ភ្នំពេញៈ មន្ត្រី​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​គ្រោង​បញ្ជូន​សំណុំរឿង​ជនសង្ស័យ​ចំនួន​ ៥១ ​នាក់​ ក្នុងនោះ​មាន​ស្រី​ ៥ ​នាក់​ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃនេះ​ ខណៈ​សមត្ថកិច្ច​ក៏​កំពុង​សាកសួរ​ពួកគេ​ជុំវិញ​ការជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន បន្ទាប់ពី​សមត្ថកិច្ច​ចុះបង្ក្រាប​ជា​បន្តបន្ទាប់​កាលពី​ថ្ងៃទី​ ៤ ខែ​មីនា​ នៅក្នុង​ខណ្ឌទួលគោក និង​ខណ្ឌដូនពេញ​។

លោក ស ថេត អគ្គស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ថ្លែង​ពី​ម្សិលមិញ​ថា សមត្ថកិច្ច​ជំនាញ​បាននិង​កំពុង​ធ្វើការ​សាកសួរ​ជនសង្ស័យ​ទាំង​ ៥១ ​នាក់​នេះ ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​នៅឡើយ​។ លោក​បញ្ជាក់ថា មន្ត្រី​ជំនាញ​គ្រោង​នឹង​បញ្ជូន​ពួកគេ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​ ៦ ខែ​មីនា នេះ​។

លោក​បញ្ជាក់ថា​៖ «​ក្រោយពី​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​គាត់​ជា​បន្ត​បន្ទាប់មក​គឺ​យើង​កំពុង​សាកសួរ ដើម្បី​រក​អ្នកណា​អ្នកប្រើប្រាស់​អ្នកណា​អ្នកជួញដូរ អ្នកណា​អ្នកពាក់ព័ន្ធ​។ អ៊ីចឹង​យើង​សួរ​មិនទាន់​ចប់​ទេ ហើយ​ធ្វើ​ទៅតាម​នីតិវិធី​ច្បាប់​។ នៅពេល​យើង​សាកសួរ​សព្វគ្រប់​ហើយ យើង​នឹង​បញ្ជូន​ទៅ​តុលាការ​ហើយ​។ ព្រោះ​យើង​សួរ​ជិត​ចប់​ដែរ​ហើយ​»​។

លោក​ ហួត ចាន់យ៉ារ៉ាន់ ស្នងការរង​ទទួល​ផែន​ការងារ​ប្រឆាំង​គ្រឿងញៀន ត្រូវ​បាន​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ដកស្រង់​សម្តី​ថា ការបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​គ្រឿងញៀន​នេះ​កម្លាំង​នគរបាល​ធ្វើឡើង​ក្រោយពី​ទទួល​ព័ត៌មាន​ប្តឹង​រាយការណ៍​ពី​ពលរដ្ឋ​នូវ​សកម្មភាព​ប្រព្រឹត្ត​បទល្មើស​គ្រឿងញៀន​ជាក់ស្តែង​។

លោក​បន្តថា សមត្ថកិច្ច​បាន​ចុះទៅ​ឃាត់ខ្លួន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ ៩ ​នាក់​ (​ស្រី​ ៣ ​នាក់​) ​និង​ដកហូត​វត្ថុតាង​ ៨ ​កញ្ចប់​តូច​ និង​ម៉ូតូ​ ២ ​គ្រឿង​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​។ បន្ទាប់​ពីនេះ​កម្លាំង​បន្ត​ចុះ​ត្រួតពិនិត្យ​នៅ​តាម​បណ្តោយ​ផ្លូវ​រថភ្លើង សង្កាត់​ទឹកល្អក់​ ១ ខណ្ឌទួលគោក ហើយ​ក៏​ឃាត់ខ្លួន​ជនសង្ស័យ​ប្រើប្រាស់​គ្រឿងញៀន​ថែមទៀត​។

លោក​ថ្លែងថា​៖ «​ពួកគាត់​ចូលមក​ទិញ​ថ្នាំញៀន​ពី​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​។ អ៊ីចឹង​យើង​ចាប់​បាន​ចំនួន​សរុប​ ៤២ ​នាក់ ស្រី​ ២ ​នាក់​បន្ថែមទៀត​។ ចំណែក​វត្ថុតាង​ត្រូវ​បាន​ដកហូត​ក្រាម​ពណ៌​សថ្លា​សង្ស័យ​ជា​គ្រឿងញៀន​ចំនួន​ ២ ​កញ្ចប់​តូច ម៉ូតូ​ ១៥ ​គ្រឿង​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​»​។

លោក​បន្ថែមថា ដូច្នេះ​សមត្ថកិច្ច​បាន​ចុះបង្ក្រាប​នៅ​ ២ ​ទីតាំង​ផ្សេងគ្នា ប៉ុន្ដែ​ក្នុង​ថ្ងៃ​តែមួយ​ដោយ​ឃាត់​ខ្លូន​ជនសង្ស័យ​សរុប​ ៥១ ​នាក់​មាន​ស្រី​ ៥ ​នាក់​ដកហូត​វត្ថុតាង​ដូចជា ថ្នាំញៀន​ ១០ ​កញ្ចប់​តូច ម៉ូតូ​ ១៧ ​គ្រឿង ឧបករណ៍​ជក់​ចំនួន​ ៥ ​និង​ដែកកេះ ៤ ​ដើម​។ បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ត្រូវ​បាន​ឃាត់ខ្លួន និង​សាកសួរ ដើម្បី​បន្ដ​អនុវត្ត​តាម​នីតិវិធី​។

តាម​របាយការណ៍​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថ្ងៃទី​ ៥ មីនា ក៏បាន​បង្ហាញ​តួលេខ​នៃ​ការបង្ក្រាប​បាន​ជនសង្ស័យ​ និង​វត្ថុតាង​ក្នុង​ករណី​គ្រឿងញៀន​នេះ​ស្រប​ទៅ​នឹង​ការអះអាង​របស់​មន្ត្រីនគរបាល​ខាងលើ​នេះដែរ​។

ប្រតិបត្តិការ​បង្ក្រាប​នេះ​ក៏ត្រូវ​បាន​សម្របសម្រួល​នីតិវិធី​ពី​លោក​ រៀល សុភិន ព្រះរាជអាជ្ញារង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​អនុញ្ញាត​ឲ្យ​ចុះបង្ក្រាប​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់​នៅ​ចំណុច​សំណង់​មិន​រៀបរយ​តាមផ្លូវ​រថភ្លើង​ភូមិ​ ១៦ សង្កាត់​ទឹកល្អក់​ ១ ខណ្ឌ​ទួលគោក រាជធានី​ភ្នំពេញ និង​នៅ​ចំណុច​តាម​បណ្តោយ​ផ្លូវ​រថភ្លើង​ក្នុង​សង្កាត់​ស្រះចក ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​៕