
កាំភ្លើង AK47 ដែលជនសង្ស័យប្រើបាញ់តដៃជាមួយសមត្ថកិច្ច។ រូបថត នគរបាល
កណ្តាលៈ ជនសង្ស័យពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនម្នាក់ដែលបានប្រើកាំភ្លើងបាញ់តដៃជាមួយសមត្ថកិច្ច ហើយសមត្ថកិច្ចបានបាញ់ការពារខ្លួនបណ្តាលឱ្យរងរបួសកាលពីវេលាម៉ោងជិត ២ ទៀបភ្លឺឈានចូលថ្ងៃទី ១១ ខែវិច្ឆិកា នៅពេលនេះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជម្នះក្នុងក្រុងតាខ្មៅ។ ជននេះនឹងត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការនៅពេលដែលស្ថានភាពមុខរបួសបានធូរស្រាល។
លោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្ដាលប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនសង្ស័យដែលកំពុងសម្រាកព្យាបាលជើងដែលត្រូវសមត្ថកិច្ចបាញ់ត្រូវជើងគឺបានធូរស្រាលហើយ។ ជននេះត្រូវបានយាមកាមយ៉ាងតឹងរ៉ឹងពីសមត្ថកិច្ចហើយនៅពេលមុខរបួសធូរស្រាល សមត្ថកិច្ចនឹងកសាងសំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនិតិវិធីច្បាប់។
លោកបន្តថា ក្នុងប្រតិបត្តិការកាលពីថ្ងៃទី ១០ ខែវិច្ឆិកាសមត្ថកិច្ចបានប្រើកម្លាំងប្រមាណជិត ១០០ នាក់ ដើម្បីបើកប្រតិបត្តិការចុះបង្ក្រាប មេខ្លោងចែកចាយគ្រឿងញៀនឈ្មោះ លាន ទិត្យ អាយុ ២៧ ឆ្នាំ និងប្រពន្ធ ឈ្មោះ ឆេង តុងលី អាយុ ២៥ ឆ្នាំ មានកូនស្រីតូចៗចំនួន ២ នាក់រស់នៅភូមិថ្កុល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។ ជនសង្ស័យប្រដាប់ដោយអាវុធវែង AK47 ជាប់នឹងដៃ ហើយបានគំរាមប្រពន្ធ និងកូនមិនឱ្យចេញពីផ្ទះ បើសិនជាហ៊ានចេញជនសង្ស័យនឹងបាញ់សម្លាប់។
បើតាមលោក សុចិត្រ ដែលជាអ្នកដឹកនាំកម្លាំងចុះបង្ក្រាបផ្ទាល់ក្នុងការចុះបង្ក្រាបដែលបានចាប់ផ្តើមតាំងពីម៉ោង ២ រសៀលថ្ងៃទី ១០ ខែវិច្ឆិកា រហូតដល់ម៉ោងជិត ២ ទៀបភ្លឺឈានចូលថ្ងៃទី ១១ ខែវិច្ឆិកាទើបឃាត់ខ្លួនជនល្មើសបាន។ លោកថា ជនសង្ស័យប្រើប្រាស់អាវុធដោយបាញ់អស់ជាង ២០ គ្រាប់ តដៃជាមួយសមត្ថកិច្ច ខណៈខាងសមត្ថកិច្ចក៏បានបាញ់តបតវិញ អស់ជាច្រើនគ្រាប់ និងត្រូវចំជើងស្តាំរហូតឈានដល់ការចាប់ខ្លួនបាន។
លោកបន្តថា៖ «បន្ទាប់ពីឃាត់ខ្លួនបាន ជនល្មើសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកជ័យជម្នះក្នុងក្រុងតាខ្មៅដោយមានការយាមកាមពីក្រុមសមត្ថកិច្ចហើយបន្ទាប់ពីព្យាបាលជាសះស្បើយ យើងនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីផ្តន្ទាទោសតាមច្បាប់»។
លោកថា៖ «យើងព្យាយាមមិនបាញ់តបតទៅជនល្មើស ប៉ុន្តែក្នុងស្ថានភាពការពារខ្លួនក៏បានបាញ់តបតទៅវិញ ទើបធ្វើឱ្យត្រូវជនល្មើសចំជើងខាងឆ្វេង» ។
លោក ពុយ ទ្រី នាយប៉ុស្តិ៍នគរបាលឃុំត្រើយស្លាបានឱ្យដឹងថា នៅក្នុងប្រតិបត្តិការនេះសមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យនៅពេលដែលជននេះត្រូវរងរបួសជើងហូរឈាមមានសភាពស្លេកស្លាំង និងអស់កម្លាំងជាខ្លាំង។ លោកបន្តថា៖ «នៅក្នុងស្ថានភាពបែបនេះ ម្តាយជនសង្ស័យក៏បានអង្វរលួងលោមជនសង្ស័យ ទម្រាំតែដកកាំភ្លើងពីជនសង្ស័យជូនសមត្ថកិច្ចបាន»។
បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានរឹបអូសវត្ថុតាងរួមមាន អាវុធ AK.47 កាត់ស្វាយលេខ ZG12729 ផលិតនៅប្រទេស រុស្សី ឆ្នាំ 1971 គ្រាប់ ១៥ គ្រាប់ សម្បកគ្រាប់រកឃើញ ១១ គ្រាប់ ក្បាលគ្រាប់ ៥ គ្រាប់ និងបង់ ១៕