ភ្នំពេញៈ រាជរដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​កញ្ចប់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ឥត​សំណង​ប្រមាណ ៤១ លាន​ដុល្លារ​អាមេរិក​ តប​ទៅនឹង​សំណើ​របស់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ ៣ គឺ​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើង​នៃ​មន្ទីរពេទ្យបង្អែក​ខេត្ត​សៀមរាប គម្រោង​កម្មវិធី​អាហារូបករណ៍​អភិវឌ្ឍន៍​ធនធាន​មនុស្ស និង​គម្រោង​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ និង​សង្គម​។

នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ជប៉ុន​ស្ដីពី​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ស្ដីពី​ការផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​របស់​ជប៉ុន ក្រោម​អធិបតីភាព​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ការបរទេស និង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គ​រាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​កាលពី​ថ្ងៃទី​ ៥ ខែ​មិថុនា​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​ឲ្យ​ដឹងថា រដ្ឋាភិបាល​ជប៉ុន​បាន​សម្រេច​ផ្តល់​ជំនួយ​ឥតសំណង (ODA) ហិរញ្ញប្បទាន​ឥត​សំណង​ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន ៤ ៥០១ ​លាន​យ៉េន​ស្មើនឹង​ប្រមាណ ៤១,៤ ​លាន​ដុល្លារ​ដែល​បានផ្ដល់​ដោយ​រដ្ឋាភិបាល​ជប៉ុន​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​សម្រាប់​អនុវត្ត​គម្រោង​ចំនួន​ ៣ ដូចជា ទឹកប្រាក់​ប្រមាណ ៣,២ លាន​ដុល្លារ​សម្រាប់​គម្រោង​អភិវឌ្ឍន៍​ធនធាន​មនុស្ស​តាមរយៈ​កម្មវិធី​អាហារូបករណ៍​សម្រាប់​មន្ត្រី​កម្ពុជា​វ័យក្មេង​ដែល​មាន​ទេពកោសល្យ​ដើម្បី​បន្ត​ការសិក្សា​ថ្នាក់​អនុបណ្ឌិត​ និង​បណ្ឌិត​នៅ​ប្រទេស​ជប៉ុន​។ ទឹកប្រាក់​ប្រមាណ ១៩,៨ លាន​ដុល្លារ​សម្រាប់​ការធ្វើឱ្យ​ប្រសើរ​ឡើង​នៃ​មណ្ឌល​សុខភាព​ ​សម្ភារ​វេជ្ជសាស្ត្រ​ និង​សេវា​ថែទាំ​សុខភាព​នៅ​តាម​មន្ទីរពេទ្យ​បង្អែក​ក្នុង​ខេត្តសៀមរាប និង​ប្រមាណ ១៨,៤ លាន​ដុល្លារ​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម តាមរយៈ​ការផ្តល់​សម្ភារ​វេជ្ជសាស្ត្រ សម្រាប់​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩ ​នៅ​ប្រទេស​កម្ពុជា​។

លោក​ ប្រាក់ សុខុន បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​ផ្ដល់​ហិរញ្ញប្បទាន​ឥត​សំណង​នេះ​ដោយ​លោក​បាន​រំឭក​ថា​កាលពី​ថ្ងៃទី ២៤ ខែមីនា​ឆ្នាំ​នេះ​រដ្ឋាភិបាល​ជប៉ុន​បាន​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង និង​ឥណទាន​សម្បទាន​សរុប​ប្រមាណ​ ៣១០ ​លាន​ដុល្លារ​សម្រាប់ ក- ពង្រីក​ការផ្គត់ផ្គង់​ទឹក​នៅ​ក្រុង​តាខ្មៅ ខ- ការ​បោសសម្អាត​មីន និង​ជំនួយ​សម្រាប់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន គ- កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​ និង ឃ- ការធ្វើឲ្យ​ប្រសើរឡើង​នៃ​ផ្លូវជាតិ​លេខ​ ៥ ផងដែរ​។

លោក​ថ្លែងថា​៖ «​ខណៈ​ដែល​ប្រទេស​នៅ​ជុំវិញ​ពិភពលោក​រួមទាំង​ជប៉ុន​ផង កំពុង​ប្រឈម​នឹង​ការលំបាក​ខ្លាំង​ផ្នែក​សេដ្ឋកិច្ច និង​ភាពមិន​ប្រាកដប្រជា ដោយសារ​ឥទ្ធិពល​នៃ​ជំងឺ​រាតត្បាត​កូវីដ ១៩ រដ្ឋាភិបាល​ជប៉ុន នៅតែ​បន្ត​ប្តេជ្ញាចិត្ត​គាំទ្រ​ដល់​ការអភិវឌ្ឍ​រយៈពេល​វែង​របស់​កម្ពុជា​។ ជំនួយ​ដែល​បាន​ចុះហត្ថលេខា​នៅថ្ងៃនេះ​នឹង​ធ្វើឲ្យ​ប្រសើរ​ឡើង​នូវ​សុខុមាលភាព​ និង​គុណភាព​ផ្នែក​ធនធាន​មនុស្ស​របស់​យើង​ដើម្បី​ឈាន​ទៅ​សម្រេចបាន​ពិពិធកម្ម​សេដ្ឋកិច្ច និង​សេចក្តីប្រាថ្នា​របស់​យើង​ក្នុង​ការប្រែក្លាយ​កម្ពុជា​ទៅ​ជា​ប្រទេស​ដែលមាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០៣០»​។

លោក ប្រាក់ សុខុន ថ្លែង​ថា​ក្នុង​នាម​រាជរដ្ឋាភិបាល​ និង​ប្រជាជន​កម្ពុជា​លោក​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ផ្តល់​កញ្ចប់​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ថ្មីៗ​ទាំងនេះ​បន្ថែម​លើ​ជំនួយ​សប្បុរសធម៌​ដែល​បាន​ផ្តល់​មក​កម្ពុជា​តាំងពី​ដើម​ទសវត្សរ៍​ឆ្នាំ​ ១៩៩០ ​មក​។

លោក​ថ្លែងថា​៖ «​ដោយសារ​មាន​ការចូលរួម​ចំណែក​មួយ​ផ្នែកធំ​ពី​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​របស់​ជប៉ុន ទើប​កម្ពុជា​បាន​អនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​របស់ខ្លួន​ប្រកប​ដោយ​ជោគជ័យ​ហើយ​បច្ចុប្បន្ន​បាន​ឈានដល់​ដំណាក់កាល​ទី​ ៤ និង​បាន​ជំរុញ​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​សម្រេច​បាន​ជាង ៧ ភាគរយ​ជា​រៀងរាល់​ឆ្នាំ​ក្នុង​រយៈពេល ២១ ​ឆ្នាំ​ចុង​ក្រោយនេះ​។ យើងខ្ញុំ​សង្ឃឹម​ថា កម្ពុជា​នឹងមាន​សម្ទុះ​រឹងមាំ​ និង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​ពី​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​១៩»​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ បាន​ថ្លែងថា នាពេល​បច្ចុប្បន្ន​នេះ​ ពិភពលោក​កំពុង​ប្រឈមមុខ​នឹង​ការគំរាមកំហែង​ដែល​មិន​ធ្លាប់មាន​ពីមុន​នៃ​ជំងឺ​កូវីដ​១៩​ហើយ​កិច្ចសហប្រតិបត្ដិការ​អន្តរជាតិ គឺ​មាន​សារៈសំខាន់​មិនអាច​ខ្វះ​បាន​។ វីរុស​ឆ្លង​នេះ​ក៏​ជា​ការគំរាមកំហែង​ដល់​អាយុជីវិត​មនុស្ស និង​សេចក្ដី​ថ្លៃថ្នូរ​របស់​បុគ្គល​ម្នាក់ៗ​ដែល​ជះឥទ្ធិពល​យ៉ាងធ្ងន់ធ្ងរ ដល់​សេដ្ឋកិច្ច​សង្គម​។

លោក​ថ្លែងថា​៖ «​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​ប្រទេស​ជប៉ុន​បាន​ដឹកនាំ​កិច្ចខិតខំ​ប្រឹងប្រែង​អន្តរជាតិ ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​ការធានារ៉ាប់រង​សុខភាព​សកល​។ ដោយ​ពិចារណា​ថា ជំងឺ​កូវីដ​១៩​កំពុង​ប៉ះពាល់​ដល់​បណ្ដា​ប្រទេស​ដែល​ប្រព័ន្ធ​សុខាភិបាល​នៅមាន​ភាពទន់ខ្សោយ ខ្ញុំ​សូមបញ្ជាក់​ជាថ្មី​ម្ដងទៀត​ពី​សារៈសំខាន់​នៃ​ការពង្រឹង​ប្រព័ន្ធ​សុខាភិបាល​នៅ​គ្រប់​ប្រទេស​ទាំងអស់​មិន​ត្រឹមតែ​វិធានការ​រោគសញ្ញា​ប៉ុណ្ណោះ​ទេ​។ ការប្ដេជ្ញា​ចិត្ដ​របស់​យើង គឺ​ផ្អែកលើ​គំនិត​នេះ និង​តម្រូវការ​របស់​កម្ពុជា​»៕