មណ្ឌលគិរីៈ ក្រុម​ជនសង្ស័យ​ ៣ ​នាក់​ ដែល​ដើរ​លួច​លុយ​នៅតាម​កន្លែង​វីង​វេរ​លុយ​ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​ថ្ងៃ​នេះ ក្រោយពី​សាកសួរ​ចម្លើយ​រួចរាល់​ហើយ​កាលពី​ម្សិលមិញ​។ នេះ​បើតាម​លោក​ សូ សុវណ្ណ ស្នងការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​បញ្ជាក់​ពី​ម្សិលមិញ​។

លោក​ សូ សុវណ្ណ ប្រាប់​ថា​ក្រុម​ជនសង្ស័យ​ ៣ ​នាក់ ​ដែល​ដើរ​លួច​លុយ​នៅ​កន្លែង​វីង​វេរលុយ សមត្ថកិច្ច​បាន​សាកសួរ​ចប់​ហើយ​កាលពី​ថ្ងៃ​ទី​ ១១ ​មិថុនា ហើយ​ត្រូវ​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​មណ្ឌលគិរី​នៅ​ថ្ងៃទី​ ១២ ​មិថុនា ​នេះ​។

លោក​ថ្លែងថា​៖ «​ពួកគេ​ទាំង ៣ ​នាក់​ ខ្ញុំ​បញ្ជូន​ទៅ​តុលាការ​ខេត្ត​នៅ​ព្រឹកស្អែក​នេះ​ [​ព្រឹក​ថ្ងៃនេះ​] ​ហើយ​។ ចំពោះ​ការសម្រេច​ចោទប្រកាន់​យ៉ាងណា​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ​»​។

នគរបាល​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួង​មហាផ្ទៃ​បាន​ធ្វើ​កំណត់ហេតុ និង​បញ្ជូន​ក្រុមចោរ​ដើរ​បន្លំ​លួច​លុយ​តាម​កន្លែង​វីង​វេរ​លុយ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​មណ្ឌលគិរី​កាលពី​ថ្ងៃទី​ ១០ ​មិថុនា បន្ទាប់ពី​តាម​ចាប់ខ្លួន​បាន​ ៣ ​នាក់​នៅ​ថ្ងៃទី​ ៨ ​ខែ​មិថុនា ក្រោយពី​ពួកគេ​រត់គេច​ខ្លួន​ទៅ​ខេត្ត​ស្ទឹងត្រែង​។ លោក​ឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​ប្រាប់​ពី​ថ្ងៃ​ទី​ ១០ ​មិថុនា​ ថា ជនសង្ស័យ​ទាំង​ ៣ ​នាក់​ ឈ្មោះ​ ហូ ណាវីន អាយុ​ ៣៧ ​ឆ្នាំ ផាន់ រ័ត្ន អាយុ​ ៤២ ​ឆ្នាំ និង​ ពេត ឃុន អាយុ​ ៣៥ ​ឆ្នាំ​។ ពួកគេ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​ដោយ​បាន​បន្លំ​លួច​លុយ​ពី​កន្លែង​ទូ​វីង​នៅ​ខេត្ត​មណ្ឌលគិរី​។

លោក​ប្រាប់​តាម​ចម្លើយ​ជនសង្ស័យ​ថា មុន​ចាប់ខ្លួន​ថ្ងៃទី​ ៨ ​មិថុនា​ នៅ​ខេត្តមណ្ឌលគិរី ពួកគេ​បាន​ចូលទៅ​កន្លែង​វីង​វេរ​លុយ​ ១ ​កន្លែង ហើយ​ប្រើល្បិច​ឲ្យ​គ្នា​គេ​ខ្លះ​ធ្វើ​ជា​អ្នក​ផ្ញើ​លុយ​។ រីឯ​បក្ខ​ពួកគេ​ខ្លះទៀត​បាន​បន្លំ​ចូល​ក្នុង​ទូ​វីង​លួច​បាន​លុយ​ ៥ ៥០០ ​ដុល្លារ​ និង​លុយ​ខ្មែរ​ ២៤ ​លាន​រៀល​។ លោក​ប្រាប់ថា​៖ «​ពួកគេ​ប្រព្រឹត្ត​នៅ​មណ្ឌលគិរី​។ ហេតុដូច្នេះ​ហើយ​បើ​ក្រុម​ជនសង្ស័យ​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​នៅ​ខេត្ត​ណា​គឺ​យើង​ប្រគល់​ឲ្យ​ខេត្ត​នោះ​វិញ​»​។

លោក​បន្តថា មុន​មាន​ការចាប់​ខ្លួន​ក្រុម​ជនសង្ស័យ​ខាង​នាយកដ្ឋាន​ព្រហ្មទណ្ឌ​បាន​ទទួល​ព័ត៌មាន​ពី​មណ្ឌលគិរី​ថា ក្រុម​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​បន្លំ​ចូល​លួច​លុយ​ក្នុង​ទូ​វីង​វេរ​លុយ​ ១ ​កន្លែង​នៅ​ខេត្ត​មណ្ឌលគិរី ហើយ​បាន​រត់គេច​ខ្លួន​ពី​ខេត្ត​មណ្ឌលគិរី​។ បន្ទាប់ពី​ទទួល​ព័ត៌មាន​ភ្លាម កម្លាំង​សមត្ថកិច្ច​បាន​ចេញ​ស្ទាក់​ក្រុម​ជនសង្ស័យ​តាម​ការផ្តល់​ព័ត៌មាន​ពី​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី​។ ប៉ុន្តែ​ក្រុម​ជនល្មើស​បាន​គេច​ខ្លួន​ទៅ​ខេត្ត​ស្ទឹងត្រែង​វិញ ហើយ​សមត្ថកិច្ច​តាម​ចាប់​ពួកគេ​ដល់​ខេត្ត​ស្ទឹងត្រែង​ដោយមាន​ការសហការ​ជាមួយ​ស្នងការ​នគរបាល​ខេត្ត​ស្ទឹងត្រែង និង​សម្របសម្រួល​ផ្លូវច្បាប់​ពី​អយ្យការ​អម​សាលាដំបូង​ខេត្ត​ស្ទឹងត្រែង​ផង​។

លោក​ ជាវ វិបុល ​ថ្លែងថា​៖​ «​គ្នា​គេ​មាន​ទាំងអស់​ ៦ ​នាក់ តែ​ខាង​ខ្ញុំ​ចាប់​បាន​ ៣ ​នាក់​ យក​មក​នាយកដ្ឋាន​ខ្ញុំ ហើយ​ខ្ញុំ​បាន​សាកសួរ​ពួកគេ​ចប់​ហើយ​។ ដូច្នេះ​ខ្ញុំ​ត្រូវបញ្ជូន​ពួកគេ​ទៅ​ខេត្ត​មណ្ឌលគិរី​វិញ ដើម្បី​ឲ្យ​ខាង​ខេត្ត​ចាត់ចែង​បន្ត​»៕