ភ្នំពេញៈ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​ក្នុង​រយៈពេល​ជាង​ ១១ ​ខែ ​នៃ​ឆ្នាំ​ ២០១៩ ​នេះ​កម្លាំង​នគរបាល​ប្រឆាំង​គ្រឿងញៀន​បាន​ដកហូត​សារធាតុ​ញៀន​ជិត​ ៦៧៦ ​គីឡូក្រាម និង​ឃាត់ខ្លួន​ជនសង្ស័យ​ជិត​ ២ ​ម៉ឺន​នាក់​ ដែល​ក្នុង​នោះ​មាន​ ៣០ ​ភាគរយ​ ជា​អ្នក​ប្រើ​ប្រាស់​គ្រឿងញៀន​។

តាម​របាយការណ៍​ដែល​បាន​បង្ហាញ​នៅក្នុង​កិច្ចប្រជុំ​បូកសរុប​លទ្ធផល​ប្រចាំខែ​វិច្ឆិកា និង​លើក​ទិសដៅ​ការងារ​បន្ត​កាលពី​ថ្ងៃទី​ ៩ ខែ​ធ្នូ នៅ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​បាន​ឲ្យ​ដឹងថា​ចាប់ពី​ថ្ងៃទី ​១ ខែ​មករា​ដល់​ថ្ងៃទី​ ៨ ខែ​ ធ្នូ ឆ្នាំ​ ២០១៩ សមត្ថកិច្ច​បាន​ចុះបង្ក្រាប​គ្រឿងញៀន​ទូទាំង​ប្រទេស​ចំនួន​ជាង​ ៩ ​ពាន់​ករណី​។

របាយការណ៍​បញ្ជាក់ថា ក្នុង​ប្រតិបត្តិការ​នោះ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ជាង​ ១ ​ម៉ឺន​ ៨ ​ពាន់​នាក់​ មាន​ស្រី​ជាង​ ១ ២០០ ​នាក់ ​ដោយ​ក្នុងនោះ​មាន​ជនបរទេស​ចំនួន ​៣៨១ ​នាក់ និង​មាន​ ១២ ​សញ្ជាតិ​។ របាយការណ៍​នេះ​បន្ថែម​ថា សារធាតុ​ញៀន​គ្រប់​ប្រភេទ​ដែល​ត្រូវ​បាន​ដកហូត​មាន​ទម្ងន់​ជាង​ ៦៧៦ ​គីឡូ និង​កញ្ឆា​ក្រៀម​ ៩៩ ​គីឡូ ​រួមទាំង​ប្រភេទ​កញ្ឆា​ស្រស់​ចំនួន​ ៨៦ ៤១៦ ​ដើម​។

របាយការណ៍​ថា​៖ «​អ្នកជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​ ៥ ៣៨០ ​ករណី ឃាត់​ ១០ ២៨៧ ​នាក់​ (​ស្រី​ ៨៤១ ​នាក់​)​។ ករណី​ប្រើប្រាស់​ ៣ ៦៧៥ ​ករណី ឃាត់ ៨ ៦៧៨ ​នាក់​ (​ស្រី​ ៤១៩ ​នាក់​)​។ អនុវត្ដ​តាម​ដីកា​ចំនួន​ ២៩៥ ដីកាចាប់ខ្លួន​ ២៩០ ​នាក់​ (​ស្រី​ ១០ ​នាក់​)»​។

លោក​ ម៉ក់ ជីតូ អគ្គ​ស្នងការរង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ជនសង្ស័យ​ទាំង​ជិត​ ២ ​ម៉ឺន​នាក់​នេះ​ គឺ​មាន​​ ៧០ ​ភាគរយ​ ជា​អ្នកជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​ដែល​ត្រូវ​ឃាត់ខ្លួន​បន្តទៅ​តុលាការ​។ ចំណែក​ ៣០ ​ភាគរយ​ ជា​អ្នកប្រើប្រាស់ ហើយ​បន្ទាប់ពី​ឃាត់ខ្លួន​ពួកគេ​ត្រូវ​បាន​បញ្ជូន​ទៅ​ស្តារនីតិសម្បទា​នៅ​តាម​មន្ទីរ​ថ្នាក់ជាតិ និង​នៅតាម​សហគមន៍​ដើម្បី​ឲ្យ​ពួកគេ​ក្លាយជា​មនុស្ស​ល្អ​ឡើងវិញ​។

លោក​ថា​៖ «​ការបង្ក្រាប​គ្រឿងញៀន​នៅ​ចំពោះមុខ​គឺ​ការ​ចង្អៀត​ណែន​ពន្ធនាគារ​គឺជា​បញ្ហា​ធំ​ណាស់ ព្រោះ​យើង​ចាប់​ច្រើនពេក ហើយ​យើង​ចាប់​ហ្នឹង គឺ​បែងចែក​ជា​ ២ ​ប្រភេទ​៖ ១ មាន​ទោស​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​តែម្តង ដូចជា អ្នកជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​ជាដើម​គឺ​ស្រួល​ទេ គឺ​បញ្ជូន​ទៅ​ពន្ធនាគារ​តែម្តង​។ ប៉ុន្តែ​ ១ ​ទៀត​គឺ​អ្នកប្រើប្រាស់​ដែល​បច្ចុប្បន្ន​នេះ​រដ្ឋាភិបាល យើង​ចាត់ទុក​ថា​អ្នកប្រើប្រាស់​គឺជា​ជនរងគ្រោះ​ដែល​យើង​ត្រូវ​បង្កើន​ចលនា​ស្តារនីតិសម្បទា​ឡើង​វិញ​»​។

លោក​ ម៉ក់ ជីតូ លើកឡើង​ថា បញ្ហា​គ្រឿងញៀន​នៅតែ​មាន​ការកើនឡើង​ឥតឈប់ឈរ បើទោះ​ជា​មាន​ការបង្ក្រាប​ជា​បន្តបន្ទាប់​។ បញ្ហា​នេះ​កាន់តែ​រីករាលដាល​ដល់​ទីជនបទ និង​សហគមន៍​កាន់តែ​ខ្លាំងក្លា​។ ដូច្នេះ​លោក​ជំរុញ​ឲ្យ​មន្ត្រី​ថា្នក់​ក្រោម​ជាតិ​ត្រូវ​ចូលរួម​ឲ្យ​បាន​ខ្លាំងក្លា​ជាមួយ​នឹង​អាជ្ញាធរ​ជាតិ ដើម្បី​ចូលរួម​ទប់ស្កាត់​បទល្មើស​គ្រឿងញៀន​។

លោក​បន្ថែមថា​៖ «​ឥឡូវ​ការបង្ក្រាប​យើង​ប្រឹងប្រែង​ទាំងអស់​គ្នា តែ​នៅ​តាម​មូលដ្ឋាន​នៅតែ​មាន​ការប្រើប្រាស់​ដែល​ស្មុគស្មាញ​បន្តិច កំប៉ិកកំប៉ុក​ដែល​តម្រូវ​ឲ្យ​អាជ្ញាធរ​ដែនដី​យើង ជាពិសេស​នគរបាល​មូលដ្ឋាន គាត់​ត្រូវ​ប្រឹង​ធ្វើ​។ អ្នក​នៅ​ខាងលើ​នេះ​ខំ​ធ្វើ​អាធំ​ (​បង្ក្រាប​បទល្មើស​) ​តូច​យើង​ពិបាក​ចូល​ដល់ ព្រោះ​វា​នៅ​ឆ្ងាយ​។ យើង​តម្រូវ​ឲ្យ​ថ្នាក់​ក្រោម​ជាតិ​ប្រឹងប្រែង​ធ្វើ​បន្តទៀត​»​។

លោក​ មាស ​វិរិទ្ធ អគ្គលេខាធិការ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ដែរ​ថា ដោយសារ​តែ​ស្ថានភាព​ក្នុង​តំបន់ និង​នៅលើ​ពិភពលោក​មាន​កើនឡើង បើទោះ​ជា​កម្ពុជា​បាន​ចាត់​វិធានការ​ច្រើន​ចំពោះ​អង្គការ​ចាត់តាំង​ធំ និង​ការបង្ក្រាប​យ៉ាង​ខ្លាំងក្លា​យ៉ាណា​ក៏ដោយ ក៏​បញ្ហា​នេះ​មិន​ស្រាកស្រាន្ត​ដែរ​។

លោក​បន្ថែម​ថា កត្តា​នេះ​ក៏​ដោយសារ​តែ​ការផលិត និង​តម្លៃ​នៃ​សារធាតុញៀន​កាន់តែ​មាន​តម្លៃថោក​។ បញ្ហា​នេះ​ធ្វើឲ្យ​មនុស្ស​កាន់តែ​ងាយ​ធ្លាក់ខ្លួន​បាន​យ៉ាងងាយ​ចំពោះ​សារធាតុ​ថ្មីៗ​ទាំងនេះ​។

លោក​បញ្ជាក់ថា​៖ «​បញ្ហា​គ្រឿងញៀន កម្ពុជា​នៅ​តែ​ជា​ចំណោទ​ដែល​នៅតែ​បន្ត​យកចិត្ត​ទុកដាក់ ដោយសារ​តែ​ទទួលរង​ការគំរាមកំហែង​ដោយសារ​គ្រឿងញៀន​នេះ​ពី​ក្រុម​ឧក្រិដ្ឋជន​ដែល​មាន​អង្គការ​ចាត់​តាំងធ្វើ​សកម្មភាព​ឆ្លងដែន​ពី​តំបន់​ផលិត​ដែល​នៅ​ជិត​នឹង​កម្ពុជា​»​។

របាយការណ៍​ដដែល​ឲ្យ​ដឹងថា គ្រាន់តែ​ក្នុង​ខែវិច្ឆិកា​មាន​មនុស្ស​យ៉ាង​ហោចណាស់​ជិត​ ១ ៥០០ ​នាក់​ ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​។ លោក​ ម៉ក់ ជីតូ ក៏បាន​អះអាង​ថា​មកដល់​បច្ចុប្បន្ន អ្នកប្រើប្រាស់​គ្រឿងញៀន​មាន​ចំនួន​ជិត​ ២ ​ម៉ឺន​នាក់​ដែល​កំពុងស្ថិត​ក្នុង​មណ្ឌល​ស្តារ​នីតិសម្បាទា​ជាង​ ៤០០ កន្លែង ​នៅ​ទូទាំង​ប្រទេស​។ រដ្ឋាភិបាល​កំពុង​កសាង​មណ្ឌល​ថ្នាក់ជាតិ​មួយកន្លែង​ទៀត​នៅ​ខេត្ត​ព្រះសីហនុ​ផងដែរ​។

លោក​ ជួប សុខចំរើន នាយក​ប្រតិបត្តិ​អង្គការ​ខាណា​ថ្លែង​ថាបើ​គ្រឿងញៀន​នៅតែ​មាន​ការកើនឡើង វា​នឹង​ក្លាយជា​វិបត្តិ​មួយ​ដ៏ធ្ងន់ធ្ងរ​ដល់​យុវជន​ និង​សុខភាព ព្រោះ​ភាគច្រើន​នៃ​អ្នកប្រើប្រាស់​គ្រឿងញៀន​ជា​យុវជន​ដែលជា​ធនធាន​មួយ​ដ៏មាន​តម្លៃ​សម្រាប់​ប្រទេសជាតិ​។

លោក​បន្ថែមថា​៖ «​ដោយសារតែ​ចំនួន​មាន​ការកើនឡើង​អ៊ីចឹង ហើយ​យើង​យក​ពួកគាត់​ទៅ​ដាក់​ក្នុង​មណ្ឌល ខ្ញុំ​គិតថា​គ្រាន់តែ​ជម្រើស​មួយ​ទេ​។ ប៉ុន្តែ​វា​នឹង​ចំណាយ​អស់​ថវិកា​ច្រើនណាស់ ហើយ​វា​ហាក់បី​ដូចជា​ធ្វើឲ្យ​ស្ថានភាព​ហ្នឹង​មិនបាន​ល្អប្រសើរ​ទេ​សម្រាប់​អ្នកញៀន​គ្រឿងញៀន បើសិន​ជា​គ្មាន​ការចូលរួម​ជាពិសេស​ពី​អាណាព្យាបាល​។ ការជំរុញ​ឲ្យ​អាណាព្យាបាល​ចូលរួម​នៅក្នុង​ការដោះស្រាយ​បញ្ហា​សុខភាព​ និង​ជួយ​បញ្ជូន​កូន​ឲ្យ​មក​ទទួល​សេវា​ព្យាបាល​ទាំង​ផ្នែក​សុខភាព​ និង​ការផ្តាច់​គ្រឿងញៀន​នេះ គឺជា​រឿង​សំខាន់​បំផុត​ក្នុង​ការចូលរួម​បន្ធូរបន្ថយ​បន្ទុក​»៕