ព្រះសីហនុៈ ជំនន់​ទឹក​ភ្លៀង ​ដែលបង្កឡើង​ដោយ​ឥទ្ធិពល​ព្យុះមង្ឃុត​ និង ​ព្យុះ​បារីចាត​ ក្នុង​រយៈពេល​ប៉ុន្មានថ្ងៃ​កន្លង​មក​នេះ បាន​បង្ក​ឲ្យមាន​ការជន់លិច​ជាថ្មី​នៅក្នុង​ប្រទេសកម្ពុជា​ ខណៈ​ផ្លូវជាច្រើន​កំពុងរង​ការខូចខាត​យ៉ាង​ដំណំ និង​នៅ​មិន​ទាន់​ត្រូវ​បាន​ជួសជុល​កែលម្អ​នៅឡើយ។

កាលពី​រសៀល​​​នេះ ​ជំនន់​ទឹក​ភ្លៀងបាន​កាត់​ផ្ដាច់​ការធ្វើ​ចរាចរ​ជាបណ្ដោះ​អាសន្ន​នៅ​លើកំណាត់​ផ្លូវ​ជាតិ​លេខ៤​ ត្រង់​ចំណុចស្ពាន​សំរោង ​ ស្ថិតក្នុង​ឃុំ​អូរបាក់រទេះ​ ស្រុកកំពង់​សីលា ​ខេត្ត​ព្រះសីហនុ​។ នេះបើ​តាមការអះអាង​របស់ ​លោក ជួន ​ណារិន្ទ ​ស្នង​ការនគរបាល​ខេត្ត​ព្រះ​សីហនុ។

លោកស្នងការ​​បញ្ជាក់​ថា៖«ជំនន់​ទឹកភ្លៀង ​បាន​ជន់​លិច​ពី​លើ​ទ្រូងផ្លូវ នៅចំណុចស្ពាន​ស្ទឹង​សំរោង រហូត​ដល់ ​០,​៦ ម៉ែត្រ គិត​ត្រឹម​ម៉ោង ​៤:៣ ០នាទី​រសៀលថ្ងៃចន្ទនេះ ដែលការលិច​នោះមានប្រវែង​ប្រមាណចន្លោះពី ៦០០ ម៉ែត្រ ទៅ ៧០០ ម៉ែត្រហេតុ​ដូច្នេះហើយ​ទើបសមត្ថកិច្ច​យើង​សម្រេចចិត្ត​ផ្អាក​ជាបណ្ដោះ​អាសន្ន​នូវ​ការធ្វើ​ចរាចររថយន្ត​​តូចធំ​ឆ្លង​កាត់​​តំបន់​ខាងលើ​នេះ»។ ​

ដោយ​ឡែក​លោក សាន​ ស៊ាន​ហូ​ អភិ​បាល​ក្រុង​ប៉ោយ​ប៉ែត ​ ខេត្ត​បន្ទាយ​មាន​ជ័យ​ បានថ្លែង​ថា ជំនន់​ទឹក​ភ្លៀង​នាប៉ុន្មានថ្ងៃ​កន្លង​មក​នេះ​ បានបង្ក​ការជន់លិច​ទី​ប្រជុំជន​មួយចំនួន ​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ហើយ​ផ្លូវ​ជាច្រើន​នៅក្នុង​ក្រុង​នេះ បាន​ជនលិច​នឹង​រង​ការខូចខាត​យ៉ាង​ធ្ងន់​ធ្ងរ​ផង​ដែរ ​ដែលធ្វើ​ឲ្យ​អាជ្ញាធរ សម្រេច​ធ្វើ​ការ​ហាម​ឃាត់​រថយន្ត​ដឹក​ទំនិញ​ធន់​ធ្ងន់​ធ្វើ​ចរាចរ​កាត់​តាម​ដង​ផ្លូវ​សំខាន់​ៗ​នៅ​ក្នុង​ទី​ក្រុង ​ពិសេស​ផ្លូវ​ជាតិ​លេខ៥៨ ​ដែលទើប​សង់​ថ្មី​ ជាបណ្ដោះ​អាសន្នសិន ​ដើម្បី​កាត់​បន្ថយ​ការ​ខូចខាត​ផ្លូវ​កាន់​តែធ្ងន់​ធ្ងរ​ថែម​ទៀត​។

រីឯ​ប្រជាពលរដ្ឋ​និងអ្នក​ធ្វើដំណើរ​ទៅខេត្ត​កោះកុង ​បាននិយាយ​ថា​ កំណាត់​ផ្លូវជាតិ​លេខ៤៨ ​ចេញពី​ផ្លូវបំបែក​ស្រុក​ស្រែ​អំបិល​​ឆ្ពោះទៅ​ទីប្រជុំ​ជន​ខេត្ត​កោះកុង​ ក៏មាន​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ​ផង​ដែរ​ បន្ទាប់​ពី​មានភ្លៀង​ធ្លាក់​ខ្លាំង​ជាបន្តបន្ទាប់​នា​ប៉ុន្មាន​ថ្ងៃ​កន្លងមក​នេះ។

លោកឆាំ សាខន​ អ្នក​រត់​តាក់​ស៊ី​ពី​ស្រុកស្រែ​អំបិល​ ទៅ​ក្រុង​ខេមរភូមិន្ទ​ខេត្ត​កោះកុង ​បាន​ថ្លែងថា ​ស្ថានភាព​ផ្លូវ​មានការ​លំបាក​ខ្លាំង ​ដោយសារតែ​ផ្លូវ​បែកភក់​ រអិល​ ដែល​បណ្តាល​អោយ​មាន​រថយន្ត​ជាប់​ផុង ​និងបើក​ក្រឡាប់​លើ​ផ្លូវ​ជាដើម​។

លោក បាន​បន្តថា​៖«​ការខូចខាត​ផ្លូវ​ជាតិ​៤៨នេះ​គឺ​បណ្ដាល​មក​ពី ​គ្មានការ​ហាមឃាត់ ​ឬ ​ត្រួតពិនិត្យ​រថយន្ត​ដឹកទំនិញ​ធំៗ​បើ​ក​បរ ​ដោយ​មាន​ការផ្ទុក​លើស​ទម្ងន់»។​

ទោះជា​បែបណាក្ដី​ លោក ចាន់​ យុត្ថា​ អ្នក​នាំពាក្យ​ក្រ​សួង​ធន​ធាន​ទឹក ​និង ​ឧតុនិយម​ កាលពី​ម្សិលមិញ ​អះអាងថា ​ឥទ្ធិពល​ព្យុះ​មង្ឃុត នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាបន្តទៀត​នៅ​ក្នុង​តំបន់​ជួរភ្នំនឹង​ខ្ពង់​រាប ​និង តំបន់​ទំនាប​កណ្ដាល​ភាគ​ខាង​កើត​នៃ​ប្រទេស​កម្ពុជា។

លោក​បញ្ជាក់​ថា​៖«​នៅពេលនេះ ​កម្ពុជា​កំពុង​ទទួល​រង​នូវ​ឥទ្ធិពល​ខ្យល់​មូសុង​និរតី ​ប្រព័ន្ធ​សម្ពាធ​ទាប ​និង​ ឥទ្ធិពល​ព្យុះ​មង្ឃុត ​ឥទ្ធិពល​ទាំង​បីនេះ ​នឹង​ បង្កឲ្យ​មានភ្លៀង​ធ្លាក់​ខ្លាំង​រហូតដល់​ចុង​ខែកញ្ញានេះ ​ពិសេស​នៅក្នុង​តំបន់​ជួរភ្នំ​និង​ខ្ពង់​រាប និង តំបន់​ទំនាប​កណ្ដាល​ភាគ​ខាង​កើត​ ជាប់​ព្រំប្រទល់​ប្រទេស​វៀត​ណាម»៕