កំពតៈ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពតបានសម្រេចឲ្យសមត្ថកិច្ចបញ្ជូនជនសង្ស័យចំនួន ២ នាក់ដែលជាមេខ្យល់នាំមនុស្សឆ្លងដែនខុសច្បាប់ ពីប្រទេសវៀតណាម ទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារ ខណៈជនជាតិវៀតណាម ៤ នាក់ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសរបស់ពួកគេវិញ។
កាលពីថ្ងៃទី ១៤ មីនា កម្លាំងសមត្ថកិច្ចខេត្តតាកែវបានឃាត់ខ្លួនមេខ្យល់ម្នាក់ ជាមួយនឹងជនជាតិវៀតណាមចំនួន ៤ នាក់ ខណៈមេខ្យល់ម្នាក់ទៀតដែលជាប់ពាក់ព័ន្ធនឹងករណីនេះ ត្រូវបានឃាត់ខ្លួននៅស្រុកកំពង់ត្រាច បន្ទាប់ពីពួកគេបាននាំជនជាតិវៀតណាមចូលកម្ពុជាខុសច្បាប់តាមទូកនៅចំណុចព្រំដែនច្រកតន់ហន់។
មេខ្យល់នាំមនុស្សឆ្លងដែនពីប្រទេសវៀតណាម ចូលមកកម្ពុជានេះមានឈ្មោះ ជា សុវណ្ណារី ភេទប្រុស អាយុ ៣០ ឆ្នាំ ហៅ ចិន ជនជាតិខ្មែរ មុខរបររត់ឡានតាក់ស៊ីដឹកភ្ញៀវទៅកាស៊ីណូព្រែកចាកមានលំនៅភូមិក្រសាំង ឃុំឈូក ស្រុកឈូក និងឈ្មោះ នាង ខេង ភេទស្រី អាយុ ៥៨ ឆ្នាំ ហៅ បីហ៊ាន់ មុខរបរដឹកបារីទៅលក់នៅប្រទេសវៀតណាម មានលំនៅភូមិ ព្រែកក្រឹស ឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច។ នេះបើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្ដកំពត។
លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថា បន្ទាប់ពីឃាត់ខ្លួនបាន ព្រះរាជអាជ្ញា បានចេញដីកាឃុំខ្លួនបណ្តោះអាសន្ន ហើយសមត្ថកិច្ចខេត្តក៏បញ្ជូនសំណុំរឿងនេះទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់បន្ត ខណៈជនសង្ស័យទាំង ២ នាក់ត្រូវបានបញ្ចូនទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពត។
លោកបន្ថែមថា ចំពោះជនជាតិវៀតណាមដែលត្រូវបាននាំឆ្លងដែនខុសច្បាប់ ក៏បានបញ្ចូនទៅប្រទេសវៀតណាមវិញភ្លាមៗកាលពីថ្ងៃទី ១៤ មីនាផងដែរ។
លោកបានបញ្ជាក់ថា៖ «យើងចោទប្រកាន់គាត់ពីបទជួញដូរមនុស្សខុសច្បាប់ ដោយសារតែគាត់បាននាំពលករវៀតណាមឆ្លងដែនខុសច្បាប់។ យើងបានសួរនាំគាត់ កន្លងមកគាត់បាននាំមនុស្សខុសច្បាប់ ៣ ទៅ ៤ ដងហើយដោយជនជាតិវៀតណាមដែលឆ្លងដែនខុសច្បាប់ទាំងនេះគឺពួកគេមានគោលបំណងមកធ្វើជាជាងសំណង់នៅកម្ពុជាយើង»។
បើតាមលោក ម៉ៅ ច័ន្ទមធុរិទ្ធ ក្រៅពីមានចំណាត់ការលើជនសង្ស័យទាំងនេះ សមត្ថកិច្ចខេត្តក៏កំពុងសហការជាមួយអាជ្ញាធរវៀតណាម ដើម្បីតាមចាប់ខ្លួន មេខ្យល់ និងបក្ខពួកដែលកំពុងសំងំលាក់ខ្លួននៅប្រទេសវៀតណាមផងដែរ។
លោកបានបញ្ជាក់ថា៖ «ខាងកម្ពុជាយើង គឺយើងបានទប់ស្កាត់បានហើយ ចំណែកខាងវៀតណាមគឺយើងបានទំនាក់ទំនងជាមួយវៀតណាម ដើម្បីច្បាមមុខសញ្ញាដែលនៅខាងភាគីវៀតណាមនេះបន្ថែមទៀត។ ជាធម្មតា គឺពួកមេខ្យល់នេះគឺមានទំនាក់ទំនងគ្នាទៅវិញទៅមកបានគាត់អាចនាំមនុស្សខុសច្បាប់ឆ្លងដែនបាន បើអត់មានបណ្តាញនៅតាមព្រំដែនទាំង ២ ទេ គឺពួកគាត់មិនអាចធ្វើបានទេ»។
លោក យន់ ផល្លី អ្នកសម្របសម្រួលសមាគមការពារសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកំពត និងកែបបានថ្លែងកាលពីម្សិលមិញថា នៅក្នុងស្ថានភាពដែលកំពុងតែមានការរីករាលដាលនៃជំងឺកូវីដ ១៩ ហើយនៅតាមបណ្តាព្រំដែននៃប្រទេសទាំងសងខាងគឺត្រូវបានបិទ ហើយបើក្រុមមេខ្យល់ទាំងនេះនៅតែបន្តនាំមនុស្សខុសច្បាប់ឆ្លងដែនបែបនេះទៀតគឺវាមានហានិភ័យខ្លាំងដែលសមត្ថកិច្ចត្រូវតែចាត់វិធានការឲ្យបានម៉ឺងម៉ាត់។
លោក យន់ ផល្លី សង្ឃឹមថា សមត្ថកិច្ចនឹងបន្តចាត់វិធានការបន្ថែមទៀតចំពោះបញ្ហានេះ ជាពិសេសនៅតាមច្រកព្រំដែនដែលគ្មានការយាមកាមត្រឹមត្រូវ។
លោកបញ្ជាក់ថា៖ «នេះគឺជាការឆកល្វែងមួយដែរ ដែលនៅតែមានការនាំមនុស្សឆ្លងដែនខុសច្បាប់។ ជួនកាលនេះ គឺជាការគេចចន្លោះពីកម្លាំងសមត្ថកិច្ច ហើយការនាំចាកចេញ ឬនាំពីប្រទេសមួយទៅប្រទេសមួយគេចពីសមត្ថកិច្ច នៅតាមច្រកព្រំដែនណាមួយ គឺច្រើនតែធ្វើឡើងនៅតាមច្រកដែលគ្មានសមត្ថកិច្ចដាក់នៅតាមគោលដៅ ហើយជនខិលខូចនេះឆ្លៀតឱកាសក្នុងការនាំមនុស្សឆ្លងដែន»៕