ព្រះសីហនុៈ ជនសង្ស័យ ៨ នាក់ ក្នុងចំណោមរាប់រយនាក់ ដែលបានប្រមូលផ្ដុំគ្នាយកដុំថ្មធំៗ និងដើមឈើ មកបិទផ្លូវជាតិលេខ ៤ និងបានប្រើអំពើហិង្សាលើសមត្ថកិច្ច ពេលចុះអន្ដរាគមន៍រំដោះផ្លូវ ក្នុងភូមិចំណោតរាម ឃុំបិតត្រាំងស្រុកព្រៃនប់ ត្រូវសមត្ថកិច្ចបញ្ជូនទៅសាលាដំបូងខេត្ដព្រះសីហនុ កាលពីព្រឹកម្សិលមិញ ខណៈសមត្ថកិច្ចបានកំណត់មុខសញ្ញាមេខ្លោង និងកំពុងតាមស្រាវជ្រាវរកអ្នកពាក់ព័ន្ធផ្សេងទៀត។
លោក លឹម ប៊ុនហេង អ្នកនាំពាក្យសាលាដំបូងខេត្ដព្រះសីហនុ បានឲ្យដឹងកាលពីម្សិលមិញថា ជនសង្ស័យទាំងនោះត្រូវបានបញ្ជូនទៅសាលាដំបូងខេត្ត ក្រោយសមត្ថកិច្ចឃាត់ខ្លួន និងសាកសួរពួកគេ។
លោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុកព្រៃនប់ ដែលបានដឹកនាំកម្លាំងចុះអនុវត្ដលិខិតបង្គាប់ការចុះរុះរើខ្ទមសាងសង់អនាធិបតេយ្យស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ កាលពីសប្ដាហ៍មុន បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា បច្ចុប្បន្នសមត្ថកិច្ច អាចគ្រប់គ្រងស្ថានការណ៍បានហើយ មិនមានពលរដ្ឋណាមកប្រមូលផ្ដុំគ្នាបិទផ្លូវ និងសាងសង់ខ្ទមទៀតទេ ហើយសមត្ថកិច្ចកំពុងស្រាវជ្រាវរកជនសង្ស័យប្រើហិង្សាលើសមត្ថកិច្ច និងមេខ្លោងក្នុងរឿងនេះ។
លោកបន្ដថា៖ «សកម្មភាពរបស់ពួកគាត់ យើងមានរូបភាពកាមេរ៉ាចាប់ជាប់រួចអស់ហើយ។ ឥឡូវយើងកំពុងតែស្វែងរកអ្នកដែលបញ្ជាពីក្រោយខ្នង យើងមានតម្រុយអស់ហើយ ប៉ុន្ដែយើងមិនទាន់អាចបង្ហាញបានទេ»។
កំពុងស្ថិតក្នុងសភាពរងរបួសត្រង់ឆ្អឹងជំនីរខាងឆ្វេង និងជើងឆ្វេង និងក្រោយពីត្រឡប់មកពីព្យាបាលរបួស លោក ប៊ុន្នី បានសម្ដែងការសោកស្ដាយ ដែលប្រជាពលរដ្ឋបាននាំគ្នាមកបង្កភាពអនាធិបតេយ្យ រហូតបង្កហិង្សាដល់សមត្ថកិច្ចបែបនេះ។
លោកលើកឡើងថា៖ «អាជ្ញាធរយើងចេះតែមានភាពទន់ភ្លន់ជាមួយគាត់ ប៉ុន្ដែផ្លូវច្បាប់គេត្រូវតែអនុវត្ដ ទោះបីគាត់ប្រើអំពើហិង្សាលើយើងនោះជារឿងរបស់គាត់ ពួកគាត់ធ្វើអំពើអីនឹងទទួលអំពើនោះវិញ»។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្ដព្រះសីហនុបានថ្លែងកាលពីម្សិលមិញថា ជនបង្កភាពអនាធិបតេយ្យ ដោយសាងសង់ខ្ទមជាច្រើនក្នុងខេត្ដព្រះសីហនុនេះ រដ្ឋបាលខេត្ដបានកំណត់មុខសញ្ញាមួយចំនួនរួចហើយ ដែលមានទាំងអ្នកខាងក្នុងខេត្ដ និងអ្នកមកពីមជ្ឈដ្ឋានខាងក្រៅខេត្ដផងដែរ។
លោកបន្ដថា៖ «ការងារនេះជាការងារដែលសមត្ថកិច្ចកំពុងធ្វើការ អ៊ីចឹង? យើងមិនទាន់អាចធ្វើការបកស្រាយយ៉ាងណាទេ យើងរង់ចាំទុកពេលវេលាឲ្យសមត្ថកិច្ចធ្វើការសិន»។
បើតាមលោក ភារម្យ អ្នកខ្លះមកពីខេត្តផ្សេងតែម្នាក់ឯង ហើយបានសាងសង់ខ្ទម ២-៣ ក៏មាន និងទុកឲ្យអ្នកផ្សេងទៀតនៅចាំខ្ទម។
លោកបន្ដថា៖ «ជាក់ស្ដែងយើងបានចុះទៅរុះរើជាង ៦០០ ខ្ទម កាលពីថ្ងៃ ១៧-១៩ សប្ដាហ៍មុននេះ។ ពួកគេសាងសង់ខ្ទមបណ្ដោះអាសន្ន ស្ថិតក្នុងភាពអនាធិបតេយ្យ ទន្រ្ទានយកដីពលរដ្ឋដទៃ ដែលមានប័ណ្ណកម្មសិទ្ធិស្របច្បាប់រួចហើយ»។
លោកបន្តថា ខ្ទមទាំងនេះភាគច្រើន ប្រជាពលរដ្ឋបានមកលួចសាងសង់នៅពេលយប់ ដែលមានផែនការរួចជាស្រេច ដោយក្នុងពេលតែ ១ យប់អាចសាងសង់បានរាប់រយខ្ទម។
អ្នកស្រី សេង សុភី ដែលអះអាងថា ជាពលរដ្ឋរស់នៅក្នុងស្រុកព្រៃនប់ ដែលបានចូលរួមសកម្មភាពតវ៉ារឿងដីធ្លីនេះ បាននិយាយថា អ្នកស្រីមានដីនៅទីតាំងខាងលើនោះដែរដោយបានទិញតាំងពីជាង ១ ឆ្នាំមុនក្នុងទំហំដីក្បាល ២០ គុណនឹង ៣០ ម៉ែត្រ ប៉ុន្ដែអ្នកស្រីបានលក់ដីនោះ ទៅឲ្យប្រជាពលរដ្ឋដទៃទៀតអស់ពាក់កណ្ដាល នៅសល់តែពាក់កណ្ដាលប៉ុណ្ណោះ។
អ្នកស្រីបន្ដថា៖ «ខ្ញុំលក់ឲ្យប្រជាពលរដ្ឋនៅខេត្ដព្រះសីហនុនេះ អស់ពាក់កណ្ដាល ណាមួយដើម្បីឲ្យពលរដ្ឋគាត់នៅជួយមើលផ្ទះមើលដីខ្ញុំផង។ ដីនេះខ្ញុំទើបតែទិញពីគេបានជាង ១ ឆ្នាំទេ (២០១៨)។ ខ្ញុំទិញតពីប្រជាពលរដ្ឋដែលប្រាប់ថា ដីនេះគេសម្បទានឲ្យ ដែលថាជាដីដែលសម្រាប់ចែកឲ្យទាហាន»។
អ្នកស្រីបន្ដ៖ «អ្នកលក់នោះបានអះអាងខ្លួនគាត់ថា ជាទាហាន គាត់បានមកពុះដីនោះលក់ឱ្យប្រជាពលរដ្ឋ ហើយការទិញនេះ មានការដឹងឮតែប្រជាពលរដ្ឋអ្នកទិញ និងអ្នកលក់ប៉ុណ្ណោះ»។
លោក ហួត សុខឃី ពលរដ្ឋតវ៉ាបិទផ្លូវក្នុងស្រុកព្រៃនប់ និងកំពុងរង់ចាំជួបសាច់ញាតិដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនលើករណីហិង្សាលើសមត្ថកិច្ចនៅមុខស្នងការដ្ឋាននគរបាលខេត្ដព្រះសីហនុ បានលើកឡើងថា លោកបានទិញដីនៅទីតាំងកើតហេតុខាងលើនៅមុនចូលឆ្នាំខ្មែរនេះ ក្នុងតម្លៃប្រមាណ ៥០០ ដុល្លារអាមេរិក ក្នុង ១ ប្លង់ ក្បាលដី ១០ ម៉ែត្រ បណ្ដោយ ៣០ ម៉ែត្រ។
លោកបានបន្ដថា៖ «ខ្ញុំអ្នកនៅភូមិអណ្ដូងថ្ម ស្រុកព្រៃនប់ ដីនេះយើងមិនបានមកចាប់យកអីដូចគេទេ ប៉ុន្ដែយើងមកទិញតៗគ្នាក្នុងតម្លៃថោកៗ ក្បាល ១០ ម៉ែត្រ បណ្ដោយ ៣០ ម៉ែត្រ។ ផ្ទះខ្ញុំត្រូវសមត្ថកិច្ចវាយកម្ចេចចោលអស់ហើយ ផ្ទះនេះ ខ្ញុំធ្វើអស់ជាង ៣០០ ដុល្លារ ធ្វើពីឈើប្រក់ដំបូលស័ង្កសី»។
អ្នកស្រី ជៀប សុធារី តំណាងសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្ដព្រះសីហនុ ដែលបានចុះអង្កេតសកម្មភាពប្រជាពលរដ្ឋអនាធិបតេយ្យក្នុងព្រឹត្ដិការណ៍បិទផ្លូវជាតិលេខ ៤ កាលពីសប្ដាហ៍មុននេះដែរបានឲ្យដឹងថា ជនដែលចូលមកទន្ទ្រានដីនេះ ភាគច្រើនមកពីខេត្ដផ្សេង ប្រជាជននៅក្នុងខេត្ដមានចំនួនតិចតួច។
អ្នកស្រីបន្ដថា៖ «យើងមិនសូវស្គាល់ពួកគាត់ទេ (អ្នកចូលមកទន្រ្ទានដី) ហើយបើតាមខ្ញុំសួរពលរដ្ឋដែលគាត់រស់នៅតំបន់នោះ បានប្រាប់ថា ក្រុមប្រជាពលរដ្ឋនេះ មកម្ដងលើកគ្នា ១ ឡានតួរីសក៏មានដែរ ដែលមកពីខេត្ដផ្សេងៗគ្នា ហើយការមកទន្ទ្រាននេះ គឺមានការរៀបចំទុកមុនរួចស្រេចហើយ»។
លោក យូរ វាសនា តំណាងសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) ក្នុងខេត្ដព្រះសីហនុ បានឲ្យដឹងថា សកម្មភាពបិទផ្លូវ និងសាងសង់ខ្ទមអនាធិបតេយ្យរបស់ប្រជាពលរដ្ឋបានស្ងប់ស្ងាត់ទៅវិញហើយ បន្ទាប់ពីមានការអន្ដរាគមន៍ និងឃាត់ខ្លួនប្រជាពលរដ្ឋចំនួន ៨ នាក់រួចមក។
លោកបានថ្លែងថា៖ «ពួកខ្ញុំដែលនៅខេត្ដព្រះសីហនុនេះតែម្ដង មិនមានប៉ះពាល់ជាមួយក្រុមនេះទេ ក្រុមនេះជាក្រុមផ្សេង។ ពួកយើងធ្វើការងារតែច្បាស់លាស់ ចំណែកពួកគាត់មិនច្បាស់លាស់ អត់ធ្វើការងារជាមួយទេ ខ្លាចគេលាបពណ៌ដែរ និយាយរួមសហគមន៍យើង មិនទទួលស្គាល់ពួកគាត់ទេ ព្រោះយើងមើលឃើញសកម្មភាពរបស់ពួកគាត់ ការតស៊ូមតិរបស់ពួកគាត់ និងការចូលកាន់កាប់ដីធ្លីខុសពីពួកយើង។ ពួកគាត់មិនដឹងប្រវត្ដិច្បាស់លាស់ ហើយរប៉ាត់រប៉ាយ»។
បើតាមលោក វាសនា ក្រុមប្រជាពលរដ្ឋអនាធិបតេយ្យនេះ អាចនឹងមានមេខ្លោងនៅពីក្រោយខ្នងដែលមានទ្រព្យធន និងអំណាចបញ្ជាឲ្យបង្កសកម្មភាពនេះឡើង។
លោកបញ្ជាក់ថា៖ «យើងស៊ើបដែរមិនមែនយើងមិនស៊ើបទេ។ យើងដឹងតែយើងមិនហ៊ានបញ្ចេញព័ត៌មានទេ ដោយសារអត់ច្បាស់លាស់ ហើយយើងមិនចង់ពាក់ព័ន្ធតែម្ដង។ ប៉ុន្ដែអាចមានអ្នកនៅភ្នំពេញ និងមានអាជ្ញាធរខេត្ដយើងដែរ»។
លោក ស្រេង វ៉ាន់លី មន្រ្ដីសម្របសម្រួលអង្គការលីកាដូ (Licadho) ប្រចាំខេត្តព្រះសីហនុ ថ្លែងថា លោកមិនអាចបកស្រាយជុំវិញស្ថានភាពប្រជាពលរដ្ឋដែលមកទន្រ្ទានដីសាងសង់ខ្ទមនោះបានទេ ព្រោះមិនបានចុះទៅដល់កន្លែងកើតហេតុផ្ទាល់។
ប៉ុន្ដែលោកបានលើកឡើងថា៖ «ការដោះស្រាយបញ្ហាវិវាទដីធ្លីនេះ គឺមិនអាចដោះស្រាយតាមរយៈការប្រើប្រាស់កម្លាំងតបតគ្នាទេ គឺត្រូវដោះស្រាយដោយការជជែកគ្នាដើម្បីស្វែងរកដំណោះស្រាយ»។
លោក សឿង សារ៉ន នាយកប្រតិបត្តិនៃអង្គការសមាគមធាងត្នោត សុំមិនបកស្រាយជុំវិញករណីនេះ ដោយលោកបញ្ជាក់ថា មិនបានធ្វើការងារលើខេត្ដព្រះសីហនុ។
ទាក់ទងនឹងការប៉ះទង្គិចគ្នារហូតដល់មានការប្រព្រឹត្ដហិង្សាតបតនេះ ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ បានថ្លែងប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា លោកមិនបានដឹកនាំកងកម្លាំងទៅបង្ក្រាបការសាងសង់ខ្ទមទេ ប៉ុន្ដែបានដឹកនាំកង កម្លាំងសមត្ថកិច្ចខេត្ដដើម្បីរំដោះផ្លូវជាតិលេខ ៤ ដែលជនមួយចំនួនបានធ្វើទង្វើខុសច្បាប់ បិទផ្លូវសាធារណៈ និងបានប្រព្រឹត្ដអំពើហិង្សាលើសមត្ថកិច្ចដែលកំពុងអនុវត្ដច្បាប់។
លោកបានបន្ដថា៖ «ក្នុងនាមសមត្ថកិច្ច ក្នុងនាមជាអ្នកអនុវត្ដច្បាប់ ត្រូវតែមកវែកផ្លូវ ជញ្ជូនដំុថ្មដែលពួកគាត់ (ពលរដ្ឋបិទផ្លូវ) មកកាន់កាប់ផ្លូវជាតិជាផ្លូវសាធារណៈ ជាផ្លូវរបស់រដ្ឋ ជាផ្លូវរបស់ប្រជាពលរដ្ឋ គឺពួកគាត់ខុសច្បាប់ ទើបយើងអង្វរកគាត់ និងរើដំុថ្មចេញ ដើម្បីឱ្យមានចរាចរណ៍ទៅវិញទៅមកឡើងវិញ ប៉ុន្ដែពេលនោះពួកគាត់មានការញុះញង់មកប្រើអំពើហិង្សាមកលើសមត្ថកិច្ចដែលកំពុងអនុវត្ដសណ្ដាប់ធ្នាប់សាធារណៈ នេះជាអំពើមួយខុសច្បាប់ផ្ទួន»។
លោកស្នងការបានឱ្យដឹងថា៖ «ពេលនេះពួកគាត់មានការស្ងប់ស្ងាត់ ប្រហែលជាពួកគាត់យល់ចំពោះទង្វើរបស់គាត់នេះគឺខុសច្បាប់ទាំងស្រុង។ ខ្ញុំសូមឲ្យពួកគាត់បញ្ឈប់ទៅ ទង្វើ ខុសច្បាប់នេះ ងាកមករកផ្លូវចរចាតាមផ្លូវច្បាប់ទៅ ក្នុងនាមគណៈបញ្ជាការឯកភាពខេត្ដ យើងមិនអាចឱ្យជនណាមួយមក បង្កអុកឡុក និងអសន្ដិសុខនៅតំបន់ណាមួយលើផ្លូវសាធារណៈរបស់ខេត្ដព្រះសីហនុទេ»។
កម្លាំងគណៈបញ្ជាការឯកភាពស្រុកព្រៃនប់ដឹកនាំដោយលោក ព្រំ ប៊ុន្នី នាយករងរដ្ឋបាលស្រុក ចុះអនុវត្តលិខិតបង្គាប់ការលេខ ០៨២/ លបក ថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០១៩ ចុះហត្ថលេខាដោយលោក សរ កក្កដា អភិបាលស្រុកព្រៃនប់ និងយោងតាមពាក្យបណ្តឹងរបស់ឈ្មោះ ញឹម យន់ស្រីម ឈ្មោះ ឆាយ ណយ និងឈ្មោះ កើត សុធារ៉ា (ជាម្ចាស់កម្មសិទ្ធិដីស្របច្បាប់) កម្លាំងបានចាប់ផ្ដើមធ្វើការរុះរើខ្ទមអនាធិបតេយ្យដែលមានទីតាំងស្ថិតនៅក្នុងភូមិចំណោទរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
ក្នុងការអនុវត្តរុះរើខ្ទមអនាធិបតេយ្យខាងលើ ជាលទ្ធផលម្ចាស់ដីប្រើកម្លាំងកម្មករ ភាគីម្ចាស់ដីបានរុះរើខ្ទមអនាធិបតេយ្យសរុបចំនួន ៦៣០ ខ្ទម។
ក្នុងការចុះអនុវត្តនោះ ក៏មានក្រុមប្រជាពលរដ្ឋប្រមាណជា ២០០ នាក់ បានធ្វើការតវ៉ាបិទផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តែត្រូវបានកម្លាំងចម្រុះធ្វើការបំបែកវិញ។
ក្នុងការចុះអនុវត្ដនេះកម្លាំងនគរបាលស្រុកចំនួន ៤ រូប និងកម្លាំងប្រជាការពារ ២ រូប រង របួសដោយអំពើហិង្សា ត្រូវពលរដ្ឋគប់ត្រូវនឹងដុំថ្ម ពេលកំពុងចុះអន្តរាគមន៍បើកផ្លូវជាតិលេខ ៤ កាលពីព្រឹកថ្ងៃទី ១៩ ខែមេសានេះ។
ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី ជៀប សុធារី ពីអង្គការអាដហុក ថ្លែងថា៖ «អត់គាំទ្រទេ ព្រោះរឿងមកចាប់ដីខុសច្បាប់ ខ្ញុំមិនគាំទ្រសកម្មភាពអនាធិបតេយ្យ ដើរចាប់ដីគេទេ។ វាធ្វើឲ្យមានបញ្ហាចលាចល។ បើពួកគាត់អត់ដី គួរធ្វើនីតិវិធីសុំដីសង្គមកិច្ចសម្រាប់ពលរដ្ឋក្រីក្រ។ សម័យនេះ ខ្ញុំមិនគាំទ្រទេ តែសុំឲ្យមានការស្រាវជ្រាវរកអ្នកបំផុសបំផុល ឲ្យអ្នកល្ងង់ខ្លៅទៅចាប់ដី។ បើគ្មានអ្នកដឹកនាំ ក៏មិនហ៊ានដែរ»៕