ភ្នំពេញៈ មន្ត្រី​ជាន់ខ្ពស់ អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្លែងថា សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ៧ ៦៧៦ ករណី​ ឃាត់ខ្លួន​មនុស្ស​ពាក់ព័ន្ធ​ចំនួន​ជាង​ ១៦ ២០០ ​នាក់ និង​បាន​រឹបអូស​គ្រឿងញៀន​ ៤៤៧ ​គីឡូក្រាម ​ក្នុង​រយៈពេល​ ២៨៦ ​ថ្ងៃ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ក៏​បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ចូលរួម​រាយការណ៍ និង​សហការ​ជាមួយ​សមត្ថកិច្ច ដើម្បី​ទប់ស្កាត់​គ្រឿងញៀន​។

លោក មាស វិរិទ្ធ ​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ ថា​រយៈពេល​ពី​ថ្ងៃ​ទី​ ១ ខែ​ មករា ១៣ ​តុលា ឆ្នាំ​ ២០១៩ សមត្ថកិច្ច​បាន​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ ៧ ៦៧៦ ​ករណី​ ដោយ​បាន​ឃាត់ខ្លួន​មនុស្ស​ ១៦ ២៣៦ ​នាក់​។ ក្នុងចំណោម​ការបង្ក្រាប​ទាំងអស់​មាន​ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​ចំនួន​ ៤ ៥៩២ ​ករណី​ ឃាត់ខ្លួន​មនុស្ស​ ៨ ៧៧៦ ​នាក់ និង​អ្នកប្រើប្រាស់​ ៣ ០៨៤​ ករណី ហើយ​បាន​ឃាត់ខ្លួន​ ៧ ៤៦១ ​នាក់ និងបាន​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​ ៤៤៧ ​គីឡូក្រាម​។

លោក​បញ្ជាក់ថា​៖ «​ក្នុង​រយៈពេល​ ២៨៦ ​ថ្ងៃ​ យើង​បង្ក្រាប​គ្រឿងញៀន​បាន​ ៧ ៦៧៦ ​ករណី សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ ១៦ ២៣៦ ​នាក់​ ក្នុង​នោះ​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​អ្នក​ដែល​ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​ ៨ ៧៧៦ នាក់ និង​បាន​ឃាត់ខ្លួន​ ៧ ៤៦១ ​នាក់​ ពាក់ព័ន្ធ​ករណី​អ្នកប្រើប្រាស់​។ យើង​បាន​រឹបអូស​គ្រឿងញៀន​បាន​ ៤៤៧ ​គីឡូ ហើយ​ចំនួន​ករណី​មាន​កើនឡើង​ ១០ ​ភាគរយ បើ​ប្រៀបធៀប​ឆ្នាំមុន​»​។

លោក​ថា​ក្នុង​ចំណោម​ ១៦ ២៣៦ ​នាក់ ​គឺ​មាន​ស្រី​ ១ ១០៤ ​នាក់ ​ក្នុង​នោះ​មាន​ជនបរទេស​ ៣៣៤ ​នាក់ និង​មាន​ ១២ ​សញ្ជាតិ​។ ក្រៅពី​ ៤៤៧ ​គីឡូ​ សមត្ថកិច្ច​ក៏បាន​រឹបអូស​ ៤១៦ ​កញ្ចប់​តូច រថយន្ដ​ ៥៥ ​គ្រឿង ម៉ូតូ​ ២ ០០៦ ​គ្រឿង ទូរស័ព្ទ​ ៥ ៣១២ ​គ្រឿង ជញ្ជីង​ ២៩២ ​គ្រឿង អាវុធខ្លី​ ៦ ​ដើម អាវុធ​វែង​ ៩ ​ដើម ហើយ​ស្នើសុំ​បង្កក​ដីឡូត៍ ១ ​កន្លែង និង​ផ្ទះល្វែង ១ កន្លែង​។

ជាមួយ​គ្នា​នេះ​ឧបនាយក​រដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​លោក ស ខេង ថ្លែង​ក្នុង​ពិធីបុណ្យ​អុំទូក​នៅ​ខេត្ត​បាត់ដំបង​ថ្ងៃទី​ ១៣ តុលា​ ថា​៖ «​បញ្ហា​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែល​បញ្ហា​នេះ​យើង​បាន​ធ្វើ​ការងារ​នេះ​យ៉ាងច្រើន​។ បើក​យុទ្ធនាការ​បង្ក្រាប​ចាប់ រឹបអូស ហើយ​បង្កក​ទ្រព្យសម្បត្តិ​អ្នក​ដែល​ប្រព្រឹត្ត​បទល្មើស គ្រឿងញៀន​។ បាន​ឃាត់ខ្លួន​អ្នក​ដែល​ចែកចាយ​គ្រឿងញៀន​ជា​បន្តបន្ទាប់​ទូទាំង​ប្រទេស​ក្នុង​រយៈពេល​ជិត​ ២ ​ឆ្នាំ​នេះ​»​។

លោក​បន្ថែមថា បញ្ហា​គ្រឿងញៀន​នេះ​បាន​និង​កំពុង​រីករាលដាល​ដល់​តំបន់​ជនបទ​ដែល​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​ត្រូវ​សហការ និង​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ពី​បទល្មើស​គ្រឿងញៀន​ដើម្បី​ជួយ​ទប់ស្កាត់​។

លោក​បញ្ជាក់ថា​៖ «​មាន​សញ្ញា​ចរាចរណ៍​គ្រឿងញៀន​បាន​មក​ដល់​ទីជនបទ​មួយ​ចំនួន ដូច្នេះ​ហើយ​ខ្ញុំ​សូម​អំពាវនាវ​ដល់​បងប្អូន ប្រជាពលរដ្ឋ​មេត្តា​ចូលរួម​ថែមទៀត​ជាមួយ​សមត្ថកិច្ច​។ ពីព្រោះ​មិន​អាច​រ៉ាប់រង​បាន​ទាំង​ស្រុង​ទេ បើ​គ្មាន​ការគាំទ្រ និង​ការចូលរួម​របស់​បងប្អូន​ប្រជាពលរដ្ឋ​»​។

លោក​បាន​ព្រមាន​ដល់​សមត្ថកិច្ច​ទាំង​មន្ត្រីនគរបាល និង​តុលាការ​កុំ​ការពារ​ធ្វើ​ខ្នងបង្អែក អន្តរាគមន៍ ឬ​ក៏​ឃុបឃិត​ជាមួយ​អ្នកជួញដូរ​គ្រឿងញៀន​។ លោក​ថា ពួកគេ​មិន​ត្រូវ​បន្ធូរដៃ​ចំពោះ​ការងារ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នោះឡើយ គឺ​ត្រូវតែ​ប្រឹងប្រែង​យកចិត្ត​ទុកដាក់​ប្រយុទ្ធ​ប្រឆាំង​ឲ្យ​បាន​ខ្លាំងក្លា​ឡើង​បន្ថែមទៀត​។

លោក​បន្តថា​៖ «៣ ​កុំ និង​ ១ ​រាយការណ៍​។ កុំ​ ទី​១ ​គឺ​កុំ​ជួញដូរ កុំ​ចែកចាយ កុំ​ធ្វើ​ខ្នងបង្អែក កុំ​ឃុបឃិត និង​កុំ​ប្រើប្រាស់​គ្រឿងញៀន​។ ទី​២ ​កុំ​អន្តរាគមន៍ បាន​ន័យ​ថា បើ​អ្នករកស៊ី​គ្រឿងញៀន​ជា​បងប្អូន​សាច់ញាតិ ជា​មិត្តភក្តិ យ៉ាងណា​ក៏ដោយ​មិន​ត្រូវ​អន្តរាគមន៍​ទេ ទុក​ឲ្យ​សមត្ថកិច្ច​អនុវត្ត​តាម​ច្បាប់​ជា​ធរមាន​។ ពីព្រោះ​ពេល​យើង​អន្តរាគមន៍​ធ្វើឲ្យ​ខូច​ដល់​ទឹកចិត្ត​នៃ​ការប្រយុទ្ធ​ប្រឆាំង គ្រឿងញៀន និង​យុត្តិធម៌​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ដែរ​។ កុំ​ទី​ ៣ គឺ​កុំ​លើកលែង​បាន​ន័យ​ថា សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំងឡាយ​ដែល​ជា​មន្ត្រី​នគរបាល​ក្តី ជា​មន្ត្រី​តុលាការ និង​ជា​មន្ត្រី​ព្រះរាជអាជ្ញា​ក្តី មិន​បន្ធូរបន្ថយ និង​លើកលែង​នោះ​ទេ​គឺ​ត្រូវអនុវត្ត​ច្បាប់​ដោយ​ម៉ឺងម៉ាត់​»​។

ប្រធាន​សមាគម​សង្គ្រោះ​ជនរងគ្រោះ​ដោយ​គ្រឿងញៀន​កម្ពុជា​លោក មាស សុវណ្ណ ស្វាគមន៍​ការខិតខំ​ប្រឹងប្រែង​របស់​អាជ្ញាធរ​ក្នុង​ការទប់ស្កាត់​គ្រឿងញៀន និង​បង្ក្រាប​គ្រឿងញៀន​។ លោក​ក៏បាន​អំពាវនាវ​ឲ្យ​សមត្ថកិច្ច​ខិតខំ​បង្ក្រាប និង​ទប់ស្កាត់​កុំ​ឲ្យ​រីក​រាលដាល​ដល់​តំបន់​ជនបទ​។

លោក​បញ្ជាក់ថា​៖ «​គាត់​បាន​ធ្វើ​សកម្មភាព​ជាប់ វា​នឹង​មាន​ការថយចុះ​កាន់តែ​ច្រើន​។ វា​នៅ​មាន​ចន្លោះ​ខ្លះ​ដែល​មិនទាន់​ធ្វើ យើង​ត្រូវ​ផ្តោត​យកចិត្ត​ទុកដាក់​កន្លែង​កម្សាន្ត​ដូចជា​ក្លិប តំបន់​រោងចក្រ​។ បើ​យើង​មិនបាន​ធ្វើ​ជាប់​ទេ វា​អាច​នឹង​កើតឡើង​វិញ​។ បើ​យើង​កាប់​ព្រៃ​ហើយ យើង​មិន​ថែរក្សា​វា​ទេ វា​នឹង​ដុះ​វិញ​ហើយ តែ​បើ​កាប់​ហើយ​យើង​ថែ​វា វា​នឹង​មិន​ងាយ​ដុះ​វិញ​ទេ​»​។

លោក​បន្ថែម​ថា​កន្លង​ទៅ​មាន​ប្រជាពលរដ្ឋ​មួយ​ចំនួន​បាន​រាយការណ៍​ថា សមត្ថកិច្ច និង​អាជ្ញាធរ​ពាក់ព័ន្ធ​មួយ​ចំនួន​តូច មិន​បាន​ធ្វើការ​បង្ក្រាប និង​ទប់ស្កាត់​គ្រឿងញៀន​នោះ​ទេ​ដោយសារ​តែ​ពួកគេ​ទទួលផល​ពី​អ្នក​ជួញដូរ​គ្រឿងញៀន​ដែល​ធ្វើឲ្យ​ប្រជាពលរដ្ឋ​មួយ​ចំនួន​តូច​សម្តែង ការមិន​ពេញចិត្ត​ផងដែរ​។

រយៈពេល​ជាង​ ៦ ​ខែ​ឆ្នាំនេះ​ចាប់ពី​ថ្ងៃទី​ ១ ខែ ​មករា ១៦ ខែ​ កក្កដា ឆ្នាំ​ ២០១៩ សមត្ថកិច្ច​បាន​បង្ក្រាប​ករណី​គ្រឿងញៀន​ចំនួន​ ៤ ៦០៨ ​ករណី ឃាត់ខ្លួន​មនុស្ស​ ១០ ០១៨ ​នាក់​ (​ស្រី​ ៧៣៧ ​នាក់​) ​ក្នុង​នោះ​ជនបរទេស ១៨៧ ​នាក់​ (​ស្រី​ ៤០ ​នាក់​)​។ ក្នុង​ចំណោម​ករណី​បង្ក្រាប​ទាំងអស់​មាន​ករណី​ជួញដូរ រក្សាទុក កែច្នៃ ចាត់ចែង និង​ដាំដុះ​ចំនួន​ ២ ៨០៨ ​ករណី ឃាត់ខ្លួន​មនុស្ស​ ៥ ៥៦៣ ​នាក់ និង​ករណី​ប្រើប្រាស់ ១ ៨០០ ​ករណី​។ ឃាត់ខ្លួន ​៤ ៤៥៥ ​នាក់ ព្រមទាំង​បាន​ឃាត់ខ្លួន​តាម​ដីកា​ ១៤៦ ​នាក់ ​ដកហូត​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ជាង​ ៣៤៥ ​គីឡូក្រាម និង​ ៤៤៤ ​កញ្ចប់​តូច​៕