង​បន្លំ​ឯកសារ​សាធារណៈ ដោយ​ធ្វើ​ខ្លួន​ជា​ឧត្តមសេនីយ៍ឯក​យោធា ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ទៅ​តុលាការ​យោធា នៅ​ថ្ងៃទី ២២ មេសា ឆ្នាំ ២០២១ នេះ។

លោក សូ ឌី ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​ទី​បញ្ជាការដ្ឋាន​កងរាជ​អាវុធហត្ថ​ខេត្ត​បាត់ដំបង​ឲ្យ​ដឹង​ថា សមត្ថកិច្ច​អាវុធហត្ថ​បាន​ឃាត់​ខ្លួន​ជនសង្ស័យ ២ នាក់ នៅ​ភូមិស្តៅ ឃុំ​បាយដំរាំ ស្រុក​បាណន់ ខេត្ត​បាត់ដំបង កាល​ពី​រសៀល​ថ្ងៃទី ២១ មេសា។ ប៉ុន្តែ​ក្រោយ​ពី​ការ​ស្រាវជ្រាវ​ឃើញ​ថា ម្នាក់​ទៀត​មិន​ពាក់ព័ន្ធ​ទើប​ត្រូវ​ដោះលែង​ទៅ​វិញ។

លោក​ថា៖ «យើង​ចាប់​បាន ២ នាក់ ប៉ុន្តែ​អ្នក​ជាប់​បទល្មើស​មាន​តែ​ម្នាក់​ទេ ហើយ​ម្នាក់​ទៀត​នោះ​គាត់​មិន​ដឹង​អី​ទេ។ គេ​ប្រើ​ធ្វើអី ក៏​ធ្វើ​ហ្នឹង​ទៅ ព្រោះ​គាត់​ស្មាន​ថា ជា​មន្ត្រី​ផ្កាយ ៣ មែន។ អ៊ីចឹង​ម្នាក់​ទៀត​ហ្នឹង យើង​អត់​បញ្ជូន​ទៅ​តុលាការ​ទេ ហើយ​ការ​ដែល​មិន​បញ្ជូន​ទៅ​នេះ​ ក៏​ដោយសារ​តែ​មាន​ការ​សម្រេច​ដោយ​តុលាការ​យោធា​ដែរ​ទេ។ មិនមែន​ខាង​កម្លាំង​យើង​អត្តនោម័ត​ដោយ​ខ្លួន​ឯង​ឡើយ»។

ជន​សង្ស័យ​មាន​ឈ្មោះ រស់ វណ្ណៈ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ មុខ​របរ​មិន​ពិត​ប្រាកដ រស់នៅ​ភូមិ​តាងួន សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ។ ចំណែក​ម្នាក់​ទៀត​ឈ្មោះ រៃ វណ្ណាសី ភេទ​ប្រុស អាយុ ៤០ ឆ្នាំ អ្នក​បើកបរ មាន​ទីលំនៅ​ភូមិវាល សង្កាត់​គោកចក ក្រុង​សៀមរាប ខេត្ត​សៀមរាប ត្រូវ​បាន​ដោះលែង។

វត្ថុតាង​ដែល​សមត្ថកិច្ច​ដក​ហូត​បាន មាន​អាវ​ត្រេអ៊ី (អាវ​ការងារ​ដៃ​ខ្លី) ចំនួន ១ ស័ក្តិស្មា​ថ្នាក់​ឧត្តម​សេនីយ៍ឯក ចំនួន ១ គូ ស័ក្តិ​ក​អាវ​ថ្នាក់​ឧត្តមសេនីយ៍ឯក​ចំនួន ១ គូ ផ្លាក​ឈ្មោះ​មាន​អក្សរ ឧ. រស់ វណ្ណា ចំនួន ១ គ្រឿង ឥស្សរយយស (មេដាយ) ចំនួន ១ ផ្ទាំង ស្លាក​សញ្ញា​ដែក​ក្រសួង​ការពារជាតិ​ចំនួន ១ បន្តោង ដែក​ហនុ​មាន​ចំនួន ១ ស្បែក​ជើង​ក​វែង​ចំនួន ១ គូ ខ្សែ​សាន់ណារ៉ុង​ចំនួន ១ មួកប៉ារេ​ពណ៌​ខ្មៅ​ចំនួន ១ មួក​ថ្នាក់​ឧត្តមសេនីយ៍​ចំនួន ១ ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់​តែងតាំង​ថ្នាក់​ឧត្តមសេនីយ៍ឯក​ក្លែងក្លាយ​ចំនួន ១ សន្លឹក ទូរស័ព្ទ​ដៃ​ចំនួន ២ គ្រឿង និង​រថយន្ត ១ គ្រឿង។

បើ​តាម​លោក សូ ឌី ការ​ក្លែងបន្លំ​ធ្វើ​ជា​មន្ត្រី​ផ្កាយ ៣ នេះ មិនមែន​ទើប​តែ​ធ្វើ​ក្នុង​ពេល​ថ្មីៗ​នេះ​ទេ គឺ​ជនសង្ស័យ​បាន​ក្លែងបន្លំ​តាំង​ពី​ខែ​មករា ឆ្នាំ ២០២០ មក​ម៉្លេះ។

លោក​ថា៖ «យើង​បាន​ធ្វើ​ការ​តាម​ដាន​យូរ​ដែរ​ហើយ ដោយសារ​ឃើញ​គាត់​មាន​អួតអាង​ថា សុទ្ធ​តែ​ថ្នាក់​អគ្គលេខាធិការ​រង ឬ​ក៏​ជំនួយ​ការ​ផ្ទាល់​សម្តេច​ពិជ័យសេនា ទៀ បាញ់ អ៊ីចឹង​ទៅ។ ដល់​មើល​ទៅ​មិន​សម យើង​ក៏​ស្រាវជ្រាវ រហូត​ដល់​ថ្នាក់​លើ​ឃើញ​ថា អត់​មាន​ឈ្មោះ​ហ្នឹង​ទេ។ អ៊ីចឹង​ឃើញ​ថា គាត់​ក្លែង​បន្លំ​មែន យើង​ធ្វើ​ការ​ឃាត់​ខ្លួន​គាត់​តែ​ម្តង​ទៅ»៕