មណ្ឌលគិរី/កំពង់ធំៈ បុរស​សង្ស័យ​ម្នាក់​ដែល​បាញ់សម្លាប់​ ២ ​នាក់​ប្តី​ប្រពន្ធ​នៅ​ស្រុក​កោះញែក ហើយ​ដែល​សមត្ថកិច្ច​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​តាម​ចាប់ខ្លួនបាន​នៅ​ខេត្តស្វាយរៀង​កាលពី​ថ្ងៃ​ទី​ ៧ ​តុលា​នោះ​ត្រូវបាន​បញ្ជូន​​ទៅ​តុលាការ​ខេត្តមណ្ឌលគិរី​កាលពី​ល្ងាចម្សិលមិញ ខណៈ​បុរស​ម្នាក់ទៀត​ត្រូវបាន​បញ្ជូន​ទៅ​តុលាការខេត្ត​កំពង់ធំ​នៅ​ថ្ងៃ​ជាមួយ​គ្នា​នេះ​ពាក់ព័ន្ធ​ករណី​វាយ​ម្តាយបង្កើត​ស្លាប់​នៅ​ភូមិ​អូរកន្ធរត្បូង សង្កាត់​អូរកន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

លោក​វរសេនីយ៍ឯក ជាវ វិបុល អនុប្រធាន​នាយកដ្ឋាន​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ករណី​ជនសង្ស័យ​ម្នាក់​ពាក់ព័ន្ធ​នឹង​ការបាញ់​សម្លាប់​មនុស្ស​នៅ​ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​ដែល​សមត្ថកិច្ច​របស់​លោក​តាម​ចាប់ខ្លួន​ដល់​ខេត្ត​ស្វាយរៀង​នោះ​ត្រូវ​បាន​ប្រគល់​ទៅ​ឲ្យ​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​វិញ​ហើយ​។

លោក​ប្រាប់ថា​៖ «​ជន​ម្នាក់​នោះ​​ខាង​នាយកដ្ឋាន​ខ្ញុំ​បញ្ជូន​ជនសង្ស័យ​ទៅ​ខេត្ត​មណ្ឌលគិរី​ហើយ ព្រោះ​ជនសង្ស័យ​បាន​ប្រព្រឹត្ត​បទល្មើស​នៅ​ទីនោះ​»​។

លោក សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា លោក​បាន​ទទួល​ជនសង្ស័យ​​នោះ​ហើយ​គឺ​គេ​មាន​ឈ្មោះ សុខ ចំរើន អាយុ​ ៤៩ ​ឆ្នាំ ហើយ​ឥឡូវ​សមត្ថកិច្ច​បាន​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​នៅ​ល្ងាច​ថ្ងៃទី​ ៨ តុលា​។

លោក​បាន​បញ្ជាក់ថា​៖ «​ជនរូបនេះ​ខាង​ខ្ញុំ​បញ្ជូន​បន្ត​ទៅ​សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី​ហើយ​ក្រោយពី​បញ្ចប់​ការសាកសួរ​»​។

បើ​តាម​លោក សូ សុវណ្ណ ជនសង្ស័យ​រូបនេះ​មាន​លំនៅ​ក្នុងភូមិ​អូរគគីរ ឃុំរយ៉ ស្រុក​កោះញែក ខេត្ត​មណ្ឌលគិរី​។ រីឯ​ជនរងគ្រោះ​ដែល​ត្រូវបាន​បាញ់​សម្លាប់​នោះ ឈ្មោះ រ៉ា ហៅ​ ម៉ៅ អាយុ​ ៣៧ ​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អាន អុល អាយុ​ ៣៤ ​ឆ្នាំ​ជា​កសិករ​រស់នៅ​ក្នុង​ភូមិ-ឃុំ​ជាមួយ​គ្នា​។

ជុំវិញ​ករណីនេះ​បើ​យោងតាម​មន្ត្រី​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះញែក​មួយរូប​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា ឃាតកម្ម​នេះ​កើតចេញពី​គំនុំ​រឿង​ទំនាស់​ដីធ្លី​។

ទាក់ទង​នឹង​ការចាប់ខ្លួន​ជនសង្ស័យ​ឈ្មោះ​ សុខ ចំរើន នេះ​លោក ម៉ៅ ភិនភិរម្យ នាយប៉ុស្តិ៍នគរបាល​សង្កាត់-ក្រុង​បាវិត​ខេត្ត​ស្វាយរៀង​បាន​ប្រាប់ថា​សមត្ថកិច្ច​របស់​លោក​គឺជា​ម្ចាស់​មូលដ្ឋាន​ដែល​ជនសង្ស័យ​មក​លាក់ខ្លួន​។ ដូច្នេះ​សមត្ថកិច្ច​របស់លោក​គ្រាន់តែ​សហការ​ជាមួយ​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​ទេ​។

លោក​ប្រាប់​បន្ត​តាម​សម្តី​ជនសង្ស័យ​ដែល​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ក្រោយ​ចាប់ខ្លួន​ថា បន្ទាប់ពី​ខ្លួន​បាញ់សម្លាប់​ ២ ​នាក់​ប្តី​ប្រពន្ធ​នោះ​ហើយ គឺ​គាត់​បាន​រត់​ទៅ​រស់នៅ​ពី​កន្លែង​ ១ ​ទៅ​កន្លែង​ ១ ​ដើម្បី​គេច​ពី​ការ​តាម​ចាប់​របស់​សមត្ថកិច្ច ប៉ុន្តែ​ពេល​រត់​មកដល់​ខេត្ត​ស្វាយរៀង​នៅ​ព្រឹក​ថ្ងៃទី​ ៧ ​ខែ​តុលា​បាន​ប៉ុន្មាន​ម៉ោង ក៏​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​បាន​នៅ​ម៉ោង​ ៤ ​រសៀល​ថ្ងៃ​ដដែល​តែម្តង​។

លោក​ថ្លែងថា​៖ «​ជនសង្ស័យ​គេច​មក​លាក់ខ្លួន​នៅក្នុង​មូលដ្ឋាន​របស់ខ្ញុំ ហើយ​មក​នៅ​ខាងក្នុង​ការដ្ឋាន​សំណង់​»​។

ដោយឡែក​ជនសង្ស័យ​ម្នាក់ទៀត​ក៏​ត្រូវបាន​សមត្ថកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កំពង់ធំ​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​កំពង់ធំ​កាលពី​ល្ងាច​ម្សិលមិញ​ផង​ដែរ បន្ទាប់ពី​ចាប់ខ្លួន​ប៉ុន្មាន​ម៉ោង​ក្រោយពី​បុរស​រូប​នេះ​វាយ​សម្លាប់​ម្តាយបង្កើត​កាលពី​ថ្ងៃទី​ ៧ ខែ​តុលា នៅ​ភូមិ​អូរកន្ធរត្បូង សង្កាត់​អូរកន្ធរ ក្រុង​ស្ទឹងសែន ខេត្ត​កំពង់ធំ​។

លោក ចាក ចាន់រ៉េត នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​ខេត្ត​កំពង់ធំ​​ប្រាប់​ពី​ម្សិលមិញ​ថា ជនសង្ស័យ​​មាន​ឈ្មោះ សឿន យឿន ហៅ​​ ឌឿន អាយុ​ ២៧ ​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ក្នុង​ភូមិ-​សង្កាត់​កើតហេតុ​ខាង​លើ​។ រីឯ​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ ក្ដុល អាង អាយុ​ ៥៤ ​ឆ្នាំ​។

លោក​ប្រាប់​តាម​សម្តី​សាក្សី​នៅ​កន្លែង​កើតហេតុ​ថា​កាលពី​ថ្ងៃទី​ ៧ ​តុលា​នៅ​វេលា​ម៉ោង​ ២ ​រសៀល​ជនសង្ស័យ​បាន​នៅផ្ទះ​ជាមួយ​ម្តាយ​ដែល​ពេលនោះ​ស្ត្រី​រងគ្រោះ​កំពុង​ដេក​ក្នុង​អង្រឹង​។ ​លុះ​មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​ជនសង្ស័យ​បាន​យក​ចបកាប់​វាយ​សំពង​ទៅ​លើ​មុខ​ស្ត្រី​រងគ្រោះ បណ្តាល​ឲ្យ​បែក​មុខ​ស្លាប់​នៅ​កន្លែង​កើតហេតុ​។

លោក​បាន​បន្ត​ថា បន្ទាប់ពី​ធ្វើ​សកម្មភាព​ហើយ​ជនសង្ស័យ​មិនបាន​រត់គេច​ខ្លួន​ទេ ហើយ​ពលរដ្ឋ​ជិត​នោះ​ក៏បាន​រាយការណ៍​​ប្រាប់​នគរបាល​សង្កាត់​អូរ​កន្ធរ​ចុះ​ទៅ​ឃាត់ខ្លួន​តែម្តង​។ ​សមត្ថកិច្ច​ពិនិត្យ​សាកសព ឃើញ​មាន​បែក​ថ្ងាស​ដល់​ឆ្អឹង​លលាដ៍ក្បាល​ ១ ​កន្លែង​ និង​បែក​ត្រង់​ប្រជុំ​ចិញ្ចើម​ ១ ​កន្លែង​ធ្លាយ​ឆ្អឹង​លលាដ៍ក្បាល​ និង​បាក់ឆ្អឹង​កំភួនដៃ​ខាងឆ្វេង​។

ជុំវិញ​ហេតុការណ៍​នេះដែរ​លោក ញ៉ែម ឈុនលី អធិការ​នគរបាល​ក្រុង​ស្ទឹងសែន​បាន​​ប្រាប់​កាលពី​ម្សិលមិញ​ថា មូលហេតុ​ដែល​ជនសង្ស័យ​វាយសម្លាប់​ម្តាយ​ឯង​បែបនេះ​គឺ​ដោយសារ​ខឹង​នឹង​ស្ត្រី​រងគ្រោះ​​ស្តីបន្ទោស​រឿង​ដើរលេង​ច្រើន​មិន​ជួយ​ធ្វើការ​រកលុយ​មក​ជួយ​ផ្គត់ផ្គង់​ក្នុង​គ្រួសារ​៕