ភ្នំពេញៈ រដ្ឋាភិបាល​ជប៉ុន​បាន​ប្រកាស​ផ្តល់​ភាគទាន​ថ្មី​ក្នុង​ទឹកប្រាក់​ជិត​ ១ ​លាន​ដុល្លារ​អាមេរិក​បន្ថែមទៀត​ដល់​ភាគី​ជាតិ និង​អន្តរជាតិ​នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ទ្រទ្រង់​ដំណើរការ​របស់​សាលាក្ដី​កូនកាត់​មួយ​នេះ និង​បន្ដដំណើរការ​លើ​សំណុំរឿង​ដែល​នៅ​សេសសល់​។

តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ចុះ​ថ្ងៃទី​ ២ ខែ មីនា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទើប​ទទួលបាន​ពី​ម្សិលមិញ​បាន​ឲ្យ​ដឹងថា រដ្ឋាភិបាល​ប្រទេស​ជប៉ុន​បាន​ផ្តល់​ភាគទាន​ចំនួន​ ៩៦០ ០០០ ដុល្លារ​ដល់​ភាគី​ជាតិ និង​អន្តរជាតិ​នៅ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ដើម្បី​ទ្រទ្រង់​ដល់​ដំណើរការ​របស់​សាលាក្ដី​ខ្មែរក្រហម​ក៏ដូចជា​លើក​ទឹកចិត្ដ​ឲ្យ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បន្ដ​ដំណើរការ​លើ​សំណុំរឿង​ដែល​នៅ​សេសសល់​ក្នុង​របៀប​មួយ​ដែល​មាន​ភាពត្រឹមត្រូវ មាន​ប្រសិទ្ធភាព និង​ឆាប់រហ័ស​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បន្តថា បើ​គិត​ត្រឹម​ថ្ងៃទី​ ៣១ ខែមករា ឆ្នាំ​ ២០២០ ជប៉ុន​បាន​ផ្ដល់​ជំនួយ​ជាង ៨៨ ​លាន​ដុល្លារ​ឬ ២៩ ភាគរយ​នៃ​ប្រាក់​ភាគទាន​សរុប​ដែល​ម្ចាស់ជំនួយ​នានា​បាន​ផ្តល់​ជូន​សាលាក្តី​។ ប្រការនេះ​ធ្វើឲ្យ​ប្រទេស​ជប៉ុន​ក្លាយ​ជា​ប្រទេស​ផ្តល់ជំនួយ​ច្រើន​ជាងគេ​ដល់​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ចាប់​តាំងពី​ពេល​បង្កើត​តុលាការ​នេះ​មក​។

លោក ក្រាញ់ តូនី ​ប្រធាន​ការិយាល័យ​រដ្ឋបាល​ស្តីទី និង​លោក Knut Rosandhaug ​អនុប្រធាន​ការិយាល័យ​រដ្ឋបាល​បាន​ថ្លែង​រួមគ្នា​នៅក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​ថា អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​សូម​អរគុណ​ដល់​ការប្តេជ្ញា​ចិត្ត​ខ្ពស់​របស់​ប្រទេស​ជប៉ុន ចំពោះ​ច្បាប់ព្រហ្មទណ្ឌ​អន្តរជាតិ និង​ការស្វែងរក​យុត្តិធម៌​ជូន​ប្រជាជន​កម្ពុជា​ដូច​បាន​បង្ហាញ​តាមរយៈ​ការបន្ត​ផ្តល់​ការគាំទ្រ​យ៉ាង​ធំធេង​ដល់​តុលាការ​នេះ​។

លោក​ទាំង​ ២ ​បាន​ចាត់ទុកថា​៖ «​ប្រាក់​ភាគទាន​ថ្មី​របស់​រដ្ឋាភិបាល​ (​ជប៉ុន​) ​នេះ​មាន​សារៈសំខាន់​ដល់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ក្នុង​ការបញ្ចប់​អាណត្តិ​ការងារ​របស់​ខ្លួន ដោយ​ពុំ​មាន​ការអាក់ខាន​នៅក្នុង​កិច្ច​ដំណើរការ​នីតិវិធី​តុលាការ​»​។

លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​សាលាក្ដី​ខ្មែរក្រហម​បាន​ថ្លែងថា ការផ្តល់​ភាគទាន​ថ្មី​របស់​រដ្ឋាភិបាល​ជប៉ុន​ក្នុង​ទឹកប្រាក់​ជិត ១ ​លាន​ដុល្លារ​នេះ «​ជួយ​ឲ្យ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ប្រើប្រាស់​សម្រាប់ ដំណើរការ​របស់​សាលាក្តី​ខ្មែរក្រហម​សម្រាប់​ឆ្នាំ​ ២០២០ ​នេះ​»​។

តាម​របាយការណ៍​សាលាក្ដី​ខ្មែរក្រហម​ស្ដីពី​គម្រោង​វឌ្ឍនភាព​ចុះ​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០១៩ ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​កាលពី​ម្សិលមិញ​ឲ្យ​ដឹងថា សម្រាប់​ឆ្នាំ ២០២០ សាលាក្ដី​ខ្មែរក្រហម​នឹង​រៀបចំ​ឲ្យ​មាន​ព្រឹត្តិការណ៍​សំខាន់ៗ​ចំនួន​ ៣ ​គឺ​ទី​១- ​ការរៀបចំ​បណ្តឹងឧទ្ធរណ៍​សង្ខេប​ក្នុង​សំណុំរឿង​ ០០៤ ​។ ទី​២- ​ការដោះស្រាយ​បណ្តឹង​នៅ​ឧទ្ធរណ៍​លើ​ដីកា​បញ្ចប់​ក្នុង​សំណុំរឿង​ ០០៣ ប្រឆាំង​នឹង​លោក មាស មុត ដោយមាន​សេចក្តី​សម្រេច​ពី​អង្គជំនុំជម្រះ ដើម្បី​ផ្ញើ​សំណុំរឿង​នេះ​សម្រាប់​កាត់ក្តី ឬ​បញ្ចប់​នីតិវិធី និង​ទី៣- ​ការដោះស្រាយ​បណ្តឹងឧទ្ធរណ៍​លើ​ដីកា​បញ្ចប់​ក្នុង​សំណុំរឿង​ ០០៤ ​ដោយ​មាន​សេចក្តីសម្រេច​ពី​អង្គជំនុំជម្រះ ដើម្បី​ផ្ញើ​សំណុំ​រឿងនេះ​សម្រាប់​កាត់ក្តី​ ឬ​បញ្ចប់​នីតិវិធី​ផងដែរ​៕