បន្ទាយមានជ័យៈ ខណៈ​ខេត្តពោធិ៍សាត់ បាត់ដំបង ប៉ៃលិន និង​បណ្ដា​ខេត្ត​មួយចំនួន​ទៀត រួមទាំង​រាជធានី​ភ្នំពេញ​ទឹកបាន​ចាប់ផ្ដើម​ស្រក​ទៅវិញ​ជា​បណ្ដើរៗ​នោះ នៅឯ​ខេត្ត​បន្ទាយមានជ័យ​ជំនន់​ទឹកភ្លៀង​ និង​ទឹក​ដែល​ហូរ​ចាក់​ពី​ប្រទេស​ថៃ តាម​អូរ​ព្រំដែន​បាន​បង្ក​ឱ្យ​មាន​ការជន់​លិច​កាន់តែ​ខ្លាំង​ឡើង​ថែមទៀត ដោយ​គ្របដណ្ដប់​លើ​ក្រុង-ស្រុក​ទាំង​ ៩ ​នៃ​ខេត្ត​នេះ​ទាំងមូល​។

លោក លី សារី អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ដោយសារ​ភ្លៀង​នៅតែ​បន្ត​ធ្លាក់​ និង​ទឹក​ដែល​ហូរ​ធ្លាក់​មកពី​ស្ទឹង​បវេល ខេត្ត​បាត់ដំបង​ និង​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​នៅតែ​បន្ត​ហូរ​ចាក់​យ៉ាង​គំហុក​ធ្វើឱ្យ​កម្ពស់​ទឹកស្ទឹង​មង្គលបុរី និង​ស្ទឹង​សិរីសោភ័ណ ហក់ឡើង​លើសពី​កម្រិត​ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ដែល​បណ្ដាល​ឱ្យ​ជន់​លិច​ និង​ប៉ះពាល់​លំនៅឋាន​ប្រជាពលរដ្ឋ​សរុប​ ២២ ១៧៨ ​ខ្នង​ផ្ទះ ដែល​ស្ថិត​នៅ​តាម​តំបន់​មាត់​អូរ ស្ទឹង​ និង​ទី​ទំនាប​នៃ​ក្រុង-ស្រុក​ទាំង​ ៩ ​នៅ​ទូទាំង​ខេត្ត​បន្ទាយមានជ័យ​។

លោក​បាន​ថ្លែងថា​៖ «​គ្រោះទឹកជំនន់​នេះ​បាន​ធ្វើឱ្យ​ពលរដ្ឋ​ចំនួន​ ១៥ ​នាក់​លង់ទឹក​ស្លាប់ និង​ ១៣ ៧៦៣ ​នាក់​ក្នុង​ចំណោម​ ១៩៦ ៥៣៦ ​នាក់​ ដែល​រង​ផលប៉ះពាល់​ដោយ​ទឹក​ជន់លិច​ផ្ទះសំបែង​ត្រូវ​បាន​ជម្លៀសចេញ​ទៅកាន់​ទីទួល​មាន​សុវត្ថិភាព ខណៈ​ដំណាំ​ស្រូវ​ជិត​ ៥ ​ម៉ឺន​ហិកតា និង​ដំឡូងមី រួមទាំង​ដំណាំ​រួមផ្សំ សរុប​ចំនួន​ជិត​ ១ ​ម៉ឺន​ហិកតា​ទៀត​ត្រូវបាន​ទឹក​ជន់លិច​ទាំងស្រុង​»​។

ក្រៅពី​នេះ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួន​ក៏​ត្រូវ​បាន​ទឹក​ជន់លិច​ផងដែរ ក្នុង​នោះ​ជន់លិច​សាលារៀន​ចំនួន​ ១១៨ ​កន្លែង ប៉ះពាល់​ដល់​ការសិក្សា​របស់​សិស្ស​រាប់ពាន់​នាក់ និង​ជន់លិច​មណ្ឌល​សុខភាព​ចំនួន​ ៩ ​កន្លែង និង​សាលាឃុំ​ ៥ ​កន្លែង ប៉ះពាល់​ដល់​ការងារ​ផ្ដល់​សេវា​សាធារណៈ​មួយចំនួន​នៅក្នុង​សហគមន៍​មូលដ្ឋាន​រួមទាំង​ជន់លិច​ប៉ះពាល់​ផ្លូវ​ ៥៩៦ ​កន្លែង មាន​ប្រវែង​សរុប ៣៨៦ ​គីឡូម៉ែត្រ ប៉ះពាល់​ការធ្វើ​ដំណើរ​ទៅមក​របស់​ប្រជាពលរដ្ឋ​ក្នុង​ការដឹកជញ្ជូន​ទំនិញ និង​កសិផល​នានា​ផងដែរ​។

បើ​តាម​លោក សារី ក្នុង​ចំណោម​ក្រុង-ស្រុក​ទាំង​ ៩ ​របស់​ខេត្ត​បន្ទាយមានជ័យ ដែល​កំពុង​រង​ការជន់លិច​ដោយ​ជំនន់​ទឹកភ្លៀង និង​ទឹក​ដែល​ហូរ​ចាក់​មកពី​ប្រទេស​ថៃ​នាពេល​នេះ​មាន​ក្រុង-ស្រុក​ចំនួន​ ៣ រួមមាន ក្រុង​ប៉ោយប៉ែត ស្រុក​អូរជ្រៅ និង ស្រុក​ថ្មពួក​រង​ការជន់​លិច​ធ្ងន់ធ្ងរ​ជាងគេ​។ លោក​ថ្លែងថា​៖ «​នៅពេលនេះ​ល្បឿន​ទឹក​ដែល​ហូរ​ធ្លាក់​ពី​ប្រទេស​ថៃ​តាម​អូរ​ព្រំដែន​ក្នុង​ភូមិសាស្ត្រ​ក្រុង-ស្រុក​ទាំង​ ៣ ​នេះ​បាន​ថយចុះ​បន្តិច បើ​ធៀប​កាលពី​ថ្ងៃ​អាទិត្យ ដែលមាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​ភាគ​ខាងជើង​ជាប់​តំបន់​ជួរ​ព្រំដែន​កម្ពុជា-ថៃ​»​។

ក្រោម​កិច្ចសហការ​ចូលរួម​ពី​មន្ទីរ​ស្ថាប័ន​ពាក់ព័ន្ធ ពិសេស​ពី​កងកម្លាំង​ប្រដាប់អាវុធ​ទាំង​ ៣ ​ប្រភេទ​ដែល​រួមមាន កងទ័ព កងរាជ​អាវុធហត្ថ និង​នគរបាល ប្រជាពលរដ្ឋ​ជាច្រើន​គ្រួសារ​នៅក្នុង​តំបន់​ទំនាប​ជាប់មាត់​អូរ ត្រូវ​បាន​ជួយ​អន្តរាគមន៍ ជម្លៀស​មកកាន់​ទីទួល​សុវត្ថិភាព ហើយ​ត្រូវបាន​ផ្ដល់ជំនួយ​សង្គ្រោះ​បឋម​ពី​អាជ្ញាធរ​មាន​អង្ករ មី ទឹកត្រី ទឹកស៊ីអ៊ីវ កៅស៊ូ​តង់ កន្ទេល​ភួយ​មុង ផងដែរ​។

លោក ប៊ុ ឈីន ពលរដ្ឋ​នៅ​ភូមិ​ព្រៃគុប សង្កាត់​ផ្សារកណ្ដាល ក្រុង​ប៉ោយប៉ែត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទឹកបាន​ជន់លិច​ភូមិ​របស់លោក​ក្នុង​ជម្រៅ​ត្រឹម​ចង្កេះ​កាលពី​ព្រឹក​ថ្ងៃ​ចន្ទ ប៉ុន្តែ​គ្រួសារ​របស់​លោក​នៅ​មិនទាន់​សម្រេចចិត្ត​ចាកចេញ​ពី​ផ្ទះ​ទៅកាន់​ទីទួល​សុវត្ថិភាព​នៅឡើយ​ទេ​។

លោក​ថ្លែងថា​៖ «​ជំនន់​នេះ​គឺ​បង្ក​មកពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា​ជាច្រើន​ថ្ងៃ និង​មកពី​ខាង​ភាគី​ថៃ​គេ​បាន​បើកទ្វារ​ទឹក​ទម្លាក់​ពី​ផ្នែក​ខាងលើ​មក​។ យ៉ាងណាក្តី​ជំនន់​នេះ​អាច​នឹង​ស្រក​ទៅវិញ​ក្នុង​រយៈពេល​ ៤-៥ ​ថ្ងៃ​ទៀត​យ៉ាងយូរ ប្រសិន​បើ​គ្មាន​ភ្លៀង ហើយ​ថៃ​បាន​បិទទ្វារ​ទឹក​របស់​ពួកគេ​វិញ​»​។

អាជ្ញាធរ​ថៃ​នៅ​ខេត្ត​ស្រះកែវ​កាលពី​ថ្ងៃទី​ ១៥ ខែ​តុលា បាន​ជូនដំណឹង​ដល់​ភាគី​កម្ពុជា​អំពី​ការបើក​ទ្វារ​ទឹក​នៅ​ភាគ​ខាងលើ​នៃ​ស្រុក​អារញ្ញ និង​បាន​អំពាវនាវ​ដល់​ពលរដ្ឋ​កម្ពុជា ដែល​រស់នៅ​ក្នុង​តំបន់​ទី​ទំនាប​​តាម​ដងអូរ​ព្រំដែន​ (​កម្ពុជា-ថៃ​) បង្កើន​ការប្រុងប្រយ័ត្ន ចំពោះ​បញ្ហា​គ្រោះ​ទឹកជំនន់​។ នេះ​បើតាម​លោក ឃុន សុខា អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​។

លោក​ថ្លែងថា គិត​ត្រឹម​ថ្ងៃទី​ ១៩ ខែ តុលា ឆ្នាំ​ ២០២០ គ្រោះ​ជំនន់​ទឹកភ្លៀង បាន​សម្លាប់​មនុស្ស​ ២៥ ​នាក់ និង​ប៉ះពាល់​ទីជម្រក​របស់​ប្រជាពលរដ្ឋ​ជាង​ ៨ ​ម៉ឺន​គ្រួសារ ស្មើនឹង ​៣៤ ​ម៉ឺន​នាក់​ក្នុង​នោះ​ ៣៧ ៣៩៦ ​នាក់​ត្រូវ​បាន​ជម្លៀស​ទៅកាន់​ទីទួល​សុវត្ថិភាព​។ ជាមួយ​គ្នា​នេះ​ទឹកជំនន់​បាន​ជន់លិច និង​ធ្វើឱ្យប៉ះពាល់​ដំណាំ​ស្រូវ និង​ដំណាំ​រួមផ្សំ​សរុប​ជាង​ ៣០ ​ម៉ឺន​ហិកតា ប៉ះពាល់​ផ្លូវជាតិ ផ្លូវ​ខេត្ត និង​ផ្លូវលំ​សរុប​ប្រវែង​ជាង​ ១ ៨០០ ​គ.ម​៕

វីដេអូ៖