ក្រចេះ: សមត្ថកិច្ចនគរបាលខេត្តក្រចេះកាលពីម្សិលមិញបានបញ្ជូនបុរសម្នាក់ទៅសាលាដំបូងខេត្ត បន្ទាប់ពីចាប់ខ្លួន ១ ថ្ងៃ ក្រោយប្លន់សម្លាប់ស្ត្រីម្នាក់ប្រព្រឹត្តនៅភូមិរកាធំ ឃុំជ្រោយបន្ទាយ ស្រុកព្រែកប្រសព្វកាលពីរសៀលថ្ងៃទី ១២ ខែធ្នូ។
លោក ហួត លឹមហ៊ាង នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាល ខេត្តក្រចេះ ប្រាប់ពីម្សិលមិញថា ជនសង្ស័យឈ្មោះ យ៉ង ណាក់ អាយុ ៣២ ឆ្នាំ ដែលបានសម្លាប់ស្ត្រីរងគ្រោះឈ្មោះ ឈុំ ណៃស៊ីម អាយុ ៣៩ ឆ្នាំ រស់នៅភូមិ-ឃុំ កើតហេតុខាងលើត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តក្រចេះហើយ។ ជនសង្ស័យពិតជាបានប្លន់សម្លាប់ស្ត្រីរងគ្រោះយកលុយ និងទ្រព្យសម្បត្តិមែនព្រោះក្រោយសម្លាប់ស្ត្រីរងគ្រោះរួចគេបានគេចខ្លួនបាត់។
លោកថា៖ «ជនសង្ស័យនឹងត្រូវតុលាការចោទប្រកាន់ពាក់ព័ន្ធនឹងអំពើឃាតកម្មនេះ ព្រោះគាត់បានប្រព្រឹត្តបទល្មើសជាក់ស្តែង ហើយអំពើនេះជាប់ពាក់ព័ន្ធនឹងឃាតកម្មគិតទុកជាមុន»។
ជុំវិញករណីនេះដែរលោក ច័ន្ទ សុផល្លា អធិការនគរបាលស្រុកព្រែកប្រសព្វប្រាប់ថា ស្ត្រីរងគ្រោះមានប្តីជាអ្នកធ្វើចម្ការ និងមានកូនស្រីម្នាក់អាយុ ៦ ឆ្នាំរស់នៅក្នុងភូមិ-ឃុំ កើតហេតុខាងលើ។ បើតាមចម្លើយរបស់ក្រុមគ្រួសារថា នៅរសៀលថ្ងៃទី ១២ ធ្នូ ស្ត្រីរងគ្រោះបានដឹកគោទៅក្រោយផ្ទះ ហើយបានបាត់ដំណឹង ប៉ុន្តែមិនមានអ្នកចាប់អារម្មណ៍ថាគាត់ត្រូវគេសម្លាប់ទេ។
លោកបន្តថាលុះនៅយប់ថ្ងៃដដែល បន្ទាប់ពីមិនឃើញប្រពន្ធវិលមកផ្ទះ ប្តីស្ត្រីរងគ្រោះ និងអ្នកភូមិនាំគ្នាដើររកតែរកមិនឃើញ។ លុះព្រឹកឡើងថ្ងៃទី ១៣ ធ្នូ ទើបគេប្រទះឃើញគាត់ដេកស្លាប់នៅចម្ងាយប្រហែល ១៥០ ម៉ែត្រពីផ្ទះរបស់ខ្លួន (ស្ត្រីរងគ្រោះ)។
បើតាមលោក ច័ន្ទ សុផល្លា ទ្រព្យសម្បត្តិដែលសមត្ថកិច្ចឃើញនៅខ្លួនជនសង្ស័យមានលុយខ្មែរ ៥៦ ម៉ឺនរៀល និងក្រវិលប្លាទីន ១ គូ។ ស្ត្រីរងគ្រោះត្រូវជនសង្ស័យវាយឲ្យបាក់ធ្មេញមុខអស់ ៣។រីឯថ្គាមសងខាងមានស្នាមវាយជាំ និងមានដាច់ទងស្លឹកត្រចៀកខាងឆ្វេង និងមានស្នាមជាំនៅទ្រូងផងដែរ។
លោកបានបញ្ជាក់ថា ផ្អែកតាមស្លាកស្នាមលើខ្លួនស្ត្រីរងគ្រោះសមត្ថកិច្ចជំនាញព្រហ្មទណ្ឌបានកំណត់តម្រុយមុខសញ្ញា និងបានដាក់កម្លាំងតាមចាប់ជនសង្ស័យបាននៅផ្ទះរបស់គេតែម្ដងដែលមានចម្ងាយពីផ្ទះរបស់ស្ត្រីរងគ្រោះប្រហែលជិត ១ គីឡូម៉ែត្រ។
លោកបានប្រាប់តាមសម្តីជនសង្ស័យថា នៅមុនពេលកើតហេតុ រូបគេបានឃើញស្ត្រីរងគ្រោះដឹកគោដើរកាត់ព្រៃម្នាក់ឯង ហើយពេលឃើញស្ពាយកាបូបលុយ ១ ផង ក៏មានគំនិតប្លន់សម្លាប់យកលុយ និងក្រវិលតែម្តងទៅ។ ចំណែកឯលុយដែលប្តីស្ត្រីរងគ្រោះថាមាន ៦០ ម៉ឺនរៀលនោះ គឺសមត្ថកិច្ចដកហូតបានលុយពីជនសង្ស័យតែ ៥៦ ម៉ឺនរៀល និងក្រវិលប្លាទីន ១ គូប៉ុណ្ណោះ៕