ភ្នំពេញៈ ​ជប៉ុន​បានចាប់ផ្ដើម ​បើកឱកាស​ការងារដល់​​កម្ពុជា​ ឲ្យ​បញ្ជូន​ពលករ​ ដែលមាន​ជំនាញ ឲ្យ​ទៅ​ធ្វើ​ការងារ​​ផ្លូវការ​នៅ​​ប្រទេស​ជប៉ុន​ចាប់​ពី​ខែ​មេសា​ ឆ្នាំ ២០១៩​ ​តទៅ ខណៈ​ដែល​បច្ចុប្បន្ន​ មាន​កម្ម​​សិក្សា​ការី​​កម្ពុជា ដែល​កំពុង​សិក្សា​ផងនិង​ធ្វើការ​ផង​នៅ​ជប៉ុន​មាន​ប្រមាណ ៩ ០០០ នាក់។

លោក អ៊ិត សំហេង រដ្ឋ​មន្ត្រី​ក្រសួង​ការ​ងារ​បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​ជំនួប​ជាមួយ លោក Hidehisa HORiNOUCH ឯក​​អគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា កាល​ពី​ព្រឹក​ថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០១៩ ថា រដ្ឋាភិបាល​ជប៉ុន បាន​បើកឱកាស ចំពោះ ពលករ​កម្ពុជាដែលមាន​ជំនាញ​ខ្ពស់​ ​ដើម្បី​ទៅធ្វើ​ការងារ​នៅ​ប្រទេស ​ជប៉ុន​ បន្ទាប់ពី​ប្រទេស​ជប៉ុន​បាន​បង្កើត​ច្បាប់ថ្មីមួយ​ទាក់​ទងទៅនឹង​ការជ្រើសរើស​បណ្ដុះ​បណ្ដាល និង​ទទួល​យក​ពលករ​បរទេស​ទៅ ធ្វើការ។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «ខ្ញុំ​បាន​ជួប​ជាមួយនឹង​ឯកឧត្តម​អគ្គរាជទូត​ជប៉ុន ហើយ​គាត់​មក​ថ្ងៃនេះ​ ដើម្បី​ជូនដំណឹង​ជា​ផ្លូវការ មក​ខាង​កម្ពុជា​យើង ជាពិសេស ​ទាក់ទង​ទៅនឹង​ប្រព័ន្ធបញ្ជូន​អ្នកបច្ចេកទេស​ និង​កម្មករ​ ដែលមាន​ជំនាញ​ខ្ពស់​ ទៅធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន​តាម​កំណែ​ទម្រង់​ច្បាប់​ថ្មី​របស់​ជប៉ុន»។

លោក​បន្ថែមថា វា​ជា​ឱ​កាស​ការងារ​ថ្មី​មួយ​ សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា តាមរយៈ​ការ​បញ្ជូន​ពលករ ពេញ​សិទ្ធិ និង មាន​ជំនាញ​ទៅធ្វើ​ការនៅ​ប្រទេ​ស ជប៉ុន ដោយសារ​ពួកគេ​អាច​ស្វែងរក​ការងារ​ដែលមាន​ជំនាញ​ខ្ពស់​ និង​ទទួល​បាន ប្រាក់​ខែ​​ខ្ពស់។

លោក​បាន​បន្ថែមថា​ វា​នឹង​បំពេញតម្រូវការ​ការ​ខ្វះ​ខាត​​ក​ម្លាំ​ងពលកម្ម​របស់​ប្រទេស ​ជប៉ុ​ន ​​​ហើយនឹងលើកកម្ពស់ កិច្ច​សហ​ប្រតិ​ប​ត្តិ​ការ រវាង​​ភាគី​កម្ពុជា-ជប៉ុន ហើយ​ថា​ ភា​គី​ទាំង​ ២ បាន​និងកំពុងតែ​ពិភា​​ក្សាគ្នា ដើម្បី​ឈានទៅ​ការចុះ​ហត្ថលេខានូវ​កិច្ច​ព្រម​ព្រៀងលើ​ ការជ្រើសរើស​បណ្ដុះ​បណ្ដា​ល និង​បញ្ជូន​ពលករ​កម្ពុជា ទៅធ្វើ​ការ​នៅ​ជប៉ុន​ ដែល​អាច​នឹង​ចាប់ផ្ដើម​អនុវត្ដ​ក្នុង​ខែ​មេសា ឆ្នាំ ២០១៩ ខាង​មុខ​នេះ។

លោក​​បាន​បញ្ជាក់​ដូច្នេះ​ថា៖​ «​ដើម្បី​អនុវត្ត​កិច្ចការ​នេះ​ គឺ​ឯកឧត្តម​អគ្គរាជ​ទូត​បាន​ផ្តាំផ្ញើខ្ញុំ​ថា​ ប្រព័ន្ធ​ថ្មី​នេះ​ នឹង​ចាប់​អនុវត្ត ពី​ខែមេសា ឆ្នាំ ២០១៩ ហើយ​កន្លងមកនេះ​ភា​គី​យើង​ទាំង ២​ ក៏បាន​ធ្វើការ​ជា​មួយគ្នា​ ដើម្បី​រៀបចំ​នូវ​អនុស្ស​រណៈ​នៃ​ការសហ​ប្រតិប​ត្ដិ​ការ​ជាមួយគ្នា​ ទាក់​ទិននឹង​ការ​ជ្រើស​រើស​បណ្តុះ​បណ្តាល ​និង​បញ្ជូន​ពលករ​ទៅ​ឯ​ប្រទេស​ជប៉ុន​នេះ»។

លោក​ ​គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភា​កម្ពុជា​បាន​ថ្លែង​គាំ​ទ្រ ការបញ្ជូន​ពល​ករ​​ជំនាញ​កម្ពុជា​ទៅ​​ប្រទេស ​ជប៉ុន​ ដោយសារតែ​​អាច​ជួយ​ពង្រឹង​សេដ្ឋកិច្ច​ប្រទេស​ កម្ពុជា ហើយ​ជួយ​លើក​កម្ពស់​កម្រិត​ជីវភាព ពលករ​ដែលទៅ​បំពេញ​ការងារ​នៅ​ប្រទេស​ជប៉ុន។

លោក​បញ្ជាក់​ដូច្នេះ​ថា៖ «វា​ជាការ​រួមចំណែក​ច្រើនដល់​​កំណើន​សេដ្ឋកិច្ចជាតិ ហើយ​នឹង​ធ្វើ​ឲ្យ​ប្រែប្រួល​ជីវភាព របស់​ប្រជាពលរដ្ឋ ពលករ​ចំណាកស្រុក នឹង​ជួយ​បណ្តុះបណ្តាល​ជំនាញ​ដល់​ពលករ​ឲ្យ​មាន​ជំនាញ​ និង​ជួយ​សេដ្ឋកិច្ច​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន​បាន​ច្រើន​ណាស់»។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និងមន្ត្រី​ស្ថានទូត​ជប៉ុន​ប្រចាំ​នៅ​កម្ពុជា ​មិន​​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ។

កន្លងទៅ​ថ្មីៗ​នេះ​ រដ្ឋមន្ត្រី​ក្រសួង​​ការងារ​ បាន​ថ្លែងថា ​កន្លង​មក​ប្រទេស ​កម្ពុជា​ បាន​បញ្ជូន​តែ​កម្មសិក្សាការី​​ គឺ​អ្នក​ដែល​ទៅ​សិក្សា​ផង​និង​ទៅ​ធ្វើការ​ផង​តែប៉ុណ្ណោះឲ្យ​ទៅ​ប្រទេ​ស ​ជប៉ុន ហើយ​ថា បច្ចុប្បន្ននេះ​មាន​កម្មសិក្សាការី​​ ដែល​​កំពុង​សិក្សា​និង​ធ្វើការ​នៅ​ជប៉ុន មាន​​ប្រមាណ​ជាង ៩ ពាន់​នាក់៕