សៀមរាបៈ សាលាដំបូងខេត្តសៀមរាបកាលពីថ្ងៃម្សិលមិញបានប្រកាសសាលក្រមលើជនជាប់ចោទជាតិជប៉ុន ២ នាក់ក្នុងនោះឈ្មោះ NAKA KUKI RYUJI អាយុ ២៤ ឆ្នាំ ដោយផ្តន្ទាទោសដាក់ពន្ធនាគារ ១៣ ឆ្នាំ និងឈ្មោះ ISHIDA REIMON អាយុ ២៤ ឆ្នាំ ផ្តន្ទាទោសដាក់ពន្ធនាគារ ១០ ឆ្នាំ ពាក់ព័ន្ធនឹងសកម្មភាពប្លន់ និងសម្លាប់ម្ចាស់រថយន្តឈ្នួលកាលពីថ្ងៃទី ១៧ ខែ មីនា ឆ្នាំ ២០១៩។ នេះបើយោងតាមលោក យិន ស្រាង អ្នកនាំពាក្យសាលាដំបូងខេត្តសៀមរាប។
លោក ស្រាង ថ្លែងថាជនជាប់ចោទទាំង ២ នាក់ ត្រូវសងសំណងទៅជនរងគ្រោះដើមបណ្តឹងរដ្ឋប្បវេណី ១០០ លានរៀល ដែលមានចែងក្នុងមាត្រាទី ១៩៩ នៃក្រមព្រហ្មទណ្ឌ ។
លោក ដួង សុខា នាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តសៀមរាបបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ជនជាប់ចោទទាំង ២ នាក់ បានសារភាពថា ពួកគេពិតជាបានប្លន់ និងសម្លាប់ម្ចាស់រថយន្តឈ្នួលមែន ។
លោក ទេព ពុំសែន អធិការស្រុកពួក ខេត្តសៀមរាបបានឱ្យដឹងថាកាលពីចុងខែ មីនា ឆ្នាំ ២០១៩ ឈ្មោះ Sihida Reimon និង Naka Kuki Ryuji បានជួលរថយន្ត ១ គ្រឿង របស់ជនរងគ្រោះ ហ៊ឹម ចាន់ ហើយក៏បានធ្វើសកម្មភាពប្លន់ដោយអារក ជនរងគ្រោះនឹងកាំបិត ។
ក្រោយធ្វើសកម្មភាពប្លន់ជនសង្ស័យក៏បានទម្លាក់ជនរងគ្រោះចោលនៅលើផ្លូវ ហើយព្យាយាមបើករថយន្តរត់គេចខ្លួន ។ ភ្លាមនោះសមត្ថកិច្ចស្រុកពួកបានទទួលដំណឹងអំពីហេតុការណ៍នេះក៏ដេញចាប់ជនសង្ស័យ ក្រោយពីបើករថយន្តទៅបុកគោយន្តដឹកស្រូវទៅមុខមិនរួច ៕