ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Motegi Toshimitsu បាន​លើកឡើងថា ជប៉ុន​នឹង​បើក​ជើង​ហោះហើរ​ជាមួយ​កម្ពុជា​ឡើងវិញ​នៅ​ដើមខែ​ក្រោយ សម្រាប់​អ្នកដំណើរ​ជា​ធុរកិច្ច និង​អ្នកដំណើរ​ស្នាក់នៅ​រយៈពេល​យូរ ដើម្បី​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២​។

ការប្រកាស​ពី​គម្រោង​បើក​ជើង​ហោះហើរ​ឡើងវិញ​នេះ គឺ​ធ្វើ​ឡើង​នៅពេល​លោក Motegi បាន​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​នៅ​ថ្ងៃទី​ ២១ និង​ ២២ ​សីហា ដើម្បី​ជួបពិភាក្សា​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​លោក ប្រាក់ សុខុន ដើម្បី​ពិភាក្សា​ពី​ការពង្រឹង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ ២​។

ក្រសួង​ការបរទេស​ជប៉ុន​បាន​បញ្ជាក់​នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា នៅក្នុង​កិច្ចពិភាក្សា​ជាមួយ​លោក ហ៊ុន សែន លោក Motegi បាន​លើកឡើង​ពី​សារៈសំខាន់​នៃ​ការបើក​ដំណើរការ ការធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ ២ ​ជា​បណ្ដើរៗ​ឡើង​វិញ រួមទាំង​អ្នកដំណើរ​ធុរកិច្ច​ឆ្លង​ព្រំដែន​។

លោក Motegi បញ្ជាក់​ថា ប្រទេស​ជប៉ុន​ នឹង​ចាប់ផ្តើម​បើក​ដំណើរការ​ការធ្វើ​ដំណើរ​សម្រាប់​អ្នក​ស្នាក់នៅ​នៅ​ដើមខែ​កញ្ញា ដែល​នឹង​អនុញ្ញាតឱ្យ​អ្នកស្នាក់នៅ​រយៈពេល​យូរ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​ទាំង​ ២ ប៉ុន្តែ​ត្រូវ​អនុវត្ត​វិធានការ​ចត្តាឡីស័ក​ ១៤ ​ថ្ងៃ​នៅ​ផ្ទះ​ ឬ​តំបន់​ដែល​បានកំណត់​ផ្សេងទៀត​។

សេចក្ដី​ប្រកាស​ព័ត៌មាន​លើក​ឡើង​ថា​៖ «​លោក​រដ្ឋមន្ត្រី Motegi ក៏បាន​ថ្លែង​ដែរ​ថា ប្រទេស​ជប៉ុន​នឹង​ទទួល​យក​និស្សិត​អាហារូបករណ៍​ពី​ប្រទេស​កម្ពុជា នៅពេល​កំណត់​ឱ្យ​បាន​ឆាប់​បំផុត​»​។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Motegi​។ រូបថត SPM

ក្រសួង​ការបរទេស​ជប៉ុន​បន្ថែម​ថា នៅក្នុង​ដំណើរ​ទស្សនកិច្ច​នេះ​លោក Motegi ក៏បាន​លើកឡើង​អំពី​ការបន្ត​ជួយ​របស់​ជប៉ុន សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​ការអភិវឌ្ឍ​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​នៅ​កម្ពុជា​រួមទាំង​ពិភាក្សា​អំពី​បញ្ហា​ក្នុង​តំបន់ និង​អន្តរជាតិ​ដូចជា​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង និង​បញ្ហា​នៅ​ប្រទេស​កូរ៉េ​ខាង​ជើង​។

ចំណែក​លោក ហ៊ុន សែន បាន​អរគុណ​រដ្ឋាភិបាល​ជប៉ុន​ដែល​តែង​ផ្ដល់​ជំនួយ​ដល់​កម្ពុជា​នាពេល​កន្លងមក រួមទាំង​ការជួយ​ពលករ និង​និស្សិត​កម្ពុជា​ដែល​កំពុង​សិក្សា និង​បម្រើ​ការងារ​នៅឯ​ប្រទេស​ជប៉ុន​។ លោក​បន្តថា ការបើក​ដំណើរការ​ការធ្វើដំណើរ​ទៅវិញ​ទៅមក​រវាង​ប្រទេស​ទាំង ២ ​ឡើង​វិញ​នាពេល​ខាងមុខ​នឹង​អាច​នាំមក​នូវ​ទំនាក់ទំនង​កាន់តែ​ខ្លាំងក្លា​បន្ថែមទៀត និង​ជំរុញ​ដំណើរការ​សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ ​ជា​បន្តទៀត​។

ទំព័រ​ហ្វេសប៊ុក​របស់​លោក​ ហ៊ុន សែន ​បាន​សរសេរ​ថា​៖ «(​លោក​ ហ៊ុន សែន​) ស្នើ​ឲ្យ​មាន​ការហោះហើរ​ឡើងវិញ​របស់​ក្រុមហ៊ុន​អាណា ដែល​ការហោះហើរ​នេះ​នឹង​អាច​នាំឲ្យ​ការធ្វើ​ដំណើរ​រវាង​ប្រទេស​ទាំង​ ២ មាន​សភាពការណ៍​ធម្មតា​ឡើងវិញ ជាពិសេស​ត្រូវ​អនុវត្ត​នូវ​វិធានការ​មួយចំនួន​ផងដែរ​។ ការហោះហើរ​ឡើងវិញ​នេះ​នាំឲ្យ​មាន​ការកើនឡើង​ក្នុង​ទំហំ​ពាណិជ្ជកម្ម និង​វិនិយោគ​ផងដែរ​»​។

បើ​តាម​លោក​នាយក​រដ្ឋមន្ត្រី​កាលពី​ឆ្នាំ​ ២០១៩ កម្ពុជា-ជប៉ុន​ មាន​ទំហំ​ពាណិជ្ជកម្ម​ប្រមាណ​ ២ ​ពាន់​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​នោះ​កម្ពុជា​នាំ​ចេញ​ទៅ​ជប៉ុន​ ១,២ ​ពាន់​លាន​ដុល្លារ ហើយ​ជប៉ុន​នាំ​ចូលមក​កម្ពុជា​វិញ ០,៨ ​ពាន់​លាន​ដុល្លារ​។ ទំព័រ​ហ្វេសប៊ុក​របស់​លោក ហ៊ុន សែន បញ្ជាក់​ទៀត​ថា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​ក៏​បាន​អបអរ​ប្រទេស​កម្ពុជា ដែល​បាន​ចាត់វិធានការ​ល្អប្រសើរ​ក្នុងការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩​។

ចំណែក​ក្រសួង​ការបរទេស​កម្ពុជា​ក៏បាន​បញ្ជាក់​ដែរថា លោក​ ប្រាក់ សុខុន និង​លោក Motegi បាន​ពិភាក្សា​អំពី​ដំណើរការ​អនុវត្ត​គម្រោង​សំខាន់ៗ​នៅ​កម្ពុជា​រួមទាំង​គម្រោង​អភិវឌ្ឍន៍​កំពង់ផែ​ក្រុង​ព្រះសីហនុ​ដើម្បី​ឲ្យ​កំពង់ផែ​នេះ ទទួល​កប៉ាល់​ធំៗ​ចូល​ចត​បាន និង​ការស្ថាបនា​ផ្លូវជាតិ​លេខ​ ៥ ដែល​ការអភិវឌ្ឍ​ទាំងនេះ​នឹង​ពង្រីក​សកម្មភាព​វិនិយោគ និង​បង្កើន​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២​។

លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា​បាន​លើកឡើង​ថា តាម​លទ្ធផល​នៃ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​នេះ​គឺ​ភាគី​ជប៉ុន​មិន​បាន​លើកយក​បញ្ហា​ផ្ទៃក្នុង​របស់​កម្ពុជា ទៅ​ពិភាក្សា​ឡើយ ថ្វីដ្បិត​មាន​ការអំពាវនាវ​ពី​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ និង​អង្គការ​សង្គម​ស៊ីវិល​នៅ​កម្ពុជា​មួយចំនួន​ដែល​ចង់ឱ្យ​រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន លើក​យក​រឿង​បញ្ហា​សិទ្ធិមនុស្ស និង​ដំណើរការ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទៅ​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កម្ពុជា​ក្ដី​។

លោក​ថា​៖ «​ជប៉ុន​មាន​ការប្រយ័ត្នប្រយែង​ណាស់​ក្នុង​ការលើក​យក​បញ្ហា​ណា​មក​ពិភាក្សា​ជាមួយ​ដៃគូ​។ ជាពិសេស​ជាមួយ​កម្ពុជា​។ យើង​កម្រ​ឃើញ​ជប៉ុន​លើក​យក​បញ្ហា​ផ្ទៃក្នុង​ ឬ​បញ្ហា​រសើប​មក​ពិភាក្សា​ជាមួយ​ថ្នាក់ដឹកនាំ​កំពូល​កម្ពុជា​ណាស់ គឺ​មាន​ន័យថា គាត់​គោរព​អធិបតេយ្យភាព​ផ្ទៃក្នុង​របស់​កម្ពុជា​ជានិច្ច​។ ជប៉ុន​មិន​ដើរតួ​ជា​អ្នកនាំពាក្យ​នាំ​សម្ដី​ឱ្យ​អង្គការ​ណាមួយ​ទៅ​និយាយ​ជាមួយ​ថ្នាក់ដឹកនាំ​នៃ​ប្រទេស​នោះ​ទេ ព្រោះ​មិនមែន​ជា​ឥរិយាបថ​ការទូត​របស់​ប្រទេស​ជប៉ុន​ឡើយ​»៕

វីដេអូ៖