កំពង់ចាម៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខេត្ត​កំពង់ចាម​កំពុង​កសាង​សំណុំ​រឿង ដើម្បី​បញ្ជូន​ជន​សង្ស័យ​ជាង ១០ នាក់​ទៅ​តុលាការ បន្ទាប់​ពី​បាន​សហការ​ស្រាវជ្រាវ​បង្ក្រាប​បទល្មើស​គ្រឿង​ញៀន​រហូត​ឃាត់​ខ្លួន​បាន​ជនសង្ស័យ​ទាំង​នោះ​ជា​បន្តបន្ទាប់ នៅ​ថ្ងៃទី ២ ខែ​ឧសភា។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​នេះ។

កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កំពង់ចាម សហការ​មួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជើង​ព្រៃ បាន​បើក​កិច្ច​ប្រតិបត្តិការ​ចុះ​បង្ក្រាប​មុខ​សញ្ញា​រក្សា​ទុក​ជួញដួរ​ដោយ​ខុស​ច្បាប់​នូវ​សារធាតុញៀន (ជា​មុខ​សញ្ញា​មាន​ដីកា) ចំនួន ១ ករណី នៅ​ថ្ងៃទី ២ ខែ​ឧសភា។

លោក​ឧត្តមសេនីយ៏ត្រី ជីវ សេងរស់ ស្នងការ​រង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​កំពង់ចាម​បាន​ឲ្យ​ដឹង​ថា ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​បាន​ឃាត់​ខ្លួន​ជនសង្ស័យ ១ នាក់ ឈ្មោះ ផៃ សីហា ភេទ​ប្រុស អាយុ ៣៥ ឆ្នាំ​ ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ស្វាយជូ ឃុំ​ឫស្សីកែវ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ។

«កម្លាំង​ជំនាញ​បាន​ដក​ហូត​វត្ថុ​តាង​ម្សៅ​ក្រាម​ពណ៌ស​សង្ស័យ​ថ្នាំ​ញៀន​ចំនួន ២ កញ្ចប់​ធំ (ទម្ងន់ ២ ០៣៧.៧១ ក្រាម) គិត​ទាំង​សម្បក និង​ទូរស័ព្ទ​ចំនួន ២ គ្រឿង។ ជន​សង្ស័យ​ជា​មុខ​សញ្ញា​មាន​ដីកា​បង្គាប់​ឲ្យ​ចាប់​ខ្លួន​លេខ ២១៦ ចុះ​ថ្ងៃទី ០២ ខែ មីនា ឆ្នាំ ២០២១ ចេញ​ដោយ​លោក ធន់ ដារិទ្ធ ចៅក្រម​ស៊ើបសួរ​សាលា​ដំបូង​ខេត្ត​កំពង់ចាម»។

បើ​តាម​អគ្គស្នងការ​នគរបាល​ជាតិ​នៅ​ថ្ងៃ​ដដែល​នោះ សមត្ថកិច្ច​ជំនាញ​បាន​បន្ត​ធ្វើ​ការ​ស្រាវជ្រាវ រួម​ជាមួយ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ស្ទឹងត្រង់ និង​កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ខ្ពបតាងួន បាន​ធ្វើ​ការ​ឃាត់​ខ្លួន​ជនសង្ស័យ​បាន​ចំនួន ២ នាក់​ថែម​ទៀត។

ជន​សង្ស័យ​ឈ្មោះ វ៉ាន ភត្រា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ កសិករ ទីលំនៅ​ភូមិ​ជ្រោយអំពិល ឃុំ​ចំបក់ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ និង​ឈ្មោះ ឪក គីណាល ភេទ ប្រុស អាយុ ២៥ ឆ្នាំ មុខរបរ កម្មករ ជនជាតិ​ខ្មែរ ទីលំនៅ​ភូមិ​តាម៉ៅ ឃុំ​តាម៉ៅ ស្រុក​ព្រែកប្រសព្វ ខេត្ត​ក្រចេះ។ អ្នក​ទាំង ២ នាក់​នេះ​ជា​មុខ​សញ្ញា​ជួញដូរ ដែល​មក​ទិញ​ថ្នាំ​ញៀន​ពី​ឈ្មោះ ផៃ សីហា យក​ទៅ​លក់​បន្ត។

«ក្រោយ​មក​នៅ​ពេល​មុខ​សញ្ញា​ប្រើ​ប្រាស់​ថ្នាំញៀន​បាន​ទូរស័ព្ទ​មក​ឈ្មោះ ផៃ សីហា រក​ទិញ​ថ្នាំ​ញៀន សមត្ថកិច្ច​ក៏​បាន​ឃាត់​ខ្លួន​ចំនួន ១៣ នាក់​បន្ថែម​ទៀត ដក​ហូត​វត្ថុតាង​មាន​ទូរស័ព្ទ​ដែល​ជន​សង្ស័យ​ធ្វើ​ការ​ទំនាក់ទំនង​ទិញ​ថ្នាំ​ញៀន​បាន​ចំនួន ១២ គ្រឿង»៕