ភ្នំពេញៈ ជប៉ុន​បាន​ពង្រីក​កម្ចី​រហូតដល់​ ២៧០ ​លានដុល្លារ​សម្រាប់​កម្ពុជា ដើម្បី​ប្រើប្រាស់​ក្នុង​ការឆ្លើយតប​ទៅនឹង​វិបត្តិ​កូវីដ​ ១៩ និង​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ ខណៈ​កម្ពុជា​នឹង​ផ្ដោតលើ​អាទិភាព​ចំនួន​ ៥ ​ក្នុង​នាម​ជា​សហប្រធាន​រៀបចំ​ «​កិច្ចប្រជុំ​កំពូល​មេគង្គ​សាធារណ​រដ្ឋ​កូរ៉េ​» នៅ​ឆ្នាំ​ ២០២១​។ នេះ​បើតាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​​ពីថ្ងៃ​ទី​ ១៣ វិច្ឆិកា​។

ប្រទេស​ក្នុង​តំបន់​ទន្លេមេគង្គ​កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា បាន​រៀបចំ​កិច្ចប្រជុំ​កំពូល​ចំនួន​ ២ គឺ «​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន​ លើក​ទី​១២» និង​ «​កិច្ចប្រជុំ​កំពូល​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​២» ដែល​ធ្វើឡើង​តាម​ប្រព័ន្ធ​វីដេអូ​។ លោក​ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​តាង​នាម​តំណាង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​កំពុង​ស្ថិត​ក្នុង​ការធ្វើ​ចត្តាឡីស័ក​។

នៅក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ-ជប៉ុន​ លើក​ទី​១២ ថ្នាក់ដឹកនាំ​នៃ​ប្រទេស​ក្នុង​តំបន់​មេគង្គ​ដែល​មាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង​វៀតណាម បាន​ស្វាគមន៍​ចំពោះ​គំនិត​ផ្ដួចផ្ដើម​គួរឱ្យ​កត់សម្គាល់​របស់​ជប៉ុន​ដែល​ក្នុងនោះ​មាន​ការបង្កើត​ឥណទាន​គាំទ្រ​បន្ទាន់ ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ​ ​១៩ សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍​។ ស្ថិត​នៅ​ក្រោម​ឥណទាន​នេះ ជប៉ុន​បាន​ចុះហត្ថលេខា​លើ​លិខិត​ប្ដូរ​សារ​​ជាមួយ​កម្ពុជា​ដោយ​ពង្រីក​កម្ចី​ប្រមាណ​ ២៧០ ​លាន​ដុល្លារ​។ នេះ​បើ​តាម​ក្រសួង​ការបរទេស​។

កាលពី​ថ្ងៃទី​ ២១ ខែតុលា រដ្ឋមន្ត្រី​ការបរទេស​ជប៉ុន​លោក Motegi Toshimitsu បានបញ្ជាក់​ប្រាប់ លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​កម្ពុជា​ថា រដ្ឋាភិបាល​ជប៉ុន​ផ្ដល់​ឥណទាន​សម្បទាន​ប្រមាណ​ ២៣៤,៦ លាន​ដុល្លារ​ ដល់​រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​គាំទ្រ​ដល់​ការឆ្លើយតប​បន្ទាន់​ទៅនឹង​វិបត្តិ​កូវីដ ​១៩​។

លោក អូន ព័ន្ធមុនីរ័ត្ន បាន​ទទួល​ស្គាល់​ថា ជប៉ុន​បាន​និង​កំពុង​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការសម្របសម្រួល និង​លើកកម្ពស់​ការធ្វើ​សមាហរណកម្ម​ក្នុងចំណោម​យន្តការ​ដែល​មាន​ស្រាប់​។ លោក​សង្ឃឹមថា ជប៉ុន​នឹង​ចូលរួម​វិភាគទាន​ក្នុង​មូលនិធិ​អភិវឌ្ឍន៍​អេម៉ិក​ (ACMECS) ដែល​កម្ពុជា​គឺជា​ប្រធាន​ក្នុង​ឆ្នាំ​ ២០២០ ​នេះ​។

ក្រសួង​ការបរទេស​ជប៉ុន​កាលពី​ថ្ងៃទី​ ១៣ វិច្ឆិកា ក៏បាន​ចេញផ្សាយ​សេចក្ដី​ថ្លែងការណ៍​រួម​នៃ​កិច្ចប្រជុំ​នេះ ដោយ​​បាន​បញ្ជាក់ថា ថ្នាក់ដឹកនាំ​ជប៉ុន​បាន​ចាប់​អារម្មណ៍​ក្នុង​ការគាំទ្រ​ដល់​យុទ្ធសាស្ត្រ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​អេម៉ិក​។

ដោយឡែក​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​សាធារណរដ្ឋ​កូរ៉េ លោក អូន ព័ន្ធមុនីរ័ត្ន បាន​លើកទឹកចិត្ត​ឱ្យ​សភាពាណិជ្ជកម្ម​នៃ​ប្រទេស​មេគង្គ​នីមួយៗ​សហការ​ជិត​ស្និទ្ធ​ជាមួយ​នឹង​សមាគម​ពាណិជ្ជកម្ម​អន្តរជាតិ​កូរ៉េ ដើម្បី​ឈាន​ដល់​ការចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង​ប្រទេស​ទាំង​ ៦​។ នៅ​ឆ្នាំ ២០២១ កម្ពុជា​នឹង​ធ្វើជា​សហប្រធាន​កិច្ចប្រជុំ​នេះ​ជាមួយ​ភាគី​កូរ៉េ​។

លោក​ថ្លែងថា​៖ «​ក្នុងនាម​ជា​សហប្រធាន​នៃ​កិច្ចប្រជុំ​កំពូល​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​លើក​ទី​៣ កម្ពុជា​នឹង​ផ្ដោតលើ​អាទិភាព​ពិសេស​ចំនួន​ ៥ រួមមាន ការដាក់បញ្ចូល​ការអនុវត្ត​ផែនការ​ស្ដារ​សេដ្ឋកិច្ច​ថ្នាក់​តំបន់​ក្រោយ​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូវីដ ​១៩ ដោយ​ផ្ដោតលើ​ស្ថិរភាព​សេដ្ឋកិច្ច ការស្ដារ​ឡើងវិញ​នូវ​ជីវភាព​រស់នៅ និង​សុខុមាលភាព​របស់​ប្រជាជន និង​ការពង្រឹង​ការត្រៀមខ្លួន​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​នាពេល​អនាគត​»​។

លោក​បន្តថា ចំណុច​អាទិភាព​ផ្សេងទៀត​រួមមាន​៖ «​ការជំរុញ​លំហូរ​ពាណិជ្ជកម្ម​ថ្នាក់​តំបន់​តាមរយៈ​ការធ្វើ​ពិពិធកម្ម​ពាណិជ្ជកម្ម និង​សេរីភា​វូបនីយកម្ម ដោយ​មាន​ការចូលរួម​យ៉ាងសកម្ម​ពី​វិស័យ​ឯកជន ការពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដោយ​ប្រកាន់ខ្ជាប់​នូវ​យន្តការ​ពហុភាគី និង​សកល ការអភិវឌ្ឍ​ឧស្សាហកម្ម និង​ទីក្រុង​បៃតង និង​ការកសាង​សមត្ថភាព ពិសេស​តាមរយៈ​ការលើកកម្ពស់​ការសិក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​»​។

សាធារណរដ្ឋ​កូរ៉េ​បាន​រួម​ចំណែក​ទឹកប្រាក់​ចំនួន​ ១០,៤២ ​លាន​ដុល្លារ​ ដល់​មូលនិធិ​កិច្ចសហប្រតិបត្តិការ​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​ចាប់ពី​ឆ្នាំ​ ២០១៣ មក​។ នេះ​បើតាម​ក្រសួង​ការបរទេស​។

ប្រធានាធិបតី​សាធារណរដ្ឋ​កូរ៉េ លោក Moon Jae-in បាន​ថ្លែង​ក្នុង​កិច្ចប្រជុំ​កំពូល​មេគង្គ​សាធារណរដ្ឋ​កូរ៉េថា សាធារណរដ្ឋ​កូរ៉េ​នឹងធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ក្នុង​តំបន់​មេគង្គ​ ដើម្បី​ធានា​បាន​នូវ​ការទទួល​បាន​វ៉ាក់សាំង​ប្រឆាំង​កូវីដ​ ១៩ ជា​សកល និង​ដោយ​ស្មើភាព​គ្នា​។ ​លោក​ក៏បាន​ស្នើឱ្យ​ដំឡើង​ឋានៈ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ-សាធារណរដ្ឋ​កូរ៉េ​ទៅ​ជា «​ដៃគូ​យុទ្ធសាស្ត្រ​»៕