បាត់ដំបង៖ មន្ត្រី​នគរបាល​ខេត្ត​បាត់ដំបង ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ​ជន​សង្ស័យ​ក្នុង​អំពើ​ឃាតកម្ម​រំលោភ​សម្លាប់​ស្ត្រី​វ័យ ​៣៧ ឆ្នាំ​ម្នាក់​កាល​ពី​ថ្ងៃទី ៣០ ​ខែធ្នូ ​នោះ ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចាប់​ឃាត់​ខ្លួន​បាន​ហើយ​ ដោយ​​ឃាតករ ​គឺ​ជា​ប្អូន​ថ្លៃ​ប្រុស​របស់​ស្ត្រី​រងគ្រោះ។

លោក ​ជេត វណ្ណនី ​ស្នងការ​រង​ខេត្ត​បាត់ដំបង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​បាន​និយាយ​ថា​ កាល​ពី​ព្រឹក​ថ្ងៃទី ៣០ ធ្នូ មាន​អ្នក​ភូមិ​ជា​ច្រើន​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​ឈ្មោះ ​ហង្ស ហ៊ន ​អាយុ ​៣៧ ឆ្នាំ ​នៅ​ចំណុច​វាល​ស្រែ​ក្នុង​ភូមិ​ចំការ​សំរោង ​២ ​សង្កាត់​ចំការ​សំរោង​ ក្រុង​បាត់ដំបង​ ក្នុង​សភាព​អាក្រាត​កាយ។ ដោយ​សង្ស័យ​ជា​ករណី​ឃាតកម្ម ​កម្លាំង​នគរបាល​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង​បាន​បើក​ការ​ស៊ើប​អង្កេត​ភ្លាមៗ ​ដើម្បី​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​​ជា​ឃាតករ។

លោក ​វណ្ណនី​ បាន​បន្ត​ថា​ ដោយ​មាន​កិច្ច​សហការ​ចូលរួម​ពី​កម្លាំង​នគរបាល​ជំនាញ​ក្រុង​បាត់ដំបង ​និង​ស្រុក​សង្កែ ​និង​មាន​ការ​សម្របសម្រួល​នីតិវិធី​ផ្នែក​ច្បាប់​ពី​ព្រះរាជអាជ្ញា​អម​សាលា​ដំបូង​ខេត្ត​បាត់ដំបង​នៅ​ល្ងាច​ថ្ងៃទី ៣១ ​ខែធ្នូ ​មន្ត្រី​នគរបាល​ជំនាញ​បាន​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ​ម្នាក់ ​ឈ្មោះ ​ស៊ន ដាមូ ​អាយុ ​៣៣ ឆ្នាំ ​មាន​ទីលំនៅ​ភូមិ-ឃុំរកា ​ស្រុក​សង្កែ​ ខេត្ត​បាត់ដំបង។

លោក​បាន​បញ្ជាក់​ថា​៖ «ជន​សង្ស័យ​ជា​ប្អូន​ថ្លៃ​ប្រុស​របស់​ស្ត្រី​រងគ្រោះ។ តាម​ចម្លើយ​សារភាព​របស់​ជនសង្ស័យ​នៅ​មុន​កើត​ហេតុ ​ពួក​គេ​ទាំង ២​ [ជន​សង្ស័យ​ និង​ជន​រង​គ្រោះ] ​បាន​ទាក់ទង​ស្នេហា​លួច​លាក់​នឹង​គ្នា។ ដោយ​ភ័យ​ខ្លាច​ប្រពន្ធ​ដឹង​រឿង​អាស្រូវ​នេះ ​និង​ដោយ​មាន​គំនិត​ចង់​បាន​ទ្រព្យ​សម្បត្តិ​ពី​ស្ត្រី​រងគ្រោះ​ ដែល​ជា​បង​ថ្លៃ​ស្រី​របស់​ខ្លួន​ផង​នោះ ​ជន​សង្ស័យ​ក៏​រៀបចំ​គម្រោង​សម្លាប់​​ស្ត្រី​រង​គ្រោះ​ចោល»។

លោក​បាន​បន្ថែម​ថា​៖ «នៅ​ថ្ងៃ​កើត​ហេតុ ​[ព្រលប់​ថ្ងៃ​អាទិត្យ]​ ​ជន​សង្ស័យ​បាន​ល្បួង​ស្ត្រី​រងគ្រោះ​ជា​បង​ថ្លៃ​ទៅ​ផ្សារ​ភូពុយ​ ដើម្បី​ទិញ​បង្អែម​ហូប។ ប៉ុន្តែ​ពេល​ឌុប​ស្ត្រី​រងគ្រោះ​ដល់​ផ្សារ​ភូពុយ ​ជន​សង្ស័យ​បាន​បើក​បង្ហួស​ទៅ​កាន់​វាល​ស្រែ​មួយ ​ដែល​នៅ​ពី​ក្រោយ​ផ្សារ​នោះ ​ហើយ​ចាប់​ផ្ដើម​ធ្វើ​សកម្មភាព​ឱប​ថើប​ និង​ចាប់​បង្ខំ​រំលោភ​លើ​រាង​កាយ​ស្ត្រី​រងគ្រោះ​រហូត​បាន​សម្រេច​ បន្ទាប់​មក​ក៏​បាន​សម្លាប់​ស្ត្រី​រងគ្រោះ ​ដោយ​ប្រើ​ខ្សែ​អង្រឹង​ចង​រឹត​បំពង់​ក​របស់​នាង»។ ​

មន្ត្រី​រូប​នោះ​និយាយ​ទៀត​ថា ​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​មាន​ភាព​ស៊ី​ចង្វាក់​ទៅ​នឹង​ស្ថានភាព​ជាក់​ស្ដែង​នៃ​សព​ជន​រងគ្រោះ​រួម​ទាំង​វត្ថុតាង ​ដែល​សមត្ថកិច្ច​ជំនាញ​បាន​ពិនិត្យ ​និង​រក​ឃើញ​នៅ​នឹង​កន្លែង​កើត​ហេតុ​កាល​ពី​ព្រឹក​ថ្ងៃ​ចន្ទ ​គឺ​សព​ជន​រងគ្រោះ​មាន​សភាព​អាក្រាត​កាយ។ នៅ​ក្បែរ​សព​ជន​រងគ្រោះ​ មាន​ខោ​ស្លីប​ពណ៌​ត្រួយ​ចេក ​១ ​ដាក់​នៅ​លើ​ស្បែក​ជើង​កែង​ចោត ​១ គូ​ និង​មាន​ខ្សែ​អង្រឹង ​១ ខ្សែ​ផង​ដែរ ​ដែល​បង្ហាញ​ថា​ ជន​រងគ្រោះ​ត្រូវ​បាន​គេ​ចាប់​បង្ខំ​លើ​រាង​កាយ​ដើម្បី​រំលោភ​សេពសន្ទវៈ​រួច​សម្លាប់។

លោក ​ជេត​ វណ្ណី បាន​បន្ត​ថា ​យោង​តាម​ចម្លើយ​សារភាព​នេះ​ ជន​សង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​សម្រេច​កសាង​សំណុំ​រឿង​ចោទ​ប្រកាន់​ពី​បទ «ឃាតកម្ម​គិត​ទុក​ជា​មុន» ​និង​គ្រោង​បញ្ជូន​ជនសង្ស័យ​​ទៅ​កាន់​តុលាការ​ខេត្ត​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​នេះ​ ដើម្បី​មាន​ចំណាត់​ការ​បន្ត​តាម​នីតិវិធី​ច្បាប់៕