សៀមរាបៈ ជន​ដៃដល់​ម្នាក់​ដែល​ជាប់​សង្ស័យ​ថា បាន​ចាក់​សម្លាប់​បុរស​លក់​គ្រឿងបន្លាស់​រថយន្ត​ប្រព្រឹត្ត​កាលពី​ថ្ងៃទី​ ២៣ មេសា នៅ​ភូមិ​ក្រួស សង្កាត់​ស្វាយដង្គុំ ក្រុង-ខេត្ត​សៀមរាប​នោះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ​កាលពី​ថ្ងៃទី​ ២ ឧសភា ហើយ​កំពុង​ឃុំ​ខ្លួន​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​។

លោក ឌួង សុខា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​ខេត្ត​សៀមរាប​បាន​ប្រាប់​នៅ​រសៀល​ម្សិលមិញ​ថា ជនសង្ស័យ​ក្នុង​ករណី​នេះ​ត្រូវ​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​ហើយ បន្ទាប់ពី​គេ​បាន​​រត់​គេច​ខ្លួន​ក្រោយ​ធ្វើ​សកម្មភាព​។

ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ពី​ឈ្មោះ​ជនសង្ស័យ​រូប​នេះ​ទេ​ដោយ​អះអាង​ថា​សមត្ថកិច្ច​កំពុង​បន្ត​ស្វែងរក​បក្ខពួក​របស់​គេ​ទៀត​។

លោក​ថ្លែង​ប្រាប់​ថា​៖ «​ជនដៃដល់​នោះ​យើង​ចាប់​បាន​ហើយ ប៉ុន្តែ​យើង​សូម​លាក់​អត្តសញ្ញាណ​ជនល្មើស​រូប​នេះ​សិន ព្រោះ​ទុក​ឱកាស​ឲ្យ​សមត្ថកិច្ច​ស្រាវជ្រាវ​បន្ត​ទៀត​»​។

បើ​តាម​លោក សុខា ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​នៅ​ម៉ោង​ប្រមាណ​ជា​ ១០ ​យប់​នៅ​ក្នុង​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប​។

គួរ​រំឭក​ដែរ​ថា​កាលពី​ថ្ងៃទី​ ២៥ ខែ​មេសា​ឆ្នាំ​ ២០១៨ បន្ទាប់ពី​កើតហេតុ​បាន​ ២ ​ថ្ងៃ សមត្ថកិច្ច​បាន​ស្រាវជ្រាវ​ និង​កោះហៅ​បុរស​ម្នាក់​ឈ្មោះ ព្រហ្ម សុព្រឹក្ស អាយុ​ ២៨ ​ឆ្នាំ​រស់នៅ​ចំណុច​ព្រៃ​គុយ​ក្នុង​ឃុំ​អម្ពិល ស្រុក​ប្រាសាទបាគង​ខេត្ត​សៀមរាប​ដើម្បី​បំភ្លឺ​ក្នុង​នាម​ជា​សាក្សី ប៉ុន្តែ​មិនមែន​ជា​ជនដៃដល់​ពិតប្រាកដ​ទេ​។

ដោយឡែក បុរស​រងគ្រោះ​ឈ្មោះ ពិត បារាំង អាយុ​ ៤៥ ​ឆ្នាំ​រស់នៅ​ក្នុង​ភូមិ​ក្រួស សង្កាត់​ស្វាយដង្គុំ ក្រុង​សៀមរាប​ជា​អ្នក​លក់​គ្រឿង​បន្លាស់​រថយន្ត​។ ​គាត់​ត្រូវ​បាន​ជនល្មើស​ចាក់​សម្លាប់​ដោយ​កាំបិត​ចុង​ស្រួច​។

ក្នុង​អំពើ​មនុស្សឃាត​នោះ​សមត្ថកិច្ច​បាន​ចុះ​ធ្វើ​កោសល្យវិច័យ​ដោយ​បង្ហាញ​ថា សកម្មភាព​ឃាតកម្ម​នេះ​កើតឡើង​ក្នុង​ចន្លោះ​ម៉ោង ​២១ ​នៅ​ថ្ងៃទី​ ២៣ ខែ​មេសា ឆ្នាំ​ ២០១៨ ខណៈ​មាន​ការ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​ទី​ ២៤ ខែ​មេសា ៕