
កម្មកររោងចក្រ W&D មកតវ៉ានៅជិតគេហដ្ឋានរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី ១៨ មីនា។ សហការី
ភ្នំពេញៈ រោងចក្រ W&D ទាមទារឲ្យមានការទទួលខុសត្រូវចំពោះការខាតបង់នាពេលកន្លងមក ដែលពួកគេទទួលរងក្នុងរយៈពេល ៣ ខែ ចាប់តាំងពីកម្មករផ្ទុះការតវ៉ា ជាថ្នូរនឹងការព្រមទទួលយកកម្មករឲ្យចូលធ្វើការវិញ ស្របតាមប្រសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
កាលពីថ្ងៃទី ២៥ ខែ មីនា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវទៅដល់ថៅកែរោងចក្រ W&D ឲ្យទទួលយកកម្មករ កម្មការិនីជាង ១ ០០០ នាក់ ចូលធ្វើការវិញ ដោយអះអាងថា ពួកគេបានចាញ់បោកការញុះញង់របស់មនុស្សមួយចំនួន ឲ្យទៅធ្វើបាតុកម្មរហូតដល់ថៅកែរោងចក្របញ្ឈប់ពីការងារ។ ការអំពាវនាវនេះ លោក ក៏បានចាត់ឲ្យរដ្ឋមន្ត្រីក្រសួងការងារ ជាអ្នកធ្វើការសម្របសម្រួល និងដោះស្រាយបញ្ហានេះផងដែរ។
លោក តាំង ម៉េង មេធាវីតំណាងឲ្យរោងចក្រ W&D ប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញ ថា ក្រោយពីលោកនាយករដ្ឋមន្ត្រី ប្រកាសឲ្យខាងរោងចក្រទទួលយកកម្មករទាំងអស់វិញភ្លាមៗ ភាគីខាងរោងចក្រ និងក្រសួងការងារ ក៏បានជួបពិភាក្សាគ្នា ប៉ុន្តែពេលចរចានៅថ្ងៃ ២៥ មីនា ដែរនោះ ពុំបានទទួលជោគជ័យនោះទេ និងបានបន្តចរចានៅថ្ងៃអង្គារម្សិលមិញទៀត។
ជាមួយនឹងការចរចានេះ លោកបញ្ជាក់ថា ភាគីរោងចក្រ នឹងព្រមទទួលយកកម្មករទាំងអស់វិញ បើសិនបើក្រសួង ព្រមទទួលខុសត្រូវ ឬសង់ការខូចខាតដែលខ្លួនបានខាតបង់នាពេលកន្លងមក តែលោកពុំបានបញ្ជាក់ថា ការទាមទារឲ្យមានការទទួលខុសត្រូវនេះ ជាអ្វីឲ្យច្បាស់នោះទេ។
លោកបានបញ្ជាក់ថា៖ «ការសំណូមពររបស់រោងចក្រ គឺការខាតបង់របស់រោងចក្រ តើត្រូវធ្វើយ៉ាងម៉េច ដើម្បីឲ្យរដ្ឋាភិបាលជួយវិញ។ ព្រោះក្រសួងបានជួយខាងកម្មករហើយ ចំណែកខាងរោងចក្រ គួរជួយយ៉ាងម៉េច? ព្រោះយើងបានអនុវត្តតាមច្បាប់តាំងពីដើមទី រហូតមកទល់ពេលនេះ»។
លោកបានបន្តថា ជាមួយនឹងការទទួលយកកម្មករទាំងអស់ឲ្យចូលធ្វើការនេះ រោងចក្រក៏ទាមទារឲ្យមានគោលការណ៍ច្បាស់លាស់ផងដែរ ព្រោះខ្លួនបារម្ភនៅពេលទទួលយកកម្មករទាំងអស់វិញ ក្នុងចំណោមកម្មករទាំងនោះ នឹងបង្កបញ្ហានៅក្នុងរោងចក្ររបស់ពួកគេបន្តទៀត។
លោក Jimmy នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន W&D បានថ្លែងក្នុងសន្និសីទកាសែតកាលពីពេលកន្លងទៅថាខ្លួនខាតបង់ប្រាក់ជាង ១ លានដុល្លារ និងបាត់បង់អ្នកបញ្ជាទិញធំៗដល់ទៅ ៣ ក្នុងចំណោមអ្នកបញ្ជាទិញក្រៅប្រទេសចំនួន ១០ ចាប់តាំងពីកម្មករ កម្មការិនីជាង ១ ០០០ នាក់ បានបន្តធ្វើបាតុកម្មតវ៉ា ក្នុងរយៈពេល ៣ ខែកន្លងមកនេះ។ ការខាតបង់នេះ លោក Jimmy អះអាងថា ព្រោះតែភាពយឺតយ៉ាវក្នុងការដឹកជញ្ជូន និងមិនអាចប្រគល់ទំនិញឲ្យអ្នកបញ្ជាទិញទាន់ពេលវេលា។
ពេលទាក់ទងកាលពីម្សិលមិញ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ មិនបានប្រាប់លម្អិតអំពីគោលការណ៍ ឬការទទួលខុសត្រូវយ៉ាងណារបស់ក្រសួងចំពោះការទាមទារនោះទេ ដោយលោកគ្រាន់តែបញ្ជាក់ខ្លីថាក្រសួងនឹងបន្តសម្របសម្រួល ជាមួយភាគីរោងចក្រ ជុំវិញការទាមទារនូវការខាតបង់ដែលពួកគេទទួលរងរយៈពេល ៣ ខែកន្លងមក រួមនឹងការទាមទារឲ្យមានគោលការណ៍ជាក់លាក់ជុំវិញក្តីបារម្ភរបស់ពួកគេ។
លោក គីម សាន កម្មករនៅរោងចក្រ W&D បានអះអាងថា ពួកខ្លួនទាំងអស់គ្នា កំពុងរង់ចាំការប្រកាសទទួលយកកម្មករទាំងអស់ឲ្យចូលធ្វើការវិញ ដូចទៅនឹងការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី។
លោក សាន បានបញ្ជាក់ថា៖ «បច្ចុប្បន្នកម្មករ ព្រមចូលធ្វើការវិញហើយ តែរោងចក្រអត់ព្រមយកទាំងអស់វិញ។ អ៊ីចឹងសង្ឃឹមថា ក្រុមហ៊ុន នឹងព្រមទទួលទាំងអស់ដោយគ្មានការរើសអើង»។
កម្មករ កម្មការិនី រោងចក្រ W&D ស្ថិតក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ បានប្រមូលផ្តុំគ្នាតវ៉ាតាំងពីថ្ងៃទី ២៤ ខែ ធ្នូ ឆ្នាំមុន ដើម្បីទាមទារឲ្យថៅកែរោងចក្រខាងលើ្រនេះ ទូទាត់ប្រាក់បំណាច់អតីតភាពការងាររបស់ពួកគេ មុនអនុវត្តច្បាប់ថ្មី ដែលនឹងបើកប្រាក់បំណាច់អតីតភាពការងារនេះជារៀងរាល់ ៦ ខែម្តង។
ក្រោយពីផ្ទុះបាតុកម្មតវ៉ា ក្រុមហ៊ុន បានប្រកាសបញ្ឈប់កម្មករប្រមាណ ១ ១០៤ នាក់ ដោយក្រុមហ៊ុនបានសំអាងថា កម្មករទាំងនោះ មិនបានគោរពទៅតាមដីការក្សាការពាររបស់តុលាការ ដែលតម្រូវឲ្យកម្មករទាំងអស់ចូលធ្វើការវិញ ក្នុងរយៈពេល ៤៨ ម៉ោង។
ប៉ុន្តែទោះយ៉ាងណា ក្នុងពិធីចែកសញ្ញាបត្រពេលនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា រោងចក្រ គួរទទួលយកកម្មករចូលបម្រើការងារវិញ ព្រោះកម្មករទាំងនោះលែងទាមទារប្រាក់អតីតភាពការងារជាកញ្ចប់ទៀតហើយ៕