ភ្នំពេញៈ អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​លោកស្រី ឱ វណ្ណឌីន ឲ្យ​ដឹងថា រយៈពេល​ជាង​ ១ ​ខែ​ មាន​អ្នក​ឆ្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ជិត ៦០០ ​នាក់​ នៅ​ខេត្ត​ចំនួន​ ៨ ប៉ុន្តែ​ពួកគេ​ទាំងនោះ​មិនត្រូវ​បាន​រកឃើញ​មាន​ឆ្លង​ជំងឺ​កូវីដ​ ១៩​ នោះទេ ទោះ​យ៉ាងណា​រដ្ឋមន្ត្រី សុខាភិបាល ណែនាំ​ឲ្យ​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។

របាយការណ៍​ដែល​លោកស្រី​ ឱ វណ្ណឌីន បាន​ផ្សព្វផ្សាយ​ពី​ថ្ងៃ​សៅរ៍​ឲ្យ​ដឹងថា មុនពេល និង​អំឡុងពេល​ពិធីបុណ្យ​កាន់បិណ្ឌ និង​ពិធី​បុណ្យ​ភ្ជុំបិណ្ឌ​ពី​ថ្ងៃ​ទី​ ១៥ សីហា ដល់​ថ្ងៃទី​ ១៨ កញ្ញា ឆ្នាំ​ ២០២០ ក្រសួង​សុខាភិបាល​សង្កេត​ឃើញ មាន​ការចម្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ ដែល​ភាសា​បច្ចេកទេស​ពេទ្យ​ហៅថា «Influenza A»​។

របាយការណ៍​ដដែល​ឲ្យ​ដឹងថា អ្នក​ឆ្លង​ជំងឺ​នេះ​គឺ​ក្នុង​ចំណោម​ព្រះសង្ឃ​នៅ​ខេត្តតាកែវ បាត់ដំបង ត្បូងឃ្មុំ និង​ខេត្ត​បន្ទាយមានជ័យ​។ ក្រៅពី​នេះ​មាន​ក្រុម​អ្នកទោស​ក្នុង​ពន្ធនាគារ​នៅ​ខេត្ត​ព្រះវិហារ កោះកុង និង​ខេត្តកំពង់ធំ និង​នៅក្នុង​សហគមន៍​មួយ​ដែល​មាន​ប្រជាជន​រស់នៅក្នុង​តំបន់​គ្របដណ្ដប់​នៃ​មណ្ឌល​សុខភាព​សោមធំ ខេត្ត​រតនគិរី​។

របាយការណ៍​បញ្ជាក់ថា​៖ «​ឆ្លើយតប​ទៅ​នឹង​ជំងឺ​គ្រុន​ផ្ដាសាយធំ​នេះ ក្រុម​ការងារ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត​ទាំង​ ៨ ​ខាង​លើ​បាន​ធ្វើ​សកម្មភាព​យ៉ាង​សកម្ម និង​ឆ្លើយតប​បាន​យ៉ាង​រហ័ស ដើម្បី​ទប់ស្កាត់​ការចម្លង​បន្ត​គ្នា និង​ផ្ដល់​ការព្យាបាល​ជូន​ដល់​ព្រះសង្ឃ និង​អ្នកជំងឺ​បាន​ជា​សះស្បើយ​ ១០០% ហើយ សម្រាប់​ខេត្ត​ចំនួន​ ៧​។ ចំណែក​នៅ​ខេត្ត​កំពង់ធំ​បានជា​សះស្បើយ ១៥% ដែល​នឹង​អាច​មាន​ការជាសះស្បើយ​ជា​បណ្ដើរៗ​ទៀត​ក្នុង​ពេល​ខាងមុខនេះ​»​។

លោកស្រី ឱ វណ្ណឌីន ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃទី​ ២០ កញ្ញា គឺ​មិនទាន់​មាន​ករណី​ថ្មី​នៃ​អ្នក​ឆ្លង​ជំងឺ​ផ្តាសាយធំ​នេះ​នៅ​ឡើយ​ទេ​។ ក្រសួង​សុខាភិបាល​ក៏​បាន​ប្រកាស​ពី​ភាពជោគជ័យ​ក្នុង​ការទប់ស្កាត់​បាន​នូវ​ការ​ចម្លងជំងឺ​កូវីដ​ ១៩​ ថ្មី ចូលក្នុង​ប្រទេស​កម្ពុជា និង​សហគមន៍​ក្នុង​អំឡុងពេល​បុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ​ផងដែរ ដោយ​មិនមាន​រកឃើញ​នៃ​ករណី​ថ្មី​ដូចគ្នា​។

លោកស្រី​បញ្ជាក់​ថា​៖ «​ការវិភាគ​របស់​មន្ទីរពិសោធន៍​នៃ​វិទ្យាស្ថាន​ជាតិ​សុខភាព​សាធារណៈ និង​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា​លើ​ករណី​អ្នកជំងឺ​ខាងលើ​បាន​បង្ហាញ​លទ្ធផល​ថា មិនមាន​វីរុស​កូវីដ​១៩ តែ​មាន​វិជ្ជមាន​វីរុស​ផ្ដាសាយធំ​ (Influenza A ប្រភេទ​ H3 N2) ​ដែល​ជា​ប្រភេទ​អាច​ឆ្លង​បន្ត​គ្នា​ដែរ​»​។

រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​លោក​ ម៉ម ប៊ុនហេង បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ លោកតា​អាចារ្យ លោកតាជី យាយជី គណៈកម្មការ​វត្ត និង​ព្រះសង្ឃ​ទាំងអស់​នៅ​ទូទាំង​ប្រទេស​ឱ្យចូល​រួម​អនុវត្ត​វិធានការ​ការពារ​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ ដើម្បី​ចៀសវាង​ការចម្លង​ជំងឺ​គ្រុន​ផ្ដាសាយធំ​ខាងលើ​នេះ​។

លោក​បន្តថា វិធានការ​ទាំងនោះ​រួមមាន​ការ​មាន​អនាម័យ​ខ្លួនប្រាណ និង​កន្លែង​រស់នៅ ជាពិសេស​អនាម័យ​ដៃ​ឱ្យបាន​ស្អាត​ជាប់​ជានិច្ច ដោយ​លាង​សម្អាត​ឱ្យ​បាន​ញឹកញាប់​តាម​បច្ចេកទេស​ណែនាំ​របស់​ក្រសួង​សុខាភិបាល​។ ការប្រើ​ម៉ាស់​ក្នុង​ករណី​ចាំបាច់ ជាពិសេស​ត្រូវ​ពាក់​ម៉ាស់​ពេល​ចូលក្នុង​ទីវត្តអារាម ស្ដាប់​ព្រះធម៌ ឬ​កន្លែង​ដែល​មាន​មនុស្សម្នា​ច្រើន ហើយ​ពេល​ក្អក​កណ្ដាស់​ត្រូវ​ខ្ទប់មាត់ និង​ច្រមុះ ដោយ​ប្រើ​កន្សែង ក្រមា ក្រដាស​ជូត​មាត់ ឬ​កែងដៃ​ជាដើម​។

លោក​រដ្ឋមន្ត្រី​បន្តថា​៖ «​ត្រូវ​ចេះ​រក្សា​គម្លាត​សុវត្ថិភាព​បុគ្គល​ពី​ ១.៥ ម៉ែត្រ​ឡើងទៅ​។ ព្រះសង្ឃ ឬ អ្នក​ដែលមាន​ជំងឺ​គ្រុន​ផ្ដាសាយធំ ឬ​ជំងឺឆ្លង​ចាំបាច់​ត្រូវ​គង់នៅ​ក្នុង​កុដិ ឬ​កន្លែង​ដាច់ដោយឡែក​ពី​ព្រះសង្ឃ​ដែល​មិនមាន​អាពាធ ឬ​ពី​អ្នកជា​កុំ​ឱ្យ​មាន​ការចម្លង​បន្ត​គ្នា​»​។

លោក​បញ្ជាក់ថា​៖ «​ចៀសវាង​ការប៉ះពាល់​ជាមួយ​សត្វ​ដែល​បំបៅកូន​ដោយ​ទឹកដោះ និង​សត្វបក្សី​ដោយផ្ទាល់​។ ប្រសិនបើ​បាន​ប៉ះពាល់​ត្រូវ​តែ​លាងដៃ​ជាមួយ​សាប៊ូ​ឱ្យ​បាន​ឆាប់​មុន​នឹង​ចាប់​កាន់​របស់របរ ឬ​មុននឹង​ប៉ះពាល់​ផ្ទៃមុខ​របស់ខ្លួន​»​។

ក្រៅពី​គោរព​តាម​វិធានការ​ទាំងនេះ​លោក​ ម៉ម ប៊ុន ហេង បាន​ណែនាំ​ឲ្យ​ពលរដ្ឋ ពិសា​ទឹក​ដាំពុះ ក្ដៅ​ឧណ្ហៗ និង​បរិភោគ​ម្ហូប​អាហារ​ឆ្អិន​ល្អ​។ រក្សា​អនាម័យ​ចំណីអាហារ ហើយ​បើ​មាន​បញ្ហា​សុខភាព​មិន​ត្រូវ​ចូលរួម​ក្នុង​ពិធី​ណា​មួយ​ឡើយ ដោយ​ត្រូវ​គង់​នៅក្នុង​កុដិ ឬ​ស្នាក់នៅ​ទីកន្លែង​ណាមួយ​ដាច់​ដោយឡែក​ពី​គេ កុំឱ្យ​មាន​ការចម្លង​បន្ត​គ្នា​។

គិត​ត្រឹម​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃទី​ ១៩ ខែកញ្ញា ព្រះសង្ឃ និង​អ្នក​ឈឺ​ដោយសារ​ជំងឺ​គ្រុន​ផ្ដាសាយធំ​ទាំង​ជិត​ ៦០០ ​នាក់ ​នោះ​គឺ​មាន​ព្រះសង្ឃ​ ៣៦ ​អង្គ​គង់​នៅ​ខេត្ត​តាកែវ ព្រះសង្ឃ​ ៤៦ ​អង្គ គង់នៅ​ខេត្ត​បាត់ដំបង ព្រះសង្ឃ ១៧ ​អង្គ​គង់នៅ​ខេត្ត​ត្បូងឃ្មុំ និង​ព្រះសង្ឃ​ ២៦ ​អង្គ គង់នៅ​ខេត្ត​បន្ទាយមានជ័យ​។ ក្រៅពីនេះ​ក្រុម​អ្នក​ជាប់ទោស​ក្នុង​ពន្ធនាគារ​ ១៦៩ ​នាក់​នៅ​ខេត្ត​កោះកុង និង​ក្រុម​អ្នក​ជាប់ទោស​ក្នុង​ពន្ធនាគារ​ ១៤៧ ​នាក់​នៅ​ខេត្តព្រះវិហារ ព្រមទាំង​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​រស់នៅក្នុង​តំបន់​គ្របដណ្ដប់​នៃ​មណ្ឌល​សុខភាព​សោមធំ ស្រុក​អូរយ៉ាដាវ ៦៧ ​នាក់​នៅ​ខេត្ត​រតនគិរី​។

ទោះយ៉ាងណា​ពួកគេ​ទាំងនោះ​បាន​ជា​សះស្បើយ​ពី​ជំងឺ​អស់ហើយ នៅ​ឡើយ​តែ​ក្រុម​អ្នកទោស​ចំនួន​ ៦៧ ​នាក់​នៅ​ខេត្តកំពង់ធំ ដែល​កំពុង​បន្ត​សម្រាក​ព្យាបាល ខណៈ​អ្នកទោស​ ១០ ​នាក់ បាន​ជាសះស្បើយ​។ នេះ​បើ​តាម​របាយការណ៍​របស់​លោកស្រី​ ឱ វណ្ណឌីន​៕