ព្រះវិហារ: សាលាដំបូង​ខេត្តព្រះវិហារ​បាន​សម្រេច​ឃុំខ្លួន​ជនសង្ស័យ​ចំនួន ២ ​នាក់​នៅ​ពន្ធនាគារ​ខេត្ត​បណ្ដោះអាសន្ន​ពី​បទ​ «​កាប់​រុករាន​ដីព្រៃ​របស់​រដ្ឋ​ដោយ​គ្មាន​ការអនុញ្ញាត​» បន្ទាប់ពី​មន្ត្រី​ជំនាញ​បាន​ឃាត់ខ្លួន​ពួកគេ​ក្នុង​អំឡុង​ពេល​កំពុង​បើកបរ​ត្រាក់ទ័រ​ឈូសឆាយ​ដីព្រៃ​ ១ ​កន្លែង​នៅ​ភូមិ​ពោធិ៍ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី ១៩ ខែ​ឧសភា​។

លោកស្រី ជុំ កន្និយ៉ា អ្នក​នាំពាក្យ​សាលាដំបូង​ខេត្តព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ឈ្មោះ ជុន ភាវី ភេទ​ប្រុស អាយុ ៣២ ​ឆ្នាំ និង​ឈ្មោះ វ៉ាត វឿន ភេទ​ប្រុស អាយុ ៤៨ ​ឆ្នាំ​ត្រូវ​បាន​ចៅក្រម​ស៊ើបសួរ​សម្រេច​ឃុំខ្លួន​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី​ ២០ ខែ​ឧសភា​។

លោកស្រី​បន្តថា ជនសង្ស័យ​ទាំង​ ២ ​នាក់​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​តាម​មាត្រា ៩៧ ត្រង់​កថាខណ្ឌ​១ ចំណុច​ទី ៦ ​នៃ​ច្បាប់​ស្ដីពី​ព្រៃឈើ​។

លោក ពីង ទ្រីដា ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​ព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​ភ្ជួរ​ដីព្រៃ​ទំហំ ៦,០៦ ហិកតា​។

លោក កង សៅគុណ មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្តព្រះវិហារ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា កម្លាំង​អាវុធហត្ថ​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ព្រះវិហារ និង​មន្ត្រី​នគរបាល​មូលដ្ឋាន​បាន​ចុះបង្ក្រាប​ករណី​ឈូសឆាយ​ដីព្រៃ​ ១ ​កន្លែង​នៅ​ស្រុក​ឆែប​ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ២ ​នាក់​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​បាន​ប្រាប់​ឲ្យ​មន្ត្រី​ខ្ញុំ ប្រគល់​សំណុំ​រឿង​ហ្នឹង​ជូនទៅ​កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ​ចាត់ចែង​តាម​នីតិវិធី​ច្បាប់​»​។

លោក នួន សុខុម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ព្រះវិហារ​បាន​ថ្លែង​ទៅកាន់​ព័ត៌មាន​ក្នុង​ស្រុក​ថា ផ្នែក​រដ្ឋបាល​ព្រៃឈើ​ឆែប​បាន​ចុះ​ល្បាត​នៅ​ភូមិ​ពោធិ៍ទាប ឃុំ​ម្លូព្រៃ​១ ស្រុក​ឆែប ខេត្ត​ព្រះវិហារ​កាលពី​ថ្ងៃទី​ ១៩ ខែឧសភា ដោយ​ប្រទះ​ឃើញ​ជនល្មើស​កំពុង​បើកបរ​ត្រាក់ទ័រ​ភ្ជួរ​ដីព្រៃ​ត្រង់​ចំណុច​ដី​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ឡើង​វិញ​៕