ភ្នំពេញៈ ជប៉ុន​នឹង​ផ្តល់ជំនួយ​ឥតសំណង​ជិត​ ៣០០០ ​លាន​យ៉េន (​ជិត​ ២៦ ​លាន​ដុល្លារ​) ​បន្ថែម​ទៀត​ដល់​កម្ពុជា សម្រាប់​គម្រោង​អភិវឌ្ឍន៍​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​នៅ​ភ្នំពេញ ខណៈ​ដែល​តំបន់​មួយ​ចំនួន​នៃ​រាជធានី​តែងតែ​ត្រូវ​ទឹក​ជន់​លិច​នៅពេល​ដែលមាន​ភ្លៀង​ខ្លាំង​ម្តងៗ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ពុធ​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីការបរទេស និង​លោក មិកាមិ ម៉ាសហ៊ីរ៉ូ (Mikami Masahiro) ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា​នឹង​ចុះហត្ថលេខា​លើ​ឯកសារ​ផ្តល់​ជំនួយ​ឥតសំណង​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ តាមរយៈ​ជំនួយ​នេះ ជប៉ុន​នឹង​សាងសង់​ស្ថានីយ​ប្រព្រឹត្ត​កម្ម​ទឹក​កខ្វក់​មុន​នឹង​បង្ហូរ​ចូល​ទៅ​ក្នុង​បឹង​ជើងឯក​ដែល​ស្ថិត​នៅ​ខាងត្បូង​រាជធានី​ភ្នំពេញ​។

សេចក្តី​ប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ជំនួយ​របស់​ជប៉ុន​នេះ​នឹង​រួមចំណែក​ដ៏សំខាន់​ដល់​ការធ្វើឱ្យ​ប្រសើរ​ឡើង​នូវ​បរិស្ថាន​រស់នៅក្នុង​ប្រទេស​កម្ពុជា​»​។

លោក កេត សោផាន់ អ្នកនាំពាក្យ​ក្រសួង​ការបរទេស​មិន​អាច​បញ្ជាក់​បន្ថែម​បាន​ទេ​ពី​ម្សិលមិញ​ដោយ​លោក​ប្រាប់ថា លោក​ជាប់​រវល់​បំពេញ​បេសកកម្ម​ការងារ​នៅ​ក្រៅ​ប្រទេស​។

លោក ម៉េត មាសភក្តី អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ថា ក្នុង​ការងារ​គម្រោង​ក្នុង​ក្របខ័ណ្ឌ​រាជធានី​ភ្នំពេញ សាលា​រាជធានី​ត្រូវ​តែ​អនុវត្ត​គម្រោង​នេះ​បន្ទាប់ពី​មាន​ការចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) ផ្សេងៗ​ពី​ស្ថាប័ន​រាជរដ្ឋាភិបាល​ក្នុង​ក្របខ័ណ្ឌ​ក្រសួង​ណាមួយ​ក្នុង​នាម​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​។

លោក​បញ្ជាក់ថា​ក្នុង​ការអនុវត្ត​ការងារ​ប្រព័ន្ធ​បង្ហូរទឹក​កខ្វក់​គឺ​ត្រូវ​រៀបចំ​ការចម្រោះ​តាម​បទដ្ឋាន​មុននឹង​បង្ហូរ​ទៅកាន់​ទីតាំង​ណាមួយ ឧទាហរណ៍ ដូចជា​ចូលទៅ​ទនេ្ល ឬ​បឹងបួរ​ផ្សេងៗ​ដែល​ជា​គោលដៅ​ចុងក្រោយ​ដើម្បី​ធ្វើឱ្យ​ប្រព្រឹត្តកម្ម​ទឹក​កខ្វក់​ដក​សារ​ជាតិពុល​នៅក្នុង​លក្ខណៈ​បច្ចេកទេស​។ «​ធម្មតា កាលណា​យើង​ដក​វា​ (​សារជាតិ​ពុល​) ​ទៅ​វា​ល្អ​ការងារ​បរិស្ថាន​»​។

លោក យ៉ង់ គិមអេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍ និង​សន្តិភាព​បាន​ស្វាគមន៍​ចំពោះ​ការយក​ចិត្ត​ទុកដាក់​របស់​ជប៉ុន​ដែល​តែងតែ​គិតគូរ​ផ្តល់​ជំនួយ​ដល់​កម្ពុជា​។ ប្រព័ន្ធ​ប្រឡាយ​មេ​បង្ហូរទឹក​សម្អុយ​ជាច្រើន​នៅ​ភ្នំពេញ​ត្រូវ​បាន​ជួយ​អស់ពី​ចិត្ត​ពី​ថ្លើម​ពី​សំណាក់​ជប៉ុន​។ នេះ​ជា​ការ​រីករាយ​មួយ ពីព្រោះ​សព្វថ្ងៃ​ភ្នំពេញ​ជួប​វិបត្តិ​ធំ​ផងដែរ​ក្នុង​ការបង្ហូរទឹក​ដែល​ធ្វើឱ្យ​មាន​ការកកស្ទះ​ហើយ​ធ្វើឱ្យ​លិចលង់​រាជធានី​នៅពេល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ម្តងៗ​។

លោក​ គិមអេង ​បន្ត​ថា​ការស្ទះ​ប្រព័ន្ធ​បង្ហូរទឹក​ដែល​ធ្វើឲ្យ​មាន​ការជន់​លិច​ពេល​មាន​ភ្លៀង​ខ្លាំង​ម្តងៗ​គឺ​ដោយសារ​តែ​បឹងបួ​មួយចំនួន​នៅ​ភ្នំពេញ​ជាទូទៅ​ត្រូវ​បាន​លុប ហើយ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​ខ្លះ​ត្រូវ​បាន​ចាក់​លុប​យក​ដី​សង់ផ្ទះ​ល្វែង​។

ប្រឡាយ​ខ្លះទៀត​ត្រូវ​បាន​បង្រួម​ឱ្យ​កាន់តែ​តូច​ដូចជា​នៅ​ម្តុំ​លូ​ ៥ ​ជាដើម​។ «​អ៊ីចឹង​យើង​អត់​អាច​អាង​តែ​ជប៉ុន​មកជួយ​ទេ ត្រូវតែ​យើង​ខិតខំ​ការពារ​បឹង​ ឬ​ក៏​ប្រឡាយ​បង្ហូរទឹក​ធម្មជាតិ​កុំ​ឱ្យ​លុប​វា​។ រក្សា​វា ហើយ​ពង្រីក​វា​ឱ្យ​អាច​ទឹក​ហូរ​បាន​ស្រួល​។ យើង​ដឹង​ហើយ​ថា ជំនួយ​គឺ​គេ​ជួយ​មួយចំណែក​ដើម្បី​ជួយ​បំពេញ​សមត្ថភាព ឬ​ក៏​ភាពខ្វះខាត​របស់​យើង​។ អ៊ីចឹង គេ​មិន​អាច​មក​ធ្វើឱ្យ​យើង​ ១០០ ​ភាគរយ​ ឬ​ក៏​ ៨០ ​ភាគរយ​អ៊ីចឹង​ទេ​។ ប្រសិន​បើ​យើង​បន្ត​លុប​បឹង​ធម្មជាតិ​នៅក្នុង​រាជធានី​ភ្នំពេញ​បន្តទៀត​ក្តីកង្វល់​កាន់តែ​ធំ​ហើយ​។ យើង​អាច​នឹង​ជួប​វិបត្តិ​ធំ​ក្នុង​ការលិចលង់​នូវ​ទឹក​សម្អុយ​។ យើង​ឃើញ​ហើយ នៅពេល​ភ្លៀង​ម្តងៗ​ទឹកខ្មៅ​ចេញ​ពី​លូ​»៕