ភ្នំពេញៈ ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​នឹង​បញ្ជូន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​ ៣ ​នាក់​ ទៅ​តុលាការ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ក្រោយ​បញ្ចប់​ការសាកសួរ បន្ទាប់ពី​ជនសង្ស័យ​ទាំងនេះ​ត្រូវបាន​សមត្ថកិច្ច​ឃាត់​ខ្លួន​កាលពី​ថ្ងៃទី​ ៥ ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​ពី​ប្រទេស​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។

លោក​ កែវ ធា ​ប្រធាន​ការិយាល័យ​ប្រយុទ្ធប្រឆាំង​ការជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា កម្លាំង​សមត្ថកិច្ច​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​ខណ្ឌដូនពេញ​បាន​ចុះ​ប្រតិបតិ្តការ​ស្រាវជ្រាវ​ឃាត់​ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ ៥ ​នាក់ ​ក្នុង​នោះ​ស្ត្រី​រងគ្រោះ​ ២ ​នាក់ និង​មេខ្យល់​ប្រុស​ស្រី​ ៣ ​នាក់​ កាលពី​ថ្ងៃទី​ ៥ វិច្ឆិកា​ ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​។ ពួកគេ​ត្រូវបាន​ឃាត់​ខ្លួន​នៅ​ចំណុច​ចំណត​រថយន្ត​ក្រុង​មួយ​ឈ្មោះ​ (​វ៉ាងរ៉ិច​) ​ស្ថិត​នៅ​ផ្លូវ​លេខ​ ១៤៤ កែង​ផ្លូវ​លេខ​ ៤៩ សង្កាត់​ផ្សារ​ថ្មី​ ៣ ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ​។

លោក​ កែវ ធា បាន​បង្ហាញ​ថា​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​ ៣ ​នាក់​ពាក់ព័ន្ធ​ករណី​ជួញដូរ​មនុស្ស​ឆ្លងដែន​នេះ​មាន​ឈ្មោះ ពៅ ដែន ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​។ ឈ្មោះ រ៉ន សុភា ភេទ​ប្រុស អាយុ ២១ ​ឆ្នាំ ជនជាតិ​ខ្មែរ​ជា​សន្តិសុខ និង​ឈ្មោះ ចិត្ត ស្រីពេជ្រ ភេទ​ស្រី អាយុ​ ២៧ ​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​បម្រើ​ការងារ​ក្នុង​ក្លិប​ខារ៉ាអូខេ​។

ជនសង្ស័យ​ទាំង​ ៣ ​នាក់​ កំពុង​ត្រូវ​បាន​សាកសួរ​នៅ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ហើយ​នឹង​បញ្ជូន​ទៅ​តុលាការ​រាជធានី​ភ្នំពេញ​នៅថ្ងៃនេះ​។ លោក​បាន​បញ្ជាក់ថា​៖ «​ជនសង្ស័យ​ទាំង​ ៣ ​នាក់ ​ដែល​យើង​ឃាត់ខ្លួន​បាន ឥឡូវ​យើង​កំពុង​សាកសួរ​នៅឡើយ​។ ស្អែក​ (​ថ្ងៃ​ព្រហស្បតិ៍​) ​យើង​នឹង​បញ្ជូន​ទៅ​តុលាការ​ហើយ​។ ជនសង្ស័យ​នេះ​បាន​រៀប​គម្រោង​យក​ជនរងគ្រោះ​ទៅ​ប្រទេស ​ចិន​ ដោយ​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម​។ ចំណែក​ជនរងគ្រោះ​ទាំង​ ២ ​នាក់​ យើង​បាន​បញ្ជូន​ពួកគាត់​ទៅកាន់​គ្រួសារ​វិញ​ហើយ​»​។

តាម​របាយការណ៍​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​មុន​ឈាន​ដល់​ការឃាត់ខ្លួន​នេះ កម្លាំង​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​បាន​ស្រាវជ្រាវ​ជាច្រើន​ថ្ងៃ​ទើប​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ភ្លាមៗ​តែម្ដង​។

របាយការណ៍​បញ្ជាក់​ថា​មុនពេល​ពួក​នារី​រងគ្រោះ​សម្រេចចិត្ត​ទៅ​ប្រទេស ​ចិន គឺ​ស្ត្រី​ម្នាក់​ដែល​ជា​មេខ្យល់​បាន​ទាក់ទង និង​លួងលោម​ថា បើ​ពួកនាង​ព្រម​ទៅ​ប្រទេស ​ចិន​ ពេល​ទៅ​ដល់​ភ្លាម​នឹង​ទទួល​បាន​ប្រាក់​ម្នាក់​ពី​ ២ ០០០-៣ ០០០ ​ដុល្លារ​អាមេរិក​។ ក្នុងនោះ​រាល់​ការធ្វើ​ឯកសារ និង​ធ្វើដំណើរ ភាគី​ខាង​មេខ្យល់​ជា​អ្នករ៉ាប់រង​ទាំងអស់​តែម្ដង​។

របាយការណ៍​បញ្ជាក់​ទៀត​ថា ព្រោះតែ​នារី​រងគ្រោះ​មិន​មាន​លិខិត​ឆ្លងដែន មេខ្យល់​បាន​ប្រាប់​ថា​នឹង​នាំទៅ​ធ្វើ​លិខិត​ឆ្លងដែន​ដោយ​ចំណាយ​ពេលធ្វើ​ត្រឹម​តែ​ ១ ​ថ្ងៃ​ នឹង​រួចរាល់​។ ក្រោយពី​ធ្វើ​លិខិត​ឆ្លងដែន​រួច​នឹង​ធ្វើ​ដំណើរ​ទៅ​តាម​ច្រកព្រំដែន​អន្តរជាតិ​បាវិត​។ នៅពេល​ទៅ​ដល់​ហូជីមិញ គឺ​មាន​មេខ្យល់​ចាំ​ទទួល​ដើម្បី​នាំ​ឆ្លងដែន​ទៅ​ប្រទេស​ ចិន​ តែម្ដង​។

លោក យឹម វរៈ អគ្គលេខាធិការរង អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៃ​ក្រសួង​មហាផ្ទៃ​បញ្ជាក់​ថា​ចំពោះ​ការទប់ស្កាត់ និង​ប្រឆាំង​ការជួញដូរ​មនុស្ស​នេះ រាជរដ្ឋាភិបាល​ក៏ដូចជា​ក្រសួងមហាផ្ទៃ​បានបង្កើត​ផែនការ​សកម្មភាព​ជាតិ​ឆ្នាំ ២០១៩-២០២៣ ដើម្បី​ឆ្លើយតប​ឈាន​ទៅ​ការអនុវត្ដ​អន្តរក្រសួង​លើ​បញ្ហា​ការជួញដូរ​មនុស្ស​នេះ​។

លោក​ថ្លែងថា​៖ «​នៅ​ថ្ងៃ​ពុធ​នេះ​ (​ម្សិលមិញ​) ​សម្ដេច​នាយក​រដ្ឋមន្ដ្រី (​ហ៊ុន សែន ​) ​ក៏​បាន​ថ្លែង​ក្នុង​ការបើក​សន្និសីទ​អគ្គព្រះរាជអាជ្ញា​អាស៊ាន-ចិន​ លើក​ទី​ ១២ នៅ​ខេត្ត​សៀមរាប ដោយ​លោក​បាន​លើកឡើង​ពី​បញ្ហា​នៃ​ការប្រយុទ្ធ​ប្រឆាំង​នៃ​ការជួញដូរ​មនុស្ស​នេះដែរ​។ ក្នុង​នោះ​ជំហរ​របស់​រាជរដ្ឋាភិបាល​បាន​ប្ដេជ្ញា​ចិត្ដ​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​ការជួញដូរ​មនុស្ស​»៕