ព្រះសីហនុៈ សមត្ថកិច្ច​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ព្រះសីហនុ​កំពុង​រៀបចំ​កសាង​សំណុំរឿង ជនសង្ស័យ​ ២ ​នាក់​ ពាក់ព័ន្ធ​នឹង​ករណី​លួច និង​ទទួល​បញ្ចាំ​ផល​នៃ​អំពើ​លួច​ម៉ូតូ​ចំនួន​ ១៩ ​គ្រឿង ​ដើម្បី​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃ​ពុធ​នេះ បន្ទាប់ពី​បង្ក្រាបបាន​កាលពី​ថ្ងៃទី​ ៥ ខែ ​មេសា ឆ្នាំ​ ២០២១​។

លោក តី វិសាល អធិការ​ក្រុងព្រះសីហនុ​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំងពីរ​រូបនេះ​មា្នក់​ឈ្មោះ អោង ណាង ភេទ​ប្រុស អាយុ​ ៣៩ ​ឆ្នាំ​ជា​អ្នកប្រព្រឹត្ត និង​ម្នាក់ទៀត​ឈ្មោះ សោម សំណាង ភេទ​ស្រី អាយុ​ ២៨ ឆ្នាំ ជា​អ្នកទទួល​បញ្ចាំ​ផល​នៃ​អំពើ​លួច ។

លោក​ តី វិសាល បាន​ថ្លែងថា នៅ​ថ្ងៃទី​ ៦ ​ខែ​មេសា​ ជនសង្ស័យ​ទាំង​ ២ ​នាក់​នេះ និង​វត្ថុតាង​កំពុង​ស្ថិត​នៅក្នុង​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ហើយ​កម្លាំង​នគរបាល​ជំនាញ​កំពុង​បន្តធ្វើការ​សាកសួរ​ជនសង្ស័យ​ទៅតាម​នីតិវិធី ដើម្បី​កសាង​សំណុំរឿង​បញ្ចូន​ទៅកាន់​សាលាដំបូង​ខេត្ត​ចាត់ការ​តាមច្បាប់ ។

ទោះជា​យ៉ាងណា​លោក តី វិសាល បញ្ជាក់ថា៖ «​បើ​រៀបចំ​និតិវិធី​ទាន់ពេលវេលា ជន​ទាំង ២ ​រូប​នេះ​អាច​នឹងត្រូវ​បញ្ជូន​ទៅកាន់​សាលាដំបូង​ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃស្អែក​ (​ទី​ ៧ ​ខែ​មេសា​)​។ ប៉ុន្តែ​ជនសង្ស័យ​ទាំង​ ២ ​រូបនេះ​ក៏​ត្រូវបាន​ពិនិត្យ​យក​សំណាក​ដើម្បី​រក​ជំងឺ​កូវីដ​ ១៩ ផងដែរ ព្រោះ​ខ្លាច​មាន​បញ្ហា​ជំងឺ​កូវីដ​» ។

លោក​ តី វិសាល ​បាន​បញ្ជាក់​ទៀតថា លោក​មិនទាន់​អាច​ដឹង​បានទេ​ថា ជនសង្ស័យ​ទាំង​ ២ ​រូបនេះ​នឹង​ត្រូវ​ចោទប្រកាន់​ពី​បទ​អ្វីខ្លះ​នោះទេ ប៉ុន្តែ នៅពេល​តុលាការ​ចោទ​ទើប​លោក​អាច​ដឹងថា ពួកគាត់​ទាំង​ ២ ​រូបនេះ​មាន​ទោស​កម្រិតណា​។

លោក តី វិសាល ថ្លែងថា កន្លងមក​នេះ​អធិការ​ក្រុង​ព្រះសីហនុ​បាន​បង្ក្រាប​ករណី​បែប​នេះ​បាន​ជាច្រើន​ករណី​រួចមកហើយ​ និង​បាន​ផ្សព្វផ្សាយ​ទៅកាន់​កន្លែង​អ្នក​ដែល​រកស៊ី​បញ្ចាំ​ទាំងអស់​សូម​ឱ្យ​ពិនិត្យ​លើ​ឯកសារ​ឱ្យបាន​គ្រប់គ្រាន់​ច្បាស់លាស់​មុន​នឹង​ទទួល​យក​វត្ថុបញ្ចាំ​ទាំងនោះ ព្រោះ​វា​អាច​នឹង​ពាក់ព័ន្ធ​នឹង​បទ​ទទួលផល​ពី​ចោរកម្ម។

យោងតាម​ក្រមព្រហ្មទណ្ឌ​មាត្រា ៣៥៦ បាន​ចែងថា អំពើ​លួច​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី ៦ ​ខែ ទៅ​ដល់​ ៣ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ចាប់ពី ១ ​លាន​ទៅដល់​ ៦ ​លាន​រៀល​។ ដោយឡែក ចំពោះ​អ្នក​ដែល​ទទួលផល​ចោរកម្ម​វិញ តាម​មាត្រា ៤០០ នៃ​ក្រម​ព្រហ្មទណ្ឌ​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​ ២ ​ឆ្នាំ ទៅ ៥ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ៤ ​លាន​ទៅ ១០ ​លាន​រៀល​៕