កំពង់ស្ពឺៈ នគរបាលប្រឆាំងការជួញដូរមនុស្សខេត្តកំពង់ស្ពឺ បានបញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តនៅថ្ងៃទី ២០ ឧសភានេះ បន្ទាប់ពីចាប់ខ្លួនបាន ១ ថ្ងៃ ពាក់ព័ន្ធករណីចាប់ប្អូនថ្លៃស្រីអាយុ ១៣ ឆ្នាំ រំលោភសេពសន្ថវៈនៅឃុំខ្ទុំក្រាំង ស្រុកសំរោងទង។
លោកស្រី ងិន សុគន្ធា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនខេត្តកំពង់ស្ពឺប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២០ ឧសភាថា ជនសង្ស័យឈ្មោះ សេង សុខណាង អាយុ២៥ ឆ្នាំ រីឯក្មេងស្រីរងគ្រោះឈ្មោះ ភ.ម អាយុ ១៣ ឆ្នាំ ជាប្អូនថ្លៃរបស់ជនសង្ស័យ។
ចំពោះជនសង្ស័យត្រូវបានមន្ត្រីជំនាញផ្នែកខាងជួញដូរមនុស្ស បញ្ជូនទៅតុលាការខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី ២០ ឧសភា។
លោកស្រីឱ្យដឹងថា៖ «រឿងនេះយើងបានធ្វើការងារយ៉ាងយកចិត្តទុកដាក់ ហើយយើងបានប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយពាក់ព័ន្ធអង្គហេតុនេះ។ ផ្អែកតាមចម្លើយរបស់ក្មេងរងគ្រោះ និងចម្លើយជនសង្ស័យបង្ហាញថា ករណីនេះពិតជាកើតលើក្មេងរងគ្រោះប្រាកដមែន»។
បើតាមលោកស្រី សុគន្ធា នៅដំណាក់កាលសាកសួរនៅការិយាល័យប្រឆាំងការជួញដូរមនុស្ស ជនសង្ស័យបានសារភាពថា មុនដំបូងជនសង្ស័យ មិនទាន់ហ៊ានចាប់ប្អូនថ្លៃរបស់ខ្លួនរំលោភទេ ដោយគ្រាន់តែស្ទាបអង្អែលរៀងរាល់យប់ នៅពេលក្មេងរងគ្រោះដេកលក់។
ប៉ុន្តែក្រោយៗមកទៀត នៅពេលថ្ងៃពេលប្រពន្ធរបស់គាត់ទៅធ្វើការនៅរោងចក្រកាត់ដេរ និងសមាជិកក្នុងគ្រួសារមិននៅផ្ទះ គឺគាត់ចាប់ប្អូនថ្លៃស្រីរំលោភ។
លោកស្រីបញ្ជាក់ថា៖ «ក្នុងពេលសួរចម្លើយនោះ ជនសង្ស័យឆ្លើយមិនចាំចំនួនដែលគាត់រំលោភប្អូនស្រីថ្លៃគាត់ទេតែគាត់ប្រាប់ថា បានសម្រេចច្រើនលើកក្នុងឆ្នាំ ២០២១ នេះ»។
បើតាមលោក ពិន សាវឿន នាយនគរបាលប៉ុស្តិ៍ខ្ទុំក្រាំងបានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ កាលពីថ្ងៃទី ១៩ ឧសភាថា ករណីនេះ គឺម្តាយក្មេងស្រីជាអ្នកប្តឹងមកសមត្ថកិច្ច ដោយសារថា ម្តាយក្មេងរងគ្រោះ បានទៅទាន់ជនសង្ស័យកំពុងធ្វើសកម្មភាពរំលោភកូនស្រីរបស់គាត់។
លោកបន្តតាមសម្តីម្តាយរបស់ក្មេងរងគ្រោះថា មុនកើតហេតុគាត់ម្តាយក្មេងរងគ្រោះ បានចេញទៅប្រកបការងារនៅក្រៅផ្ទះ ចំណែកឯកូនស្រីរបស់គាត់ (ប្រពន្ធជនល្មើស) បានចេញទៅធ្វើការនៅរោងចក្រកាត់ដេររហូតដល់ពេលល្ងាចទើបបានត្រឡប់មកផ្ទះវិញ។
ដូច្នេះចន្លោះពេលដែលអ្នកផ្ទះមិននៅនេះហើយ ទើបធ្វើឲ្យជនសង្ស័យ មានឱកាសធ្វើសកម្មភាពចាប់កូនស្រីរបស់គាត់រំលោភសេពសន្ថវៈបាន។ ប៉ុន្តែចៃដន្យគាត់មកផ្ទះទាន់ និងឃើញជាក់ស្តែង ទើបរត់មកប្តឹងសមត្ថកិច្ចតែម្តង ៕