កំពង់ស្ពឺៈ មនុស្ស​ប្រមាណ​ជាង​ ១០០ ​នាក់ លើកគ្នា​មក​រំដោះ​គោយន្ត ហើយ​បាន​បើក​រត់គេចខ្លួន​អស់​ក្រោយពី​អង្គការ​ការពារ​ធនធាន​ធម្មជាតិ​សហការ​ជាមួយ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​បាន​ចុះបង្ក្រាប​គោយន្ត​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ចំនួន​ ២០ ​គ្រឿង និង​រឹបអូស​ឈើ​ជិត​ ២០ ​ម៉ែត្រគុប​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​កាលពី​ថ្ងៃទី​ ៤ មេសា​។

ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ (ACNCIPO) ​លោក ជា ហ៊ាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ក្នុង​ប្រតិបត្តិការ​ចុះ​បង្ក្រាប​បទលើ្មស​ព្រៃឈើ​នេះ​លោក​បាន​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ចំនួន​ ១៤ ​នាក់​។ ពួកគេ​មាន​ភារកិច្ច​ប្រចាំការ​នៅតាម​គោលដៅ​នីមួយៗ​ដែល​មាន​ស្នាក់ការ​រង​អូរត្រាវ ស្រែកិន ភ្នំ​តូច ទឹក​ពុះ ខ្សាល់ និង​ស្នាក់​ការរង​មួយចំនួន​ទៀត​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ភ្នំក្រវាញ​ខាងត្បូង​។

លោក​បាន​បន្ថែមថា ក្រុមការងារ​បាន​ប្រទះ​ឃើញ​គោយន្ត​ចំនួន ២០ គ្រឿង និង​ឈើដុល និង​ឈើ​អារ​រួច​ដឹក​នៅលើ​គោយន្ត​សរុប​ជិត​ ២០ ​ម៉ែត្រគុប​។ ប៉ុន្ដែ​ភ្លាមៗ​នោះ​ម្ចាស់​គោយន្ត​ដឹកឈើ​បាន​នាំគ្នា​ប្រមាណ​ ១០០ ​នាក់​មក​រំដោះ​យក​គោយន្ត​រួច​ទម្លាក់​ឈើ​ចោល ហើយ​បើក​រត់គេច​ខ្លួន​បាត់ស្រមោល​។

លោក​បន្តថា សកម្មភាព​ដឹកជញ្ជូន​ឈើដុល ឈើអារ តាមរយៈ​គោយន្ត រទេះគោ និង​រថយន្ត​នៅតែ​មាន​ជា​ហូរហែ ដោយ​ដឹកជញ្ជូន​ឈើ​កាត់​តាម​ស្នាក់ការរង​នីមួយៗ​ជាហេតុ​ធ្វើឲ្យ​បាត់បង់​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស ទើប​លោក​បាន​ស្នើសុំ​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ចុះ​ទៅ​ទីតាំង​នោះ​ផ្ទាល់​។ ភូមិសាស្ត្រ​ភ្នំ​ឱរ៉ាល់​មិនមែន​ជា​គោលដៅ​កាប់​ឈើ​របស់​ជនខិលខូច​ទេ ប៉ុន្ដែ​តំបន់​នេះ​ជា​កន្លែង​ច្រក​ដឹកជញ្ជូន​ឈើ​ចេញចូល​យ៉ាងសកម្ម​។

លោក​ ជា ហ៊ាន បញ្ជាក់ថា​៖ «​នៅពេល​ពួកខ្ញុំ​បាន​ចូល​ល្បាត​នៅក្នុង​ព្រៃ​បាន​ប្រទះឃើញ​គោយន្ត​ ២០ ​គ្រឿង​កំពុង​ដឹកឈើ ហើយ​ពួកខ្ញុំ​បាន​ឃាត់​ពួកគេ​។ ស្រាប់តែ​មួយ​សន្ទុះ​ក្រោយមក​មាន​អ្នក​មក​រំដោះ​គោយន្ត ដោយ​មាន​កាំបិត ពូថៅ ដំបង និង​មាន​កាំភ្លើង​កែច្នៃ ហើយ​ស្រែក​គំរាម​ពួកខ្ញុំ ហើយ​ពួកខ្ញុំ​បាន​ដកថយ​បន្ដិច ព្រោះ​បារម្ភ​ពី​សុវត្ថិភាព​។ ស្រាប់តែ​ពួកគេ​បាន​ទម្លាក់​ឈើ​ចោល ហើយ​នាំ​គ្នា​បើក​គោយន្ត​គេចខ្លួន​អស់​»​។

លោក​ ហ៊ុល ម៉ារ៉ា អនុប្រធាន​ការិយាល័យ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ថ្លែង​ស្រដៀង​គ្នា​ពី​ម្សិលមិញ​ដែរ​ថា លោក​និង​ក្រុមការងារ​ចំនួន​ ១៣ ​នាក់​ផ្សេងទៀត​បាន​ចូលរួម​ក្នុង​ប្រតិបត្តិការ​ចុះល្បាត​ជាមួយ​លោក​ ជា ហ៊ាន ដែរ​។ ក្នុងអំឡុងពេល​ចុះ​ល្បាត​នោះ​បាន​ជួបប្រទះ និង​ឃាត់​គោយន្ត​ដឹកឈើ​ល្មើសច្បាប់​ចំនួន​ ២០ ​គ្រឿង ប៉ុន្ដែ​ពួកគេ​បាន​នាំ​បក្ខពួក​មក​រំដោះ​យក​គោយន្ត​ទៅវិញ ហើយ​រត់គេចខ្លួន​អស់​។

លោក​បន្តថា​ ដោយសារ​កម្លាំង​សមត្ថកិច្ច​មាន​ចំនួន​តិច មិន​អាច​តតាំង​ជាមួយ​ក្រុម​ជនល្មើស​ទាំងនោះ​បានទេ​។ ដូច្នេះ​កម្លាំង​បាន​ដកថយ​បន្ដិច​។ លោក​ជំរុញ​ឲ្យ​មាន​ការចូលរួម​បន្ថែមទៀត​ពី​ដៃគូ​ពាក់ព័ន្ធ ដើម្បី​ការពារ​ព្រៃឈើ​កម្ពុជា​ឲ្យ​បាន​គង់វង្ស​។

លោក​បញ្ជាក់ថា​៖ «​យើង​អត់​អាច​អនុវត្ត​ច្បាប់​ភ្លាមៗ​នៅក្នុង​ព្រៃ​ហ្នឹង​បានទេ ព្រោះ​កម្លាំង​យើង​តិច ហើយ​ជនល្មើស​សុទ្ធតែ​មាន​កាំបិត ពូថៅ ដំបង នៅក្នុង​ដៃ​។ បើ​យើង​និយាយ​តឹងរ៉ឹង​ដាក់​ពួកគាត់​គឺ​ចៀស​មិន​ផុត​ប៉ះទង្គិច​គ្នា​ទេ​។ ដូច្នេះ​ហើយ​យើង​ដកថយ​សិន ហើយ​ពួកគាត់​ក៏​មិន​ហ៊ាន​ធ្វើបាប​យើង​ដែរ​»​។

គួររំឭកថា​កាលពី​ថ្ងៃទី​ ៣១ ខែមីនា លោក ជា ហ៊ាន ដាក់​លិខិត​មួយ​ស្នើសុំ​កិច្ចសហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ដែល​ប្រចាំការ​នៅតាម​ស្នាក់ការ​នីមួយៗ​ដើម្បី​បិទ​ច្រក​ដឹកឈើ​ចេញ​ពី​តំបន់​អភិរក្ស​ដែនជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​អនុវត្ត​ច្បាប់​ស្ដីពី​តំបន់ការពារធម្មជាតិ​។

លិខិត​ឲ្យ​ដឹងថា សកម្មភាព​កាប់​បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នោះ​គឺ​ស្ថិតនៅ​ព្រំប្រទល់​ស្រុក​ថ្មបាំង និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង​ជាមួយ​ស្រុក​ក្រវាញ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​ដឹក​ឆ្លង​តំបន់ភ្នំ​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​កាត់​តាម​ស្នាក់ការរង​នីមួយៗ​ខាងលើនេះ​។ ប៉ុន្ដែ​សមត្ថកិច្ច​មួយចំនួន​មិនសូវ​បង្ក្រាប ដូច្នេះ​លោក​ស្នើ​ឲ្យ​បិទ​ច្រកចេញ-ចូល​តំបន់​ទាំងនោះ​៕