ព្រះសីហនុៈ ជន​សង្ស័យ​ជា​មេ​ខ្លោង​ ២​ នាក់ ​ដែល​ដឹក​នាំ​ប្រជា​ពល​រដ្ឋ​កាប់​រុក​រាន​ដី​ព្រៃ ​របស់​រដ្ឋ​ក្នុង​តំបន់​ឧទ្យាន​ជាតិ ​ព្រះ​សីហនុ (រាម) ធ្វើ​ជា​កម្ម​សិទ្ធិ ​ត្រូវ​បាន​ចៅ​ក្រម​ស៊ើប​អង្កេត​ នៃ​សាលា​ដំ​បូង​ខេត្ត​ព្រះ​សី​ហនុ​ បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​ពន្ធ​នាគារ​ខេត្ត​ព្រះ​សីហនុ​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ ​ខណៈដែល​សមត្ថ​​កិច្ច​ក៏​កំពុង​ស៊ើប​អង្កេតរក​ជន​សម​គំនិត​ ២ នាក់​ទៀត​លើ​ករណី​នេះ​ដែរ។

លោក​ លឹម ប៊ុនហេង ​ព្រះ​រាជអាជ្ញា​រង​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ និង​ជា​អ្នក​នាំ​ពាក្យ ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ​ក្រោយ​ពី​ចៅក្រម​ចំណាយ​ពេល​ជា​ច្រើន​ម៉ោង​ក្នុង​ការ​សួរ​ចម្លើយ​ជនសង្ស័យ​រួចមក ​ជនសង្ស័យ​ ក៏​ត្រូវបាន​ចោទ​ប្រកាន់​ពីបទ ​កាប់​គាស់ ​រុក​រាន​ដី​ព្រៃ​ ឆ្ការ ​ដុត​ និង​ឈូស​ឆាយ​ដី​ព្រៃ។

លោក​បាន​ថ្លែង​ថា​៖ «​យើង​បាន​ចោទ​ប្រកាន់​ពួកគាត់​ហើយ​ ពាក់​ព័ន្ធ​នឹង​ការ​រុក​រាន​កាប់​ឆ្ការ​ដី​ព្រៃ​របស់​រដ្ឋ​យក​ធ្វើ​ជា​កម្ម​សិទិ្ធ​ និង​បទ​រារាំង​មន្រ្ដី​អភិ​រក្ស​ធនធាន​ធម្ម​ជាតិ​ក្នុង​ការ​បំពេញ​ភារកិច្ច​។ ឥឡូវ​យើង​សម្រេច​ឃុំ​ខ្លួន​ពួក​គាត់​នៅ​ពន្ធនាគារ​ខេត្ដ​ព្រះសីហនុ​ហើយ»។

លោក​ លឹម ប៊ុនហេង ​បាន​ឲ្យ​ដឹងថា​ ពាក់​ព័ន្ធ​នឹង​ករណី​កាប់​គាស់ រុក​រាន​ដីព្រៃ​ ឆ្ការ ដុត​ និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ​នេះ ​ជន​ជាប់​ចោទ​ទាំង​ ២​ នាក់​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​ចាប់​ពី ៥-១០ ឆ្នាំ។

លោក ​នេត្រ ភក្ត្រា ​រដ្ឋ​លេខាធិការ ​និង​ជាអ្នក​នាំ​ពាក្យ​ក្រសួង​បរិស្ថាន​បាន​ឲ្យ​ដឹង​ថា​៖ ​«​ក្រៅ​ពីជន​ជាប់​ចោទ​២​រូប​ខាង​លើ​ ក៏​មាន​ជន​សម​គំនិត ២ ​រូប​ផ្សេង​ទៀត​ត្រូវ​បាន​សង្ស័យ​ជា​ជនសម​គំនិត​ក្នុង​ករណី​នេះ​ដែរ ​ ពេល​នេះ​សមត្ថ​កិច្ច​ខេត្ដ​ព្រះសីហនុ​កំពុង​បន្ដ​ស៊ើប​អង្កេត»។

លោក ​នេត្រ ភក្រ្ដា ​បន្ដ​ថា ​ជន​ជាប់​ចោទ​ជា​មេខ្លោង​ ២ ​នាក់​ ត្រូវបាន​ចៅ​ក្រម​ស៊ើប​អង្កេត​ នៃ​សាលា​ដំបូង​ខេត្ត​ព្រះ​សីហនុ ដាក់​ឲ្យ​ស្ថិត​ក្រោម​បទចោទពី​បទ កាប់​គាស់ រុក​រាន​ដី​ព្រៃ​ ឆ្ការ ដុត និង​ឈូស​ឆាយ​ដី​ព្រៃ​ធ្វើ​ជា​កម្ម​សិទ្ធិ​តាម​បញ្ញត្តិ​មាត្រា ៥៦ ចំណុច​ទី​៤ និង​មាត្រា ៦២ ចំណុច​ទី​ ១ នៃ​ច្បាប់​ ស្តី​ពី​តំបន់​ការពារ​ធម្មជាតិ។

បទ​រា​រាំង​មន្ត្រី​រដ្ឋ​បាល​ការ​ពារ និង​អភិរក្ស​ធន​ធាន​ធម្ម​ជាតិ​ចុះ​អនុវត្ត​តួនាទី និង​ភារ​កិច្ច​ ដែលជាបទ​ល្មើស​ព្រហ្ម​ទណ្ឌ​ដែល​មាន​ចែង និង​បញ្ញត្តិ​តាម​មាត្រា ៥៦ ចំណុច​ទី៣ និង​មាត្រា ៦១ ចំណុច​ទី៧ ​នៃ​ច្បាប់​ស្តី​ពី​តំបន់​ការ​ពារ​ធន​ធាន​ធម្ម​ជាតិ ប្រព្រឹត្ត​ នៅ​ភូមិ​ស្មាច់ដែង ឃុំ​រាម ស្រុក​ព្រៃនប់​ ខេត្ត​ព្រះ​សីហនុ​ កាល​ពីថ្ងៃ​ទី​ ២៣ ខែ​ មីនា ឆ្នាំ ២០១៩ បន្ទាប់​ពី​បំពាន​ច្បាប់ និង​មិន​ស្តាប់​ការណែ​នាំ​របស់​សមត្ថកិច្ច។

គួរ​បញ្ជាក់​ថា​ នៅ​លើ​ទី​តាំង​កើត​ហេតុ​ជាក់​ស្ដែង​ ក្រុម​ការ​ងារ​សមត្ថ​កិច្ច​ចម្រុះ​ខេត្ដ​ព្រះ​សីហនុ ​បាន​ណែនាំ​ឲ្យ​ម្ចាស់​សំណង់​ខ្ទម​អនា​ធិប​តេយ្យ ​ឈ្មោះ ស៊ឹប ពន្លក និង តាំង ​កែន ​បញ្ឈប់​សកម្ម​ភាព និង​ធ្វើ​ការ​រុះ​រើ​សំណង់​ខុស​ច្បាប់​នោះ​ចេញ​វិញ​ដោយ​ខ្លួន​ឯង​ប៉ុន្ដែ​បុរស​ខាងលើនេះ​ មិន​ព្រម​សហ​ការ​ជា​មួយ​នឹង​ក្រុម​ការ​ងារ​ចម្រុះ​ឡើយ ​ហើយ​នៅ​តែ​បន្ត​ផ្គើន ​និង​ធ្វើ​សកម្ម​ភាព​ខុស​ច្បាប់​សាង​សង់​សំណង់​អនា​ធិបតេយ្យ ​និង​កាប់​ទន្ទ្រាន​ព្រៃ​ដដែល​ទើប​សមត្ថ​កិច្ច​សម្រេច​ឃាត់​ខ្លួន​តែម្ដង។

ក្រសួង​បរិ​ស្ថាន​ កាល​ពីថ្ងៃ​ទី​ ២៣ ​ខែ មីនា ​បាន​ព្រមាន​ចំពោះ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ដែល​បាន​ និង​កំពុង​កាន់​កាប់​ និង​លក់​ដូរ​ដីធ្លី​នៅ​ក្នុង​តំបន់​ឧទ្យាន​ជាតិ​ព្រះ​សីហនុ​ (រាម) ខេត្ត​ព្រះ​សី​ហនុ​ត្រូវ​បញ្ឈប់​ជា​បន្ទាន់​ នូវ​សកម្ម​ភាព​ល្មើស​ច្បាប់​នេះ។ បើ​នៅ​តែ​បន្ត​សកម្ម​ភាព​ទិញ​លក់​ដូរ​ដីធ្លី​ក្នុង​ឧទ្យានជាតិ​នេះ​ដោយ​ខុស​ច្បាប់​ នឹង​ត្រូវ​ប្រឈម​មុខ​ច្បាប់។

តំបន់​ឧទ្យាន​ជាតិ​រាម​មាន​ផ្ទៃដី​ទំហំ​ ១៥០ ០០០ ហិកតា​ ត្រូវ​បាន​បង្កើត​ជា​ឧទ្យាន​ជាតិ​ព្រះសី​ហនុ ​(រាម) ដោយ​ព្រះរាជ​ក្រឹត្យ​កាល​ពី​ឆ្នាំ ១៩៩៣ ​រហូត​មក​ដល់​បច្ចុប្បន្ន៕