ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Motegi Toshimitsu ថ្លែងថា ជប៉ុន​នឹង​គាំទ្រ​កម្ពុជា​ក្នុងការ​កែលម្អ​បរិស្ថាន​នៅ​តាម​ទីក្រុង និង​ការចាត់​វិធានការ​ចំពោះ​កាកសំណល់​ប្លាស្ទិក​ក្នុង​សមុទ្រ​ព្រមទាំង​ការកសាង​សមត្ថភាព​ប្រឆាំង​អំពើ​ភេរវកម្ម និង​គម្រោង​ផ្ដល់​​ឥណទាន​ដោះស្រាយ​វិបត្តិ​កូវីដ​ផងដែរ​។

នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ពី​ម្សិលមិញ​។

ការប្រកាស​គាំទ្រ​របស់​ជប៉ុន​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​ពិភាក្សា​តាម​ទូរស័ព្ទ​រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ការបរទេស និង​សហប្រតិបតិ្តការ​អន្តរជាតិ​ជាមួយ​លោក​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន Motegi Toshimitsu កាលពី​ថ្ងៃទី​ ២១ ខែ​តុលា​។

ក្រៅពី​គាំទ្រ​លើ​បញ្ហា​ទាំង​ ៣ ​នេះ ជប៉ុន​ក៏​នឹង​ផ្តល់​ឥណទាន​សម្បទាន​ចំនួន​ ២៥ ​ពាន់​លាន​យ៉េន ឬ​ប្រមាណ​ ២៣៤,៦ ​លាន​ដុល្លារ​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​គាំទ្រ​ដល់​ការឆ្លើយតប​បន្ទាន់​ទៅនឹង​វិបត្តិ​កូវីដ​ ១៩​។ ​ជប៉ុន​ក៏​នឹង​គាំទ្រ​កម្ពុជា​​នៅពេល​កម្ពុជា​ធ្វើជា​ប្រធាន​ប្តូរ​វេន​អាស៊ាន​ក្នុង​ឆ្នាំ​ ២០២២ ​ខាងមុខ​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ដដែល​។

លោក Motegi Toshimitsu ត្រូវ​បាន​តែងតាំង​សាជាថ្មី​ជា​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​កាលពី​ថ្ងៃ​ទី​ ១៦ ខែកញ្ញា​។ ​លោក​គឺជា​មន្ត្រី​ជាន់ខ្ពស់​​ទី​ ១ ដែល​បានមក​កម្ពុជា​កាលពី​ខែសីហា​ក្នុង​ពេល​ពិភពលោក​​មាន​ការរាតត្បាត​ជំងឺ​កូវីដ​ ១៩​។

បើ​តាម​ក្រសួង​ការបរទេស​​កម្ពុជា​លោក Motegi Toshimitsu បានបញ្ជាក់​ជាថ្មី​ម្តងទៀត​​នូវ​ឆន្ទៈ​របស់​ខ្លួន​ក្នុង​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី និង​កិច្ចសហប្រតិបតិ្តការ​ជាមួយ​កម្ពុជា​នៅ​ក្រោម​ការដឹកនាំ​របស់​រដ្ឋាភិបាល​ថ្មី​របស់​ជប៉ុន​។

ក្រសួង​ការបរទេស​បញ្ជាក់ថា​៖ «​ទន្ទឹមនេះ ឯកឧត្តម Motegi បាន​សម្តែង​នូវ​សមានចិត្ត​ជូន​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដែល​ទទួលរង​នូវ​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ទឹកជំនន់​ដ៏​ធ្ងន់ធ្ងរ​។ ​ឯកឧត្តម​បាន​មាន​ប្រសាសន៍​ថា ជប៉ុន​​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ជួយ​កម្ពុជា​ក្នុង​ការដោះស្រាយ​ការលំបាក​នេះ​»​។

លោក ប្រាក់ សុខុន ថ្លែង​​អំណរគុណ​ដល់​ជប៉ុន​ដែល​គាំទ្រ​ដល់​កម្ពុជា និង​សម្ដែង​ការរីករាយ​ដែល​ប្រទេស​ទាំង​ ២ ​កំពុង​អនុវត្ត «​ច្រក​សម្រាប់​ការស្នាក់នៅ​» ​សម្រាប់​អ្នកដំណើរ​ដែល​ស្នាក់នៅ​រយៈពេល​លើសពី​ ១៤ ​ថ្ងៃ​។ ​លោក​សង្ឃឹមថា​ «​ច្រក​សម្រាប់​​ធុរកិច្ច​» ​សម្រាប់​អ្នកដំណើរ​ដែល​ស្នាក់នៅ​រយៈពេល​ក្រោម ១៤ ​ថ្ងៃ​នឹង​អាច​អនុវត្ត​បាន​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ​។

ក្រសួង​ការបរទេស​បញ្ជាក់​ថា​៖ «​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​បាន​បញ្ជាក់​ឡើងវិញ​នូវ​បំណងប្រាថ្នា​រួម និង​ឆន្ទៈ​ដ៏មុតមាំ​ក្នុង​ការជំរុញ​កិច្ចសហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង​ ២ លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​រឹងមាំ​ថែមទៀត​ដើម្បី​ជា​ប្រយោជន៍​ទៅវិញ​ទៅមក​សម្រាប់​​ប្រទេស​ទាំង​ ២»​។

លោកស្រី Kubo Tomoko លេខា​ទី​ ១ នៃ​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជំនួយ​របស់​ជប៉ុន​សម្រាប់​កែលម្អ​បរិស្ថាន​គឺ​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ប្លាស្ទិក​ដោយ​ចីរភាព និង​គ្រប់គ្រង​ឱ្យមាន​ប្រសិទ្ធភាព​។

លោកស្រី​ថ្លែងថា​៖ «​គម្រោង​នេះ​នឹង​បង្កើត​នូវ​គោលនយោបាយ និង​បញ្ញត្ដិ​លើក​កម្ពស់​ការយល់ដឹង និង​គាំទ្រ​ការកាត់បន្ថយ​សំណល់​ប្លាស្ទិក ព្រមទាំង​ការណែនាំ និង​ការលើកកម្ពស់​ដល់​បច្ចេកវិទ្យា​ថ្មី​ដូចជា​ការប្រើ​ឡើងវិញ និង​ការជ្រើសរើស​យក​វត្ថុ​ផ្សេង​ជំនួស​ប្លាស្ទិក​»​។

ពាក់ព័ន្ធ​នឹង​ការបណ្ដុះបណ្ដាល​សមត្ថភាព​ប្រឆាំង​នឹង​អំពើ​ភេរវកម្ម​លោកស្រី Kubo Tomoko បាន​ឱ្យ​ដឹងថា ជប៉ុន​នឹង​ផ្ដល់នូវ​សម្ភារ​មួយចំនួន​សម្រាប់​កិច្ចការ​សន្តិសុខ និង​ប្រឆាំង​អំពើ​ភេរវកម្ម​។ ​ព័ត៌មាន​លម្អិត​អំពី​កិច្ចការ​ទាំងនេះ​នឹង​ត្រូវ​សម្របសម្រួល​រវាង​រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​កម្ពុជា​ហើយនឹង​បញ្ចេញ​នៅពេល​ក្រោយ​។

ពាក់ព័ន្ធ​នឹង​ការគាំទ្រ​របស់​ជប៉ុន​លើ​ការកែលម្អ​បរិស្ថាន​នេះ​លោក នេត្រ ភក្ត្រា អ្នក​នាំពាក្យ​ក្រសួងបរិស្ថាន​បាន​អរគុណ និង​ស្វាគមន៍​ចំពោះ​ព័ត៌មាន​នេះ​។ ​

លោក​ថា​៖ «​ក្រោម​ជំនួយ​គាំទ្រ​របស់​ជប៉ុន កម្ពុជា​ជឿជាក់​ថា​នឹង​ធ្វើឱ្យ​បរិស្ថាន​នៅតាម​ទីក្រុង និង​ទីប្រជុំជន​រួម​នឹង​នៅតាម​សហគមន៍​នានា​មាន​អនាម័យ​ល្អ​ស្អាត​។ ជាមួយ​គ្នា​នេះ រាជរដ្ឋាភិបាល​កម្ពុជា​បាន និង​កំពុង​អនុវត្ត​ផែនការ​សកម្មភាព​ផ្សេងៗ​ដើម្បី​កែលម្អ​បរិស្ថាន​ក្នុងនោះ​ផ្តោតលើ​ការគ្រប់គ្រង​គុណភាព​ខ្យល់ គុណភាព​ទឹក ការគ្រប់គ្រង​សំណល់​សំរាម និង​ការគ្រប់គ្រង​ការប្រើប្រាស់​ប្លាស្ទិក និង​ការផ្សព្វផ្សាយ​អប់រំ​ដើម្បី​បណ្តុះ​ស្មារតី​ឱ្យ​ពលរដ្ឋ​ស្រឡាញ់​បរិស្ថាន និង​ផ្លាស់ប្តូរ​ឥរិយាបថ​ពលរដ្ឋ​ឱ្យ​គិតគូរ និង​ចូលរួម​សម្អាត​អនាម័យ​បរិស្ថាន​កាន់តែ​ប្រសើរ​ជាង​មុន​»​។

បើតាម​លោក ភក្ត្រា ក្នុង​ ១ ​ថ្ងៃ​កម្ពុជា​មាន​សំរាម​ចំនួន​ជាង​ ១ ​ម៉ឺន​តោន ក្នុង​នោះ​នៅ​រាជធានី​ភ្នំពេញ​មាន​ចន្លោះ​ពី​ ២ ៧០០ ទៅ​ ៣ ០០០ ​តោន​។ ក្នុងចំណោម​សំរាម​ទាំងនេះ​មាន​ ៦៥ ​ភាគរយ​ជា​សំណល់​សរីរាង្គ ប្រមាណ​ ២០ ​ភាគរយ​ជា​សំណល់​ប្លាស្ទិក និង​នៅសល់​ជា​សំណល់​រឹង​។

លោក ហុង វណ្ណៈ អ្នក​ស្រាវជ្រាវ​នៅ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​ថ្លែងថា ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​ជប៉ុន​មិនដែល​មាន​ភាពរកាំរកូស​ជាមួយ​គ្នា​ទេ ទាំង​ទិដ្ឋភាព​នយោបាយ និង​ប្រវត្តិសាស្ត្រ និង​សេដ្ឋកិច្ច​។ លោក​យល់ថា កម្ចី​ដែល​ជប៉ុន​ផ្ដល់​នេះ​មាន​ភាពចាំបាច់​សម្រាប់​​កម្ពុជា​ក្នុង​ការអភិវឌ្ឍ​ប្រទេស​លើ​វិស័យ​ផ្សេងៗ ដែល​ប៉ះពាល់​ពី​កូវីដ​ ១៩​។

លោក​ថ្លែងថា​៖ «​ខ្ញុំ​យល់ឃើញ​​ថា អ្វីដែល​ជប៉ុន​ធ្វើ​គឺ​ជប៉ុន​បានកំណត់​គោលដៅ និង​គោលនយោបាយ​របស់​ខ្លួន​ជាក់លាក់ បំពេញ​តួនាទី​ក្នុង​នាម​ជា​ដៃគូ​ពាណិជ្ជកម្ម​ផង ការសម្របសម្រួល​ផង និង​ក្នុង​នាម​មនុស្សធម៌​ផង​»៕