កំពតៈ ជន​​សង្ស័យ​​ ៦ ​នាក់​ត្រូវ​បាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ជា​បន្ត​បន្ទាប់​​ពាក់ព័ន្ធ​នឹ​ងករណី​ឃាត​កម្ម​សម្លាប់​បុរស​ម្នាក់​ នៅ​ភូមិ​​ព្រៃ​ពាយ​​ ឃុំ​​ត្រពាំង​ភ្លាំង​ ស្រុក​​ឈូក​​ខេត្ត​កំពត​ បន្ទាប់ពី​ពលរដ្ឋ​​ប្រទះ​សាក​សព​កាល​ពី​ថ្ងៃ​ទី​ ៣​១ ​​មករា ​ខណៈ​ពេល​នេះ​សមត្ថកិច្ច​កំពុង​សាក​សួ​រ​ពួក​គេ​នៅ​ស្នងការ​ដ្ឋាន​នគ​របាល​ខេត្ត​កំពត។

លោក​​ ម៉ៅ​ ច័ន្ទ​មធុរិទ្ធ​ ស្នងការ​នគរ​បាល​ខេត្ត​កំពត​ប្រាប់​កាល​ពី​ម្សិល​មិញ​ថា​ ជន​រង​គ្រោះ​​ក្នុង​អំពើ​​ឃាត​កម្ម​​នេះ​ ឈ្មោះ ​អ៊ួន ​​វណ្ណា​ ​​ អា​យុ ៤​៨ ​ឆ្នាំ​ រស់​នៅ​ភូមិ​-​ឃុំ​កើត​ហេតុ​ខាង​លើ។​ រី​ឯ​ជន​សង្ស័យ​មាន ​៦ ​នាក់​ ត្រូវ​បានស​មត្ថកិច្ច​របស់​លោក​​ស្រាវជ្រាវ​ចាប់​ខ្លួន​​បាន​ជា​បន្តប​ន្ទាប់​តាំង​ពី​ថ្ងៃ​ទី​ ១​​​ ដល់​ថ្ងៃ​ទី​ ២​​ កុម្ភៈ​​ ហើយ​ឥឡូវ​កំពុង​សាក​សួ​របន្ត​ទៀត​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពត​។​

​លោក​​ថា​៖​ «​ឈ្មោះ​ក្រុម​ជនសង្ស័យ​ទាំង​នេះ​ខ្ញុំ​មិន​ទាន់​អាច​ប្រាប់​បាន​ទេ​​​ព្រោះ​ស្ថិត​ក្នុង​ការ ស៊ើប​អង្កេត​បន្ត​ទៀត​ និង​កំពុង​បន្ត​នីតិ​វិធី​សាក​សួ​រពួក​គេ​នៅ​ឡើយ»។

លោក​ ហែម ​ឃ្នី​ នាយ​ប៉ុស្តិ៍​នគរ​បាល​ ឃុំ​ត្រពាំង​ភ្លាំង​ ប្រាប់​ដែរ​ថា​ ជន​រងគ្រោះ​ត្រូវ​​បាន​ពលរដ្ឋ​​ប្រទះ​ឃើញ​កាល​ថ្ងៃ​ទី​ ៣​១​​ មករា ​ហើយ​បាន​រាយការ​ណ៍​​ប្រាប់​សមត្ថ​កិច្ច​នៅពេ​ល​យប់​នៅ​ថ្ងៃ​ដដែល​។​

លោក​បញ្ជាក់​ថា​៖ ​«​កន្លែង​កើត​ហេតុ​នៅ​តំបន់​ដាច់​ស្រយាល​ចម្ងាយ​ពី​ប៉ុស្តិ៍​ខ្ញុំ​ទៅ​​ប្រហែល​ ៣០ ​គី​ឡូ​ម៉ែត្រ​ឯ​ណោះ​ហើយ​ទម្រាំ​ទៅ​ដល់​ម៉ោង​ ១ រំលងអាធ្រាត្រ​ទៅ​ហើយ​។ ​ឃាត​កម្ម​នេះ​ខ្ញុំ​មិន​ដឹង​ថា ​រវាង​​ជន​រង​គ្រោះ ​និង​ក្រុម​ជន​សង្ស័យ​​មាន​គំនុំ​​គ្នា​មក​ពី​រឿង​ទំនាស់​​ដី​ធ្លី​​ឬ​យ៉ាង​ណា​ទេ​ ព្រោះ​ខ្ញុំ​ទើប​ឡើង​កាន់​ប៉ុស្តិ៍​ត្រពាំង​ភ្លាំង​។​ដូច្នេះ​ខ្ញុំមិន​ដឹ​ង​ពី​ប្រវត្តិ​នៃ​ទំនាស់​នេះ​ទេ»។

ទោះ​យ៉ាង​ណា​ បើ​តាម​មន្រ្តី​នគរ​បាល​នៃ​ស្នង​ការដ្នាន​នគរ​បាល​ខេត្ត​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​ប្រាប់​ថា​ ជន​រង​គ្រោះ​ត្រូវ​ក្រុម​ជន​សង្ស័យ​ព្រួត​គ្នា​វាយ​នឹង​ដំ​បង​​បែក​​ក្បាល​នៅ​ផ្នែក​ក្រោយ​ និង​កាប់​ដោយកាំ​បិត​រយះ​បបូរ​មាត់​ខាង​ឆ្វេង។

មន្រ្តី​នគរ​បាល​ដដែល​បានប្រាប់ដែរថា​​ ក្រុម​ជន​សង្ស័យ​សារ​ភាព​ថា ​​ជន​រង​គ្រោះ​​ ត្រូវបាន​សម្លាប់​នៅ​ព្រឹក​ថ្ងៃទី​ ៣១ ខែ​មករា បន្ទាប់​មក​ទើប​មាន​ពល​រដ្ឋ​ប្រទះ​ឃើញសាក​សព។

លោក​ថា ជន​រង​គ្រោះ​ទៅ​ធ្វើ​ចម្ការ​នៅ​ទី​តាំងដី​ខាង​លើ​ក្នុង​ព្រៃ​ជ្រៅ​ដែល​ជា​តំបន់​ដី​មាន​ទំនាស់​គ្នា​ជា​មួយ​ក្រុម​ជន​សង្ស័យ​ខណៈ​វិវាទ​ដីនោះ​នៅ​​ពុំ​ទាន់មាន​ដំណោះ​ស្រាយ​ពី​អាជ្ញា​ធរ​ខេត្ត​កំពត​នៅ​ឡើយ​៕