ភ្នំពេញៈ នគរបាល​ខណ្ឌ​ពោធិ៍សែនជ័យ​កាលពី​ម្សិលមិញ​បាន​បញ្ជូន​បុរស​ម្នាក់ ដែល​សង្ស័យ​មាន​ជំងឺ​សរសៃប្រសាទ​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​រូបនេះ​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​ ២៩ សីហា ពាក់ព័ន្ធ​អារក​សម្លាប់​ម្តាយបង្កើត​របស់​ខ្លួន​ប្រព្រឹត្ត​នៅ​សង្កាត់​ចោមចៅ​ ២ ខណ្ឌ​ពោធិ៍សែនជ័យ​។

លោក ជា សុវណ្ណ អធិការរង​ខណ្ឌ​ពោធិ៍សែនជ័យ​ទទួល​បន្ទុក​ផែន​ព្រហ្មទណ្ឌ ឲ្យ​ដឹង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ​ អ៊ាម សំណាង អាយុ​ ៣២ ​ឆ្នាំ រីឯ​ស្ត្រី​រងគ្រោះ​ជា​ម្តាយ​ឈ្មោះ​ ហាក់សុខា អាយុ​ ៦៥ ឆ្នាំ ពួកគេ​ស្នាក់នៅ​បន្ទប់​ជួល ក្នុង​សង្កាត់-ខណ្ឌ​ខាងលើ​។ ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ខណ្ឌ​ពោធិ៍សែនជ័យ​បញ្ជូន​បន្ត​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ហើយ​នៅ​ថ្ងៃទី​ ៣០ សីហា​។

លោក​បន្តថា ជនសង្ស័យ​មាន​ចរិត​កាច​សាហាវ​ណាស់ ព្រោះ​បើ​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទៀត​ខ្លាចក្រែង​ជនសង្ស័យ​ម្នាក់នេះ​អាច​សម្លាប់ខ្លួន​ដោយ​ប្រការ​ណាមួយ​។ ប៉ុន្តែ​នគរបាល​បាន​សាកសួរ និង​ធ្វើ​របាយការណ៍​ពាក់ព័ន្ធ​នឹង​អំពើ​ឃាតកម្ម​នេះ​រួចហើយ ដើម្បី​បញ្ជូន​ទាំង​ជនសង្ស័យ និង​របាយការណ៍​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​។

លោក​ថ្លែងថា​៖ «​បើ​តាមមើល​អត្តចរិត​របស់​ជន​ម្នាក់នេះ​មាន​សភាព​កាចសាហាវ​ណាស់​»​។

លោក ជា សុវណ្ណ បន្តថា ទាំង​កូន​ដែល​ជា​ជនសង្ស័យ និង​ម្តាយ​រងគ្រោះ​បានរស់នៅ​ក្នុង​បន្ទប់​ជួល​តែមួយ​ជាមួយ​គ្នា​ហើយ​ការសម្លាប់​នេះ គ្មាន​នរណាម្នាក់​បានដឹង​ថា កើតឡើង​នៅ​អំឡុង​ម៉ោង​ប៉ុន្មាន​ទេ លុះ​ព្រឹក​ថ្ងៃទី​ ២៩ សីហា ទើប​មាន​ការភ្ញាក់ផ្អើល​ថា មាន​អំពើ​អារក​សម្លាប់​មនុស្ស​ដែល​ដឹង​ពី​អ្នក​រស់នៅ​បន្ទប់​ជួល​ជាប់​គ្នា​។ ភ្លាមៗ​ក្រោយ​ទទួល​បាន​សេចក្តី​រាយការណ៍ មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​បើក​ការស្រាវជ្រាវ​បន្ទាន់ ព្រោះ​ក្រោយពី​ប្រមូល​ព័ត៌មាន​បាន​ពី​កន្លែង​កើតហេតុ​មក សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ការសង្ស័យ​ថា​ករណីនេះ ជនសង្ស័យ​អាច​ជា​មនុស្ស​ស្គាល់គ្នា​ជាមួយ​ស្ត្រី​រងគ្រោះ​។

លោក​បន្តទៀតថា បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​មក​សមត្ថកិច្ច​ទទួល​បាន​សេចក្តី​រាយការណ៍​ថា គេ​ឃើញ​មាន​បុរស​ម្នាក់​បាន​ដើរ​គ្មាន​សម្លៀកបំពាក់​អាក្រាតកាយ​នៅ​ខាង​ក្រោយ​សាកលវិទ្យាល័យ IU នៅក្នុង​ទឹកដី​ខណ្ឌ​សែនសុខ​។ ពេលនោះ​សមត្ថកិច្ច​បាន​ទៅ​ដល់​កន្លែង​គោលដៅ ហើយ​បានឃើញ​ជនសង្ស័យ​បម្រុង​ចងក​សម្លាប់​ខ្លួន​ហើយ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​តែម្តង​។

លោក​បន្តថា ក្រោយពី​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​ប្រាប់​សមត្ថកិច្ច​ថា រូបគេ​បាន​យក​កាំបិត​ចិតបន្លែ​អារក​ម្តាយ ព្រោះ​បាន​ឃើញ​ម្តាយ​របស់​គេ​ត្រូវ​បាន​ខ្មោច​ចូល​។ លោក​បន្តថា ចំពោះ​ទិដ្ឋភាព​សាកសព​ស្ត្រី​រងគ្រោះ​វិញ គឺ​ផ្នែក​ក្បាល​ត្រូវ​បាន​ជនសង្ស័យ​អារក​ដាច់​ចេញ​ពី​ដងខ្លួន​ហើយ​បើ​តាម​សមត្ថកិច្ច​ឆែកឆេរ​នៅក្នុង​បន្ទប់​កើតហេតុ​នោះ ឃើញ​មាន​កាត​ធ្វើការងារ​ឲ្យ​ក្រុមហ៊ុន​ចំនួន​មួយ​សន្លឹក​របស់​ជនសង្ស័យ​។ ជាមួយ​គ្នា​នេះ​សមត្ថកិច្ច​ក៏​រកឃើញ​លិខិត​ចេញ​ពី​មន្ទីរពេទ្យ​មិត្តភាព ខ្មែរ​សូវៀត​ ១ ​ច្បាប់ ពាក់ព័ន្ធ​នឹង​ជំងឺ​សរសៃប្រសាទ​របស់​ជនសង្ស័យ​ផងដែរ​។

លោក​បាន​ថ្លែងថា​៖ «​រឿងនេះ​បើ​យើង​ថា ជនសង្ស័យ​វិកលចរិត​ក៏​មិន​ដឹងថា យ៉ាងម៉េច​ដែរ ព្រោះ​ជន​ម្នាក់​នេះ​មាន​លិខិត​ពេទ្យ​។ ប៉ុន្តែ​បើ​គាត់​វិកលចរិត​មែន ហេតុ​អី​បាន​ជា​ក្រុមហ៊ុន​ទទួល​គាត់​ឲ្យ​ធ្វើការ ហើយ​បាន​ប្រាក់ខែ​ក្នុង​ ១ ​ខែ​ ២០០ ​ដុល្លារ​។ កាត​ធ្វើការ​នោះ​សរសេរ​ពី​សុពលភាព​ផុតកំណត់​ឆ្នាំ​ ២០២១»​។

លោក​វេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ជា​វេជ្ជបណ្ឌិត​ជំនាញ​ផ្នែក​កោសល្យវិច័យ​សាកសព​នៃ​ក្រសួង​សុខាភិបាល​ដែល​បាន​ចូលរួម​ធ្វើ​កោសល្យវិច័យ​សាកសព​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា លោក​បាន​ពិនិត្យ​ឃើញ​ថា ស្ត្រី​រងគ្រោះ​មាន​ស្នាម​អារក​ដាច់​ពី​ដងខ្លួន​ហើយ​មាន​ស្នាម​ជាំ​នៅលើ​ថ្ងាស​ផង ដែល​លោក​អាច​សន្និដ្ឋាន​បាន​ថា មុន​សម្លាប់​ត្រូវ​ជនសង្ស័យ​វាយ​ឲ្យ​សន្លប់​ទើប​អារក​ជា​ក្រោយ​។

លោក​វេជ្ជបណ្ឌិត​បន្តថា ចំពោះ​លោក​មិន​ដឹងថា ជនសង្ស័យ​មាន​ជំងឺ​សរសៃ​ប្រសាទ ឬ​យ៉ាងណា​ទេ​តែបើ​យោងតាម​សម្តី​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ បញ្ជាក់ថា ជនសង្ស័យ​មាន​សតិ​មិន​គ្រប់​។ ប៉ុន្តែ​តាម​អ្នក​រស់នៅ​ក្បែរ​បន្ទប់​ជួល​នោះ​បាន​និយាយថា មុន​កើតហេតុ​ ១ ​ថ្ងៃ គេ​បាន​ឃើញ​ជនសង្ស័យ​ដើរ​ស្រាត​ហើយ​ម្តាយ​ជា​ស្ត្រី​រងគ្រោះ​បាន​ហៅ​កូន​ចូល​ក្នុង​បន្ទប់​។ ប៉ុន្តែ​បើ​មើល​តាម​កាមេរ៉ា​សុវត្ថិភាព​បង្ហាញ​ថា នៅវេលា​ម៉ោង​ ៨ ​និង​ ៤០ ​នាទី​យប់​ថ្ងៃទី​ ២៨ ​សីហា​ពោល​គឺ​ក្រោយ​កើតហេតុ​នៅក្នុង​កាមេរ៉ា​នោះ​ឃើញ​ជនសង្ស័យ​ផ្លោះ​ចេញ​ពី​បង្អួច​ទាំង​ស្រាតខោ​ផង​ទើប​សមត្ថកិច្ច​ដាក់​ការសង្ស័យ​លើ​ជនសង្ស័យ​ជា​អ្នក​ប្រព្រឹត្ត​៕