ភ្នំពេញៈ ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា​ផ្តល់​ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ ដោយ​ផ្តល់​ជា​សម្ភារ និង​រថយន្ត​ពន្លត់​អគ្គិភ័យ ដែល​គិត​ជា​ទឹកប្រាក់​ជាង ២០ ​ម៉ឺន​ដុល្លារ​ដល់​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ពន្លត់​អគ្គិភ័យ​នៅក្នុង​ទីក្រុង​។

ពិធី​ចុះហត្ថលេខា​ផ្ដល់​ជំនួយ​ឥតសំណង​សម្រាប់​គម្រោង​ទ្រង់ទ្រាយ​តូច​សន្តិសុខ​មនុស្សជាតិ​នេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ១៨ ខែ​មករា រវាង​លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ប្រទេស​ជប៉ុន​ប្រចាំ កម្ពុជា និង​លោក ឃួង ស្រេង អភិបាល​នៃ​គណៈអភិបាល​រាជធានី​ភ្នំពេញ​។

លោក ម៉េត មាសភក្តី អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ ១៨ មករា​ថា ក្រោម​ជំនួយ​ឥតសំណង​ប្រមាណ ២២ ​ម៉ឺន​ដុល្លារ​នេះ​នឹង​ផ្តល់​សន្តិសុខ​សុវត្ថិភាព​បន្ថែមទៀត​ដល់​មនុស្សជាតិ​ជាពិសេស​ពលរដ្ឋ​ដែល​កំពុង​រស់នៅក្នុង​ទីក្រុង​ភ្នំពេញ​ពាក់ព័ន្ធ​នឹង​ការបង្ការ និង​ការទប់ស្កាត់​ជុំវិញ​គ្រោះ​អគ្គិភ័យ​។ លោក​បញ្ជាក់ថា​៖ «​អរគុណ​នូវ​ជំនួយ​ដែល​បង្ហាញ​ពី​ទឹកចិត្ត​សប្បុរស​របស់​ប្រជាជន​ជប៉ុន​។ ទឹកចិត្ត​នេះ​បាន​បង្ហាញ​អំពី​ការស្រឡាញ់ ការរាប់អាន និង​ការយកចិត្ត​ទុកដាក់​ពី​ប្រជាជន​ជប៉ុន​មកលើ​ប្រជាជន​រស់នៅ​ភ្នំពេញ​»​។

លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ថ្លែងថា​នៅក្នុង​គម្រោង​នេះ​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយ​កាំជណ្ដើរ​កម្ពស់ ៤០ ​ម៉ែត្រ​ចំនួន​ ១ ​គ្រឿង ​ដែល​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រភេទ​នេះ គឺជា​លើក​ដំបូង​សម្រាប់​ដាក់​ឱ្យ​ប្រើប្រាស់​នៅ​រាជធានី​ភ្នំពេញ​ព្រមទាំង​រថយន្ត​ពន្លត់​អគ្គិភ័យ​ដែល​បំពាក់​ដោយសារ​ធាតុគីមី ចំនួន​ ១ ​គ្រឿង និង​រថយន្ត​បូមទឹក​ពន្លត់​អគ្គិភ័យ​ចំនួន​ ២ ​គ្រឿង​នឹង​ត្រូវ​បានដាក់​ឱ្យប្រើ​ប្រាស់​នៅក្នុង​រាជធានី​ភ្នំពេញ​ដើម្បី​បង្កើន​សមត្ថភាព​ពន្លត់​អគ្គិភ័យ​។

លោក​បន្ថែមថា ជាមួយ​គ្នា​នេះ​កម្មវិធី​បណ្តុះបណ្តាល​ស្តីពី​ប្រតិបត្តិការ និង​ការថែរក្សា​ឧបករណ៍​ពន្លត់​អគ្គិភ័យ​នេះ​ក៏​នឹងត្រូវ​បានរួម​បញ្ចូល​ផងដែរ ហើយ​កម្មវិធី​បណ្តុះបណ្តាល​នេះ​នឹង​ជួយ​អ្នក​ពន្លត់​អគ្គិភ័យ​ឱ្យ​ឆ្លើយតប​ចំពោះ​អគ្គិភ័យ​នៅក្នុង​អគារ​ខ្ពស់ៗ និង​ឧប្បត្តិហេតុ​នានា​ដែល​ពាក់ព័ន្ធ​នឹង​វត្ថុ​ធាតុ​ដែលមាន​គ្រោះថ្នាក់​ខ្ពស់​ដើម្បីឱ្យ​ពួកគេ​អាច​ធ្វើ​សកម្មភាព​បាន​លឿន និង​មាន​ប្រសិទ្ធភាព​ជាង​មុន​។

លោក​បញ្ជាក់ថា​៖ «​ជំនួយ​នេះ​នឹង​ជួយ​លើកកម្ពស់​សុវត្ថិភាព និង​ជួយ​ការពារ​ទ្រព្យសម្បត្តិ​របស់​ប្រជាជន​ប្រមាណ​ ៤ ​សែន​នាក់ នៅ​រាជធានី​ភ្នំពេញ​ក៏ដូចជា​ភ្ញៀវទេសចរ និង​អ្នកជំនួញ​ដែល​ធ្វើដំណើរ​មកពី​ជុំវិញ​ពិភពលោក​ផងដែរ​»​។

ស្រប​ពេល​ដែល​កិច្ចសន្យា​ផ្តល់​ជំនួយ​ឥតសំណង​នេះ ត្រូវបាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​កងកម្លាំង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ និង​ក្រុមហ៊ុន Safety Sakura Service Co. Ltd. ​ក៏ត្រូវ​បានធ្វើ​ឡើង​ផងដែរ​ក្នុង​គោលបំណង​សម្រេច​ឱ្យបាន​នូវ​ការធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​សមត្ថភាព​ពន្លត់​អគ្គិភ័យ និង​ជួយសង្គ្រោះ​របស់​កងកម្លាំង​ពន្លត់​អគ្គិភ័យ​រាជធានី​ភ្នំពេញ​។

រដ្ឋបាល​រាជធានី​ភ្នំពេញ កងកម្លាំង​ពន្លត់​អគ្គិភ័យ​កម្ពុជា និង​ក្រុមហ៊ុន Safety Sakura Service Co., Ltd. ​នឹង​សហការ​គ្នា​ក្នុង​គោលបំណង​ពង្រឹង​ទំនាក់ទំនង និង​សមត្ថភាព​បន្ថែមទៀត​ស្រប​តាម​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​នេះ​។ នេះ​បើតាម​ការលើកឡើង​របស់​លោក​ មិកាមិ ម៉ាសាហ៊ីរ៉ូ​។

លោក​ សន ជ័យ ប្រធាន​អង្គការសម្ព័ន្ធ​គណនេយ្យភាព​សង្គម​កម្ពុជា​បាន​លើកឡើងថា កន្លង​ទៅ​ស្ថានភាព​ជា​រួម​ក្នុង​ការបង្ការ​ពន្លត់​អគ្គិភ័យ​នៅ​ភ្នំពេញ ឬ​បណ្តា​ខេត្ត​គឺ​ឃើញ​មាន​តួអង្គ​ជាច្រើន​ដែល​ចេញពី​ខាង​មន្ត្រីប៉ូលិស​ផង និង​មន្ត្រី​ទាហាន​ផង​។ លោក​មើលឃើញ​ថា លទ្ធផល​ដែល​ជនរងគ្រោះ​ទទួលបាន​គឺ​ហាក់​មិន​ទទួលបាន​ការជួយ​សង្គ្រោះ​ដែល​ល្អ​ប្រសើរ​នោះទេ ព្រោះ​ការជួយ​សង្គ្រោះ​ភាគច្រើន​គឺ​ទទួលបាន​លទ្ធផល​តិចតួច ហើយ​ផ្ទុយ​ទៅវិញ​ការខូចខាត​ទ្រព្យសម្បត្តិ​ពលរដ្ឋ គឺ​ធ្ងន់ធ្ងរ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃើញថា យន្តការ និង​របៀប​ឆ្លើយតប​ការពន្លត់​អគ្គិភ័យ​នៅ​មាន​បញ្ហា​ច្រើនណាស់ ដែល​ត្រូវ​កែលម្អ ជាពិសេស​នៅពេល​មាន​ភ្លើង​ឆេះ​ផ្ទះ​ ឬ​អគ្គិភ័យ​ហ្នឹង មធ្យោបាយ​ជួយ​ជនរងគ្រោះ មធ្យោបាយ​ពន្លត់​ភ្លាមៗ ហើយ​និង​ធនធាន​ដែល​ត្រូវ​ប្រើ​គឺ​ខ្វះទឹក ខ្វះ​អី​មាន​រថយន្ត​ច្រើន​ដែល​ខ្វះ​សមត្ថភាព​ពន្លត់​។ ចុងក្រោយ​លិចឮ​ពាក្យ​ដដែលៗ គឺ​ជន​រងគ្រោះ​ត្រូវ​បង់លុយ ដើម្បី​ទទួល​បាន​ការជួយ​សង្គ្រោះ​ ខណៈ​ផ្លូវច្បាប់​មិន​តម្រូវ​ឱ្យ​ជនរងគ្រោះ​ត្រូវ​បង់លុយ​នោះទេ​»​។

ជុំវិញ​ជំនួយ និង​ការធ្វើឱ្យ​ប្រសើរឡើង​នូវ​សមត្ថភាព​ពន្លត់​អគ្គិភ័យ​នេះ​លោក សន ជ័យ រំពឹង​ថា រដ្ឋាភិបាល និង​ដៃគូ​អភិវឌ្ឍ​នឹង​ស្វែងរក​មធ្យោបាយ​ផ្សេងៗ​ដើម្បី​កែលម្អ​ប្រព័ន្ធ​នៃ​ការជួយ​សង្គ្រោះ​នេះ ឱ្យ​ទទួល​បាន​កម្រិត​ខ្ពស់ និង​កាត់បន្ថយ​ហានិភ័យ​ដែល​ជនរងគ្រោះ​បាន​ជួបប្រទះ​ដូចជា ការខាតបង់​ទ្រព្យសម្បត្តិ និង​អាយុជីវិត​៕

វីដេអូ៖