
គ្រឿងចក្រកំពុងដឹកវ៉ាក់សាំងស៊ីណូវ៉ាក់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញពីថ្ងៃទី ២៦ មីនា។ ហេង ជីវ័ន
ភ្នំពេញៈ ជំនួយជាវ៉ាក់សាំង ស៊ីណូហ្វាម (Sinopharm) ក្នុងជំហានទី២ ពីសាធារណរដ្ឋប្រជាមានិតចិនចំនួន ៧០ ម៉ឺនដូសបន្ថែមទៀតនឹង ដឹកមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ នេះដែលចំនួននេះនឹងត្រូវបែងចែកជា ២ គឺ ៤០ ម៉ឺនដូសដល់ក្រសួងសុខាភិបាល និង ៣០ ម៉ឺនដូសដល់ក្រសួងការពារជាតិ។
លោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិបានឱ្យដឹងថា ក្រសួងការពារជាតិនឹងទទួលបានវ៉ាក់សាំងស៊ីណូហ្វាមនេះចំនួន ៣០ ម៉ឺនដូស សម្រាប់ចាក់ជូនដល់កងកម្លាំង និងក្រុមគ្រួសារកងទ័ព ដែលមិនទាន់បានចាក់។
លោកលើកឡើងថា៖ «នៅថ្ងៃទី ៣១ ខែ មីនា ឆ្នាំ ២០២១ ខាងមុខនេះ រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិនតាមរយៈក្រសួងការពារប្រទេសនឹងផ្តល់ជូនវ៉ាក់សាំងស៊ីណូហ្វាមបង្ការជំងឺកូវីដ ១៩ ដែលជាជំនួយឧបត្ថម្ភលើកទី២ ចំនួន ៧០ ម៉ឺនដូសជូនក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជំនួយឧបត្ថម្ភនេះនឹងដឹកតាមយន្តហោះរបស់កងទ័ពជើងអាកាសសាធារណរដ្ឋប្រជាមានិតចិន»។
ការបញ្ជាក់របស់លោក ទៀ បាញ់ នេះ ដូចគ្នានឹងលោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាកាលពីថ្ងៃទី ២៦ ខែមីនា ក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ១,៥ លានដូស ដែលកម្ពុជាទិញពីប្រទេសចិន ថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួន ៧០ ម៉ឺនដូសជាជំហានទី ២ នឹងមកដល់រាជធានីភ្នំពេញនៅថ្ងៃទី ៣១ ខែមីនា។
លោក វ៉ាង វិនធាន ថ្លែងថា៖ «ទាំងនេះបានបង្ហាញឱ្យឃើញយ៉ាងច្បាស់លាស់ពីចំណងមិត្តភាពយ៉ាងវិសេសវិសាលរវាងប្រទេសចិន និងកម្ពុជា ហើយខ្ញុំសង្ឃឹមដោយស្មោះថា វ៉ាក់សាំងចិននឹងអាចបង្កើតជាជញ្ជាំងការពារសុខភាពដ៏រឹងមាំមួយ សម្រាប់ប្រជាជនកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ ១៩»។
លោក វ៉ាង វិនធាន បន្តថា រហូតមកដល់បច្ចុប្បន្ននេះនៅទូទាំងពិភពលោក មានជាង ៦០ ប្រទេសបានអនុញ្ញាតឱ្យវ៉ាក់សាំងចិនចុះឈ្មោះលើទីផ្សារ ឬដាក់ឱ្យប្រើប្រាស់ជាបន្ទាន់ ហើយភាគីចិនកំពុងផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសចំនួន ៨០ និងអង្គការអន្តរជាតិចំនួន ៣ ផងដែរ។
លោក ទៀ បាញ់ បានបញ្ជាក់ថា បើទោះជាកម្ពុជាបានទទួលវ៉ាក់សាំងការពារជំងឺកូវីដ ១៩ ជាបន្តបន្ទាប់ ហើយបាននិងកំពុងចាក់ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋជារៀងរាល់ថ្ងៃក៏ការគំរាមកំហែងនៃជំងឺកូវីដនៅតែមានកម្រិតខ្ពស់ ដោយហេតុថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ មិនទាន់បានបិទបញ្ចប់នៅឡើយ។
គួរបញ្ជាក់ផងដែរថា ជំនួយវ៉ាក់សាំងពីភាគីចិនក្នុងជំហានទី ១ ចំនួន ៦០ ម៉ឺនដូសបានមកដល់កម្ពុជាកាលពីថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២១។ សរុបមកទល់ពេលនេះ វ៉ាក់សាំងដែលជាជំនួយរបស់ចិនផ្ដល់ជូនកម្ពុជាមានចំនួន ១ លាន ៣ សែនដូស ខណៈដែលរដ្ឋាភិបាលកម្ពុជាបានទិញវ៉ាក់សាំងស៊ីណូវ៉ាក់ពីប្រទេសចិន ចំនួន ១,៥ លានដូស និងបានដឹកមកដល់រួចរាល់ហើយផងដែរ។
លោក ហេង សំរិន ប្រធានរដ្ឋសភាក៏បានអំពាវនាវទៅដល់ជនរួមជាតិទាំងអស់ឱ្យចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ដោយការទទួលខុសត្រូវខ្ពស់បំផុត។
លោកសរសេលើហ្វេសប៊ុករបស់លោកពីថ្ងៃម្សិលមិញថា៖ «នៅក្នុងការទប់ស្កាត់កុំឱ្យជំងឺកូវីដ ១៩ បន្តរាតត្បាតសុខុមាលភាពសង្គមជាតិ ទៅមុខទៀត រាជរដ្ឋាភិបាលបានកំពុងកៀរគរគ្រប់មធ្យោបាយដើម្បីទទួលបានវ៉ាក់សាំងមកចាក់ជូនបងប្អូនប្រជាពលរដ្ឋទាំងការទទួលជំនួយពីប្រទេសជាមិត្ត ស្ថាប័ន ដៃគូអន្តរជាតិ និងការបញ្ជាទិញជាដើម»។
លោក ហេង សំរិន បានវាយតម្លៃខ្ពស់ចំពោះឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលនៅក្នុងគម្រោងការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានរហូតដល់ជាង ១០ លាននាក់ ក្នុងចំណោមប្រជាពលរដ្ឋទូទាំងប្រទេស។ ចាប់ពីពេលនេះទៅរដ្ឋាភិបាលបើកយុទ្ធនាការចាក់វ៉ាក់សាំងជូនពលរដ្ឋឱ្យបានយ៉ាងតិច ១ លានដូស នៅក្នុង ១ ខែ ដែលពិតជាមានសារៈសំខាន់ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩។
ជាមួយគ្នានេះដែរ លោកស្រី Pauline Tamesis ប្រធានអង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជាបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលបានបញ្ចូលបុគ្គលិករបស់អង្គការសហប្រជាជាតិនៅក្នុងផែនការចាក់វ៉ាក់សាំងកូវីដ ១៩ នេះ តាមការស្នើសុំរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ។
លោកស្រីលើកឡើងថា៖ «បុគ្គលិករបស់អង្គការសហប្រជាជាតិនៅប្រទេសកម្ពុជាត្រូវធ្វើតាមតួនាទីរបស់ខ្លួន ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ ១៩ ហើយនេះរាប់បញ្ចូលទាំងការចាក់វ៉ាក់សាំង ដើម្បីការពារខ្លួនរបស់យើង ក្រុមគ្រួសាររបស់យើង សហគមន៍របស់យើង និងសហគមន៍ដែលយើងធ្វើការជាមួយ»។
លោកស្រី Pauline Tamesis បានបន្តថា [យើង] អាចចាប់ផ្តើមកសាងឡើងវិញឱ្យកាន់តែប្រសើរ លុះត្រាតែអាចគ្រប់គ្រងជំងឺរាតត្បាតជាសកលនេះបាន។ «យើងចូលរួមចាក់វ៉ាក់សាំងការពារដើម្បីឱ្យយើងអាចបន្តកិច្ចការងាររបស់យើងបាន»។
បើតាមរបាយការណ៍របស់ក្រសួងសុខាភិបាលគិតចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ មកដល់ថ្ងៃទី ២៩ ខែ មីនា ឆ្នាំ ២០២១ មានអ្នកទទួលបានការចាក់វ៉ាក់សាំងសរុបចំនួន ៣៩១ ៤៥៦ នាក់ ដែលក្នុងនោះមាននៅក្រសួងការពារជាតិចំនួន ១៣៣ ៨៣១ នាក់ និងក្រសួងសុខាភិបាលចំនួន ២៥៧ ៦២៥ នាក់៕