កំពង់ស្ពឺៈ នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនចាប់មនុស្ស ១៥ នាក់នៅក្នុងស្រុក ២ ផ្សេងគ្នានៅខេត្តកំពង់ស្ពឺកាលពីថ្ងៃទី ១៥ ខែសីហាពាក់ព័ន្ធការជួញដូរគ្រឿងញៀន ហើយត្រូវបញ្ជូនពួកគេទៅតុលាការខេត្តនៅថ្ងៃទី ១៧ ខែសីហានេះ។
លោក ម៉ាត់ ធុច ស្នងការរងនគរបាលខេត្តកំពង់ស្ពឺបានថ្លែងឲ្យដឹងកាលពីម្សិលមិញថាករណីជនសង្ស័យ ១៥ នាក់នោះត្រូវនគរបាលចាប់ខ្លួននៅក្នុងស្រុកសំរោងទង និងស្រុកគងពិសី។
លោក ហុត សុផល អធិការនគរបាលស្រុកសំរោងទងឲ្យដឹងថា ការបង្ក្រាបជាក់ស្តែង និងឃាត់ខ្លួនជនសង្ស័យទាំង ១២ នាក់នោះគឺមានការសម្របសម្រួលផ្នែកផ្លូវច្បាប់ផងដែរពីលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ ខណៈពួកគេកំពុងធ្វើសកម្មភាពចែកចាយគ្រឿងញៀន។
លោកប្រាប់ថា៖ «ក្នុងចំណោមជនសង្ស័យ ១២ នាក់មាន ៣ នាក់ជាជនសកម្មចែកចាយគ្រឿងញៀន ប៉ុន្តែជន ៣ នាក់នោះខ្ញុំមិនបានចាំឈ្មោះទេ ក្រៅពីនេះជាអ្នករួមដំណើរជាមួយ។ ក្រុមពួកនេះបានធ្វើឲ្យអ្នកភូមិព្រួយបារម្ភដោយសារតែពួកគេបង្កការអុកឡុកក្នុងភូមិ»។
លោកបានថ្លែងបន្តថាក្នុងប្រតិបត្តិការនៅក្នុងស្រុកសំរោងទងកម្លាំងដកហូតវត្ថុតាងគ្រឿងញៀនបាន ៤ កញ្ចប់តូច និងអាវុធកែច្នៃចំនួន ២ ដើម កាំបិតស្រួច ៤ និងដាវ ២ ដើម។ ក្នុងនោះដែរក្រុមជនសង្ស័យបានប្រើដាវកាប់មកលើសមត្ថកិច្ចបណ្ដាលឲ្យរងរបួសដៃធ្ងន់ម្នាក់ផងដែរ។ រីឯនៅស្រុកគងពិសីសមត្ថកិច្ចបានដកហូតវត្ថុតាងមានម្សៅក្រាមពណ៌សថ្លាសង្ស័យថាជាគ្រឿងញៀនចំនួន ១៨ កញ្ចប់ ជញ្ជីងថ្លឹងគ្រឿងញៀនមួយ និងទូរស័ព្ទដៃចំនួន ៤ គ្រឿងផងដែរ៕