ភ្នំពេញៈ កិច្ច​សន្ទ​នា​ស្ដី​ពី​សិទ្ធិមនុស្ស​កម្ពុជា​-ជប៉ុន ​លើក​ទី១០ ដែល​រៀ​បចំ​ដោយ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​កាល​ពី​​ម្សិលមិញ​ ភា​គីជប៉ុន​​បាន​លើក​ឡើង​ពី​ការ​រំលាយ​បក្ស​សង្ក្រោះ​ជាតិ​ ករណី​ចាប់​ខ្លួន​លោក​​ កឹម សុខា ​ឃាតកម្ម​លើ​លោក​​ កែម ឡី ​សិទ្ធិ​សេរីភាព​សម្ដែង​មតិ​ និង​​ការ​ជួប​ប្រជុំ​របស់​សង្គម​ស៊ីវិល ​ខណៈ​ភាគី​កម្ពុជា​បកស្រាយ​ថា​ជា​ការ​អនុវត្ត​ច្បាប់។

កិច្ច​សន្ទនា​ដែល​បាន​ធ្វើ​ឡើង​នៅ​ស្នាក់​ការ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​នេះ មាន​ការ​ចូល​រួម​ពី​លោក កែវ រ៉េមី ប្រធាន​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​លោក​ ម៉ាសាតុ ​អូតាកា អគ្គ​នាយក​រង​ការិយា​ល័យ​គោល​នយោ​បាយ​ការ​បរទេស​ និង​ជា​ឯកអគ្គ​រាជទូត​ទទួល​បន្ទុក​កិច្ច​ការ​​សហ​ប្រជាជា​តិនៃ​ក្រសួង​ការ​បរទេស​ជប៉ុន​ និង​ស្ថាប័ន​ពាក់​ព័ន្ធ​ រួម​មាន​ តំណាង​ពី​ក្រសួង​មហា​ផ្ទៃ ក្រសួង​ការ​បរទេស​ ក្រសួង​យុត្តិ​ធម៌ ក្រសួង​ព័ត៌មាន​ ក្រសួងកិច្ចការ​នារី និង​គណៈ​កម្មា​ធិការ​ជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​។

លោក​ កែវ រ៉េមី បាន​ថ្លែង​ក្រោយ​ពេល​ជំនួប​បិទ​ទ្វារ​​នោះ​ថា លោក​បាន​ប្រាប់​ភាគី​ជប៉ុន​អំពី​គោល​នយោបាយ​​របស់​កម្ពុជា​ក្នុង​ការ​ប្ដេជ្ញា​ដាច់​ខាត​ក្នុង​ការ​ការ​ពារ​សន្តិ​ភាព​ សន្តិសុ​ខ ស្ថិរ​ភាព ស្ថាន​ការណ៍​នយោ​បាយ ​និង​សណ្ដាប់​ធ្នាប់​សង្គម។

លោក​ថា​ កិច្ច​ការ​ទាំង​អស់​នេះ​ហើយ​ដែល​​ធ្វើ​ឲ្យ​កម្ពុជា​មាន​កំណើន​សេដ្ឋ​កិច្ច​ក្នុង​រង្វង់​ ៧ ​ភាគ​រយ​ ហើយ​កំណើន​សេដ្ឋ​កិច្ច​នេះ​ក៏​ជា​កត្តា​ជំរុញ​ឲ្យ​កម្ពុជា​ឆ្លង​ផុត​ពី​ប្រទេស​មាន​ការ​អភិវឌ្ឍ​តិច​តួចទៅ​ជា​ប្រទេស​មាន​ប្រាក់​ចំណូល​មធ្យម​កម្រិត​ទាប។ ​

ទន្ទឹម​នឹង​នេះ លោ​ក កែ​វ រ៉េមី​បាន​ឲ្យដឹ​ងដែ​រថា​​ ភាគី​ជប៉ុន​បាន​លើក​ឡើង​ពី​បញ្ហា​សិទ្ធិ​មនុស្ស​និង​នយោ​បាយជា​អ្វីដែ​លបា​នប​កស្រា​យ​អ​ស់​ហើ​យ​។

​លោក​​បានប​ញ្ជាក់​ថា៖ «គាត់​ (ជប៉ុន)​ លើក​បាន​និយាយ​ពី​ការ​រំលាយ​បក្ស​សង្ក្រោះ​ជាតិ ទាក់​ទង​នឹង​ កឹម សុខា ទាក់​ទង​នឹង​​​ កែម ឡី​ និង​សិទ្ធិ​សេរីភាព​សម្ដែង​មតិ ទាក់​ទង​ទៅ​នឹង​ការ​ប្រជុំ​របស់​សង្គម​ស៊ីវិល។ល។ ប៉ុន្តែ​យើង​បាន​បក​ស្រាយ​ជម្រាប​ជូន​គាត់​ពី​មូល​ហេតុ​ដែល​ជា​ការ​អនុវត្ត​របស់​តុលា​ការ ឧទាហ​រណ៍​ដូច​ករណី​ហូប​នំ​បញ្ចុក»។

បើ​តាម​លោក​ កែវ រ៉េមី ភាគី​ជប៉ុន​បាន​ទទួល​យក​អ្វី​ដែល​លោក​បាន​បក​ស្រាយ​ ព្រោះ​លោក​មាន​ហេតុ​ផល​ត្រឹម​ត្រូវ។ ប៉ុន្តែ​លោក​ថា ជប៉ុន​មាន​ការ​លំបាក​នៅ​ពេល​ទទួល​បាន​ហេតុ​ផល​ផ្សេងៗ​ពាក់​ព័ន្ធ​នឹង​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

ចំពោះ​បញ្ហា​បក្ស​សង្គ្រោះ​ជាតិ​និង​ករណី​លោក​ កឹម​ សុខា ​លោក​ថា វា​គ្រាន់​តែ​​ជា​គណ​បក្ស​មួយ​ប៉ុណ្ណោះ ​ហើយ​អវ​ត្តមា​ន​គណ​បក្ស​នេះ​ ក្នុង​ការ​បោះ​ឆ្នោត​មិន​ប៉ះ​ពាល់​ដល់​ប្រព័ន្ធ​សេរី​ពហុ​បក្ស​ទេ ព្រោះ​មាន​គណ​បក្ស​នយោ​បាយ​​ ២០​ ផ្សេង​ទៀត​បាន​ចូល​រួម​ការ​បោះ​ឆ្នោត​។

ជំនួបកម្ពុជា-ជប៉ុន កាលពីម្សិលមិញ ។ CHRC

លោក​ថ្លែង​ថា៖ «ខ្ញុំ​ជម្រាប​គាត់​ថា គប្បី​ជប៉ុន​លើក​ទឹក​ចិត្ត​ចំពោះ​ទង្វើ​អ្វី​ដែល​ល្អ​សម្រាប់​កម្ពុជា។ ​យើង​ក៏​ទទួល​ស្គាល់​ដែរ​ ចំពោះ​បញ្ហា​អវិជ្ជមាន​ខ្លះ យើង​នឹង​ខិត​ខំ​ប្រឹង​ប្រែង​បន្ត​ទៀត»។

លោក​ថ្លែង​ថា មិន​មាន​ការ​វាយ​តម្លៃ​អំពី​បញ្ហា​សិទ្ធិ​មនុស្ស​ទេ ប៉ុន្តែ​ជប៉ុន​បាន​អប​អរ​សាទរ​ចំពោះ​វិធាន​ការ​របស់​រដ្ឋាភិ​បាលក្នុង​ការ​ធ្វើ​កំណែ​ទម្រង់។

លោក កែវ រ៉េមី ថ្លែង​ថា ​លោក​ស្វាគ​មន៍​ និង​ថ្លែង​អំណរ​គុណ​ចំពោះ​ជប៉ុន​ពី​ព្រោះ​ជប៉ុន សរសេររបាយការណ៍​អំពី​បញ្ហា​សិទ្ធិមនុស្ស​ប្រកប​ដោយ​តុល្យភា​ព និង​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នៅ​កម្ពុជា។ ការ​សរសេរ​ដោយ​​តុល្យ​ភាពនេះ ធ្វើ​ឲ្យ​ជប៉ុន​មាន​ការ​លំបាក​​​ ពីព្រោះ​ត្រូវ​បញ្ចូល​ការ​​លើក​ឡើង​របស់​ក្រុម​ផ្សេងៗ ផ្នែក​ផ្សេងៗ ​ទាំង​សង្គមស៊ីវិល ទាំង​គណបក្ស​ប្រឆាំង​ និង​ការ​សរសេរ​ពី​បណ្ដា​ប្រទេស​ផ្សេងៗ​ទៀតនៅ​លោក​ខាង​លិច​។

លោក អ៊ូ ច័​ន្ទរ័ត្ន អតី​ត​តំណាង​រាស្ត្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​បាន​ថ្លែ​ងថា អ្វី​ដែល​ជប៉ុន​លើក​ឡើង​​ក៏​ត្រូវ​អន្ត​រជាតិ​លើក​ឡើង​ផង​ដែរ​។

លោក​ថា៖ «កា​រលើក​ឡើង​នេះ​គឺ​ដើម្បី​ឲ្យ​ប្រទេស​កម្ពុជា​ពិចារណា តាម​ខ្ញុំ​យល់ ប៉ុន្តែ​យើង​ឃើញ​កន្លង​មក​ រដ្ឋាភិបាល​មិន​ដែល​ទទួល​យក​អនុសាសន៍​ឬ​ការ​លើក​ឡើង​របស់​ប្រទេស​ផ្សេង​​ដែល​មាន​ក្ដី​កង្វល់​ទេ ច្រើន​តែ​បដិសេធ ហើយ​ថា​ យើង​ធ្វើ​តាម​ច្បាប់​កម្ពុជា»។ «ខ្ញុំ​នៅតែ​យល់​ថា​ មិន​មាន​រឿង​អី​ដែល​យើង​មិន​អាច​ដោះ​ស្រាយ​បាន​ទេ។ កាល​ណា​យើង​ចេះ​តែ​រុញ​ប្រ​ទេស​មួយ​ឲ្យ​ជ្រៅ​ទៅៗ​ វា​អាច​ប៉ះ​ពាល់​ដល់​ការ​លូត​លាស់​សេដ្ឋ​កិច្ច​»។

លោក​បាន​ថ្លែង​ថា​ បើ​ទោះ​បីជ​ប៉ុន​មាន​ជំហរ​ទន់ភ្លន់​លើ​កម្ពុជា​ក៏​ដោយ​ ក៏វា​គ្រាន់​តែ​ជា​ភាសា​ការទូត​ប៉ុណ្ណោះ។ អ្នក​នយោ​បាយ​កម្ពុជា​គួរ​តែបន្ទន់​ឥរិយា​បថ​ដាក់​គ្នា​ ជជែក​គ្នា​ដើម្បី​ដោះ​ស្រាយ​បញ្ហា ជាជាង​ពឹង​តែ​លើ​បរទេស។​

លោកស្រី​ ចក់ សុភាព​ នាយិ​កា​មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​យល់​ឃើញ​ថា ​ចំណាប់​អារម្ម​ណ៍​របស់​ជប៉ុន​លើ​បញ្ហា​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​គួរ​ឲ្យ​ស្វា​គមន៍ ប៉ុន្តែ​ជំនួប​​នេះ​ គួរ​តែ​ធ្វើ​ឡើង​ដោយ​មាន​តម្លា​ភាព​ដោយ​មាន​ការ​ចូល​រួមពី​សហ​គមន៍​ការពារ​សិទ្ធិ​មនុស្ស​​ និង​ធ្វើ​ឡើង​ជា​ទៀង​ទាត់។ ​លោក​ស្រី​សង្ឃឹម​ផង​ដែរ​ថា ជប៉ុន​ដែល​ជា​ភាគី​ហត្ថលេខី​នៃកិច្ច​ព្រម​ព្រៀង​ទីក្រុង​ប៉ារីសនិង​ជា​អ្នក​សម្រប​សម្រួលសេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្ស​អ.ស.ប.​ឆ្នាំ​ ២០១៨​ នឹង​ចូលរួម​បន្ថែម​ទៀត​ដល់​ការ​​កសាង​សន្តិភាព​នៅ​កម្ពុជា។

លោកស្រី​​ថា៖ «ជប៉ុន​ត្រូវ​តែ​ធ្វើ​ឲ្យ​លើស​ពី​ការ​ផ្ដល់​ការ​គាំទ្រ​ផ្នែក​ហេដ្ឋា​រចនា​សម្ព័ន្ធ​ និង​ធន​ធាន​មនុស្ស ហើយ​ឈាន​ដល់​ការ​តស៊ូ​មតិ​សម្រាប់​បញ្ចប់​ការ​រំលោភ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា»។

លោក ឡៅ ​ម៉ុងហៃ អ្នកវិភាគ​​នយោ​បាយ​បានថ្លែង​ថា នៅ​ពេល​នេះ​ ជប៉ុន​អាច​យល់​ច្បាស់​ហើយ​ថា ​តើ​​អនុវត្ត​ច្បាប់​នៅ​កម្ពុជា​មាន​សង្គតិភាព​ជាមួយ​ក្រឹត្យក្រ​ម​​នឹង​បទ​ដ្ឋាន​អន្ត​រជាតិ​កម្រិត​ណា​។

លោកបន្ត​ថា​ ចំណេះ​ដឹង​នេះ​នឹង​ជួយឲ្យ​ជប៉ុន​បង្កើត​គោលការណ៍​សម​ស្រប​ក្នុង​ការ​ធ្វើ​ឲ្យ​ទំនាក់​ទំនង​ដ៏​លំបាក​នា​ពេល​បច្ចុប្បន្ន​មាន​ភាពធ​ម្មតារ​វាង​កម្ពុជា​ និង​ EU ក៏​ដូច​ជា​សហរដ្ឋអា​មេរិក​អំពី​ការ​ធ្លាក់​ចុះ​នៃ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​​នៅ​កម្ពុជា៕