សៀមរាប/ព្រះវិហារៈ សមត្ថកិច្ច​​នគរបាល​ស្រុក​សូទ្រ​និ​គម​បាន​បញ្ជូន​ជន​សង្ស័យ​ម្នាក់​ទៅ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​សៀម​រាប​ នា​រសៀល​ថ្ងៃ​ទី​ ​២១​ មេសា ​បន្ទាប់​ពី​យក​កាំ​បិត​ប័ុងតោ​កាប់​លើ​បង​និងប្អូនស្រី​បង្កើត​ចំ​នួន​ ២ ​នាក់​ស្លាប់​ ក្នុងរឿង​ទំ​នាស់​ព្រំ​ដី​កាល​ពី​ល្ងាច​ថ្ងៃ​ទី​ ២០​ ខែ​ មេសា​ នៅ​ភូមិ​ដំ​រី​កូន ​ឃុំ​ព​ពេល ​ស្រុក​សូទ្រនិ​គម​ ខេត្ត​សៀម​រាប​ ខណៈ​បុរស​ម្នាក់​ទៀត​កំពុង​ត្រូវបាន​តាម​ចាប់​ខ្លួន​ពាក់​ព័ន្ធ​ការសម្លាប់​ប្រពន្ធ​នៅ​ខេត្ត​ព្រះវិហារ។

លោក ​ទិត​ ណា​រ៉ុង​ ស្នង​ការ​​នគរ​បាល​ខេត្ត​សៀម​រាប​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ​ពីម្សិលមិញថា​ ជន​សង្ស័យ​ឈ្មោះ ​វ៉ូ​ វន​ អាយុ​ ៤៣ ​ឆ្នាំ​ ដែល​កាប់​ស្រ្តី​រង​គ្រោះ​ឈ្មោះ ​វ៉ូ​ ខឹម ​អា​យុ ៤៩ ​ឆ្នាំ​ ត្រូវជា​បង​ជន​សង្ស័យ ​និង​ឈ្មោះ ​វ៉ូ ​ឃុត​ អា​យុ​ ៤២ ​ឆ្នាំ​ ត្រូវជា​ប្អូន​នោះ ​ត្រូវ​ចាប់​បញ្ជូន​មក​ស្នង​ការ​រដ្ឋាន​នគរបាល​ខេត្ត​ដើម្បី​បន្ត​នី​តិ​វិ​ធី​ស៊ើបសួរ​បន្ត​ទៀត។​

លោក​ប្រាប់​ថា​៖ «​ជន​នោះ​សមត្ថកិច្ច​ស្រុក​កំពុង​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី ​ហើយ​នៅ​ពេល​គេ​ធ្វើ​កំ​ណត់​ហេតុ​រួច​រាល់​ ទើប​បញ្ជូន​ជន​សង្ស័យ​មក​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត»។

លោក​ ទេព ​ចាន់​ណា ​អ​ធិ​ការ​ស្រុក​សូទ្រ​និ​គម​ប្រាប់​ពី​ម្សិល​មិញ​ដែរ​ថា​ជន​សង្ស័យ​ឈ្មោះ ​វ៉ូ ​វន​ រូប​នេះ​បាន​បង្ក​បទ​ល្មើស​កាប់​លើ​បង​ស្រី​បង្កើត​រប​ស់​ខ្លួន​ ហើយ​ជា​បទ​ល្មើស​ជាក់​ស្តែង​។

លោកថា​៖ «​នៅ​ពេល​ដែល​ខ្ញុំ​ស៊ើប​សួរ​គាត់​រួច​ខ្ញុំ​នឹង​បញ្ជូន​គាត់​ទៅ​ស្នងការ​ដ្ឋាន​ខេត្ត​បន្ត​ទៀត​ហើយ»។

លោក​ ណា​រ៉ុង ​ប្រាប់​តាម​សម្តី​សាក្សី​ថា​ នៅ​ថ្ងៃ​ទី​ ២០ ​មេសា​ នៅ​ភូមិ​សាស្រ្ត​ក្នុង​ភូមិ-​ឃុំ​ខាង​លើ​មាន​ទំ​នាស់​ព្រំ​ដី​រ​វាង​ជន​សង្ស័យ​និង​ស្រ្តី​រង​គ្រោះ​ដែល​ពួក​គេ​សុទ្ធតែ​ជា​បង​ប្អូន​បង្កើត​នឹង​គ្នា​។​ ពេល​​ជ​ជែក​ប្រហែ​លជា​មិន​ចុះ​សម្រុង​នឹង​គ្នា​ស្រាប់​តែ​ភា​គី​ជន​សង្ស័យ​បាន​យក​កាំ​បិត​ទៅ​កាប់​លើ​បង​ប្អូន​ស្រី​របស់​ខ្លួន​ជា​ច្រើន​កាំ​បិត​បណ្តាល​ឲ្យ​ស្លាប់​ទាំង​ ២​ នាក់​ តែ​ម្តង​ទៅ។

លោក​ថា​៖​ «​រឿង​ទំ​នាស់​គ្នា​នេះ​កើត​ពី​រឿង​ព្រំ​ដី​នៅ​ជិត​​ខាង​គ្នា​ហើយ​ជន​សង្ស័យ​ប្រើ​កាំ​បិត​បុ័ង​តោ​កាប់​ស្រ្តី​រង​គ្រោះ។​ ក្រោយ​បង្ក​ហេតុ​ជន​សង្ស័យ​មិន​បាន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ»។

ដោយ​ឡែក​នៅ​ស្រុក​រវៀង​ក្នុង​ខេត្ត​ព្រះ​វិ​ហារ​ឯ​ណោះ​វិញ​ ក៏​មាន​ករណី​ប្តី​វាយ​សម្លាប់​ប្រពន្ធ​ដែរ ​ហើយ​ខណៈ​នេះ​កម្លាំង​សមត្ថកិច្ច​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់​នៃ​ស្នងការដ្ឋានគរ​បាល​ខេត្ត​ព្រះវិ​ហារ​កំ​ពុង​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​ជន​សង្ស័យ។

លោក ​ព្រំ​ ស៊ី​ថា​ អធិការ​រង​ន​គរ​បាល​ស្រុក​រវៀង​ប្រាប់​​ភ្នំ​ពេញប៉ុស្តិ៍​ពី​ម្សិល​មិញ​ថា​ ជន​សង្ស័យ​ឈ្មោះ​ជុំ​ ជន ​អាយុ​ ៣០ ​ឆ្នាំ ​រី​ឯ​ស្រ្តី​រង​គ្រោះ​ឈ្មោះ​ សៀប ​សៀង ​ហៅ​ ម៉ៅ​ អា​យុ ​២​៩ ​ឆ្នាំ ​មាន​កូន​ប្រុស​តូចៗ​ ២ នាក់ ​ក្នុង​បន្ទុក​ម្នាក់​អា​យុ ​៦ ​ឆ្នាំ​ និង​ម្នាក់​អាយុ ៥ ឆ្នាំ។

លោក​បញ្ជាក់​ថា​៖​ «​សមត្ថកិច្ច​របស់​ខ្ញុំ​កំ​ពុង​តាម​ចាប់​ខ្លួន​ជន​សង្ស័យ​ព្រោះ​ក្រោយ​បង្ក​ហេតុ​គេ​បាន​រត់​គេច​ខ្លួន​។​ ព្រោះ​ជន​សង្ស័យ​​បាន​សម្លាប់​ស្រ្តី​រង​គ្រោះ​នៅ​កន្លែង​ស្ងាត់​ហើយ​បើ​តាម​សាច់​ញាតិ​បំ​ភ្លឺ​ប្រាប់​ខ្ញុំ​ថា ​រឿង​នេះ​មិន​មែន​កើត​ពី​រឿង​ប្រចណ្ឌ​ដែរ»។

លោក​ ស៊ី​ថា​​ ប្រាប់​តាម​សម្តី​សាច់​​ញាតិស្រ្តី​រង​គ្រោះ​ថា​ ជន​សង្ស័យ​ធ្លាប់​សេព​គ្រឿង​ញៀន​រហូត​ដល់​ក្រុម​គ្រួសារ​យក​ទៅ​ដាក់​នៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ខេត្ត​ព្រះ​វិ​ហារ​ទៀត​ផង​ ហើយ​ដោយ​មាន​ក្តី​អា​ណិត​ប្តី​ស្រ្តី​រង​គ្រោះនិង​ម្តាយ​របស់​ជនសង្ស័យ​បាន​ទៅ​យក​ជន​សង្ស័យ​ពី​មណ្ឌល​បន្សាប​គ្រឿង​ញៀន​វិញ។

នៅ​ថ្ងៃ​កើត​ហេតុ​ទី ​១​៩ ​មេ​សា​ ជន​សង្ស័យ​បាន​បើក​ម៉ូ​តូ​ ១ ​គ្រឿង​ ឌុប​ស្រ្តី​រង​គ្រោះ​ដោយ​មាន​ទាំង​កូន​ប្រុស​ ២ ​នាក់​ ទៅ​ជា​មួយ​ផង​ដើម្បី​ទៅ​មើល​ចម្ការ​ស្វាយ​ចន្ទី។​ ពេល​ទៅ​ដល់​ចម្ការ​ស្វាយ​ចន្ទី​ ខណៈ​ស្រ្តី​រង​គ្រោះ​កំពុង​អង្គុយ​ស្រាប់​តែ​ជន​សង្ស័យ​យក​ចប​ជីក​វាយ​ក្បាល​ជា​ច្រើន​ចប​ជីក​បណ្តាល​ឲ្យដួ​ល​ស្លាប់​នៅ​កន្លែង​កើត​ហេតុ។​

លោក​ប្រាប់​ថា​ បន្ទាប់​ពី​វាយ​សម្លាប់​ប្រពន្ធ​ហើយ​ជន​សង្ស័យ​បាន​បើក​ម៉ូ​តូ​ជិះ​គេច​ខ្លួន​បាត់​ដោយ​ទុក​កូន​ឲ្យ​នៅ​ជា​មួយ​​សព​ម្តាយ​តែ​ពួក​គេ​បាន​នាំ​គ្នា​រត់​មក​ភូមិ​ ប្រាប់​អ្នក​ភូមិ​ទើប​ដឹង៕