រាជធានី​ភ្នំពេញ​ដែលជា​ទីក្រុង​ពោរពេញ​ដោយ​ភាពអ៊ូអរ តែងតែ​ប្រឈម​បញ្ហា​ទឹក​លិច​ធ្ងន់ធ្ងរ ដោយសារ​ប្រព័ន្ធ​បង្ហូរទឹក​ចាស់​ទ្រុឌទ្រោម តូច​ពេក និង​ស្ទះ ក្នុង​រដូវភ្លៀង ប៉ុន្តែ​បញ្ហា​ទាំងនេះ​កំពុង​ត្រូវបាន​ដោះស្រាយ​ជា​បណ្តើរៗ​។ ទីក្រុង​ភ្នំពេញ​មាន​ទីតាំង​ស្ថិតនៅ​ចំណុចប្រសព្វ​នៃ​ទន្លេមេគង្គ និង​ទន្លេសាប មាន​សណ្ឋាន​ដី​រាបស្មើ​ធ្វើឱ្យ​រាជធានី​ភ្នំពេញ​ងាយ​ទទួល​រង​ការជន់លិច​។

ការកសាង​ប្រព័ន្ធ​ការពារ​ទឹកជំនន់​ និង​បង្ហូរទឹក​នៅ​ភ្នំពេញ​បានចាប់ផ្តើម​នៅ​សម័យ​អាណានិគម​បារាំង​ ប៉ុន្តែ​មុខងារ​របស់​វា​បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត ដោយសារ​តែ​កង្វះ​ការថែទាំ​ និង​ភាពទ្រុឌទ្រោម​ក្នុងអំឡុង​សង្គ្រាម​ស៊ីវិល​ដែល​បង្កឱ្យមាន​ទឹកជំនន់​ក្នុង​ទីក្រុង​។ ដោយហេតុ​ផល​នេះ រដ្ឋាភិបាល​កម្ពុជា​បានស្នើ​សុំ​ជំនួយ​ពី​រដ្ឋាភិបាល​ជប៉ុន​តាមរយៈ​អង្គការ JICA ដើម្បី​បង្កើត​ «​ផែនការមេ​ស្តីពី​ការការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​លូ​ក្នុង​រាជធានី​ភ្នំពេញ និង​នៅ​ជាយក្រុង​» ​ចាប់ពី​ឆ្នាំ​ ១៩៩៨ ដល់​ឆ្នាំ​ ១៩៩៩​។

បន្ទាប់ពី​ធ្វើការ​សិក្សា និង​រៀបចំ​រចនា​ជាថ្មី​នោះ​ «​គម្រោង​ការពារ​ទឹកជំនន់ និង​កែលម្អ​ប្រព័ន្ធ​ប្រឡាយ​បង្ហូរទឹក​ក្នុង​រាជធានី​ភ្នំពេញ​» ត្រូវបាន​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០០២ ដែលជា​គម្រោង ODA សម្រាប់​ជំនួយឥតសំណង​។ គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​កាត់បន្ថយ​ការជន់លិច និង​ការខូចខាត​ដោយ​ជំនន់​ទឹកភ្លៀង​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ប្រព័ន្ធ​លូបង្ហូរទឹក​។

គម្រោង ODA នេះ​គ្របដណ្តប់​នៅ​ទូទាំង​រាជធានី​ភ្នំពេញ មាន​ ៤ ​ដំណាក់កាល​។ ដំណាក់កាល​ទី​ ១ នៅ​តំបន់​ភាគនិរតី ដំណាក់កាល​ទី​ ២ នៅ​តំបន់​ភាគ​ខាងជើង ដំណាក់កាល​ទី​៣ នៅ​តំបន់​ភាគ​អាគ្នេយ៍ និង​ដំណាក់កាលទី៤ នៅ​ភាគ​ខាងជើង និង​ពាយព្យ​។

ដំណាក់កាល​ទី​១ ត្រូវបាន​អនុវត្ត​ពី​ឆ្នាំ​ ២០០២ ដល់ ២០០៤ គ្របដណ្តប់​លើ​តំបន់​ភាគនិរតី​នៃ​រាជធានី​ភ្នំពេញ​លើ​គោលដៅ​ ៨ ​កន្លែង ហើយ​គេ​បាន​ធ្វើការ​ជួសជុល​បំពង់​ទឹក និង​ប្រឡាយ​សម្រាប់​ការពារ​ទឹកជំនន់ ជួសជុល​បណ្តាញ​លូ និង​សាងសង់​សំណង់​ថ្មី​សម្រាប់​កែលម្អ​ប្រព័ន្ធ​បង្ហូរទឹក ហើយ​ស្ថានីយ​បូមទឹក​ដែលមាន​ម៉ាស៊ីន​បូមទឹក​ចំនួន​ ៥ ក៏ត្រូវ​បាន​សាងសង់​ផងដែរ​។ ឆ្លងកាត់​ដំណាក់កាល​នេះ បណ្តាញ​លូ​ប្រមាណ ៤ ៥០០ ​ម៉ែត្រ​ ត្រូវបាន​សាងសង់​ពី​តំបន់​ជុំវិញ​ស្ពាន​បឹងសាឡាង រហូត​ដល់​ស្ថានីយ​បូមទឹក​បឹងទំពុន​ថ្មី ហើយ​មុខងារ​បង្ហូរទឹក​នៅ​តំបន់​ជុំវិញ​ត្រូវបាន​កែលម្អ​គួរ​ឱ្យ​កត់សម្គាល់ បើ​ធៀប​មុនពេល​អនុវត្ត​គម្រោង​។

ផែនទី​បង្ហាញ​ទីតាំង​នៃ​គម្រោង ODA ទាំង​ ៤ ​ដំណាក់កាល​។

ដំណាក់កាល​ទី​២ ធ្វើឡើង​ចាប់ពី​ឆ្នាំ ២០០៧ ដល់​ឆ្នាំ​ ២០១០ ផ្តោតលើ​តំបន់​ភាគ​ខាងជើង​នៃ​ទីក្រុង​។ នៅតាម​បណ្តោយ​ច្រាំង​ខាងលិច​នៃ​ទន្លេសាប ស្ថានីយ​បូម​លូ​ចំនួន​ ៤ ត្រូវបាន​បង្កើតឡើង (​ដើម្បី​បង្ហូរ​ទឹកភ្លៀង និង​លូ​ដែល​ហូរ​ចេញពី​បំពង់​បង្ហូរទឹក​ក្នុង​ទីក្រុង​ទៅ​ទន្លេសាប​) ហើយ​ក៏​មាន​អាង​ស្តុក​ទឹក​ក្រោម​ដី​ចំនួន​ ៤ ដែល​អាច​រក្សាទុក​ជា​បណ្តោះអាសន្ន​ត្រូវ​បាន​សាងសង់ឡើង​។

លើសពីនេះ​ទៀត បំពង់​បង្ហូរទឹក​សរុប​ប្រមាណ​ចំនួន ៤ ៤០០ ​ម៉ែត្រ​ត្រូវ​បានដាក់​នៅក្រោម​ដី​នៅ​តំបន់​ជុំវិញ​វត្តភ្នំ ផ្សារ​ធំថ្មី និង​ព្រះបរមរាជវាំង​ដែល​ធ្លាប់មាន​ទឹកជំនន់​ធ្ងន់ធ្ងរ​។ ទទឹង​នៃ​បំពង់​ថ្មី​នោះ ធំ​ជាង​បំពង់​បង្ហូរទឹក​ដែលមាន​ស្រាប់ និង​សមត្ថភាព​បង្ហូរទឹក​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ឡើង​គួរឱ្យ​កត់សម្គាល់ ហើយ​ពេលវេលា​ទឹកជំនន់​ត្រូវ​បាន​កាត់បន្ថយ​យ៉ាងខ្លាំង​។

ដំណាក់កាល​ទី​៣ គ្របដណ្តប់​លើ​ផ្ទៃដី​ធំ​ទូលាយ​នៅ​ភាគ​អាគ្នេយ៍​ត្រូវ​បាន​អនុវត្ត​ពី​ឆ្នាំ​ ២០១២ ដល់​ឆ្នាំ ២០១៥​។ បំពង់​បង្ហូរទឹក​សរុប​ប្រវែង ២០,១ គីឡូម៉ែត្រ​ត្រូវ​បាន​ដំឡើង​ថ្មី​នៅ ក្នុង​ខណ្ឌ​ចំនួន​ ៨ ដូចជា​ខណ្ឌ​អូរឫស្សី បឹងកេងកង និង​ទួលទំពូង ជាដើម​។

លើសពីនេះ ការជួសជុល​អាង​ស្តុក​ទឹក បង្ហូរទឹក នៅ​ប៉ែក​ខាងត្បូង​នៃ​ព្រះបរមរាជវាំង ការទិញ​យានយន្ត​លាង​សម្អាត​សម្រាប់​សម្អាត​បណ្តាញ​លូបង្ហូរទឹក​ឱ្យបាន​ទៀងទាត់ និង​ការណែនាំ​បច្ចេកទេស​ក្នុង​ការកែលម្អ​មុខងារ ថែទាំ និង​គ្រប់គ្រង​នៅ​ទីតាំង​នីមួយៗ​ក៏​ត្រូវបាន​អនុវត្ត​ដែរ​។

លោក ចាន់ ពិសិដ្ឋ ចៅសង្កាត់​អូរឫស្សី​ទី​ ២ បាន​មានប្រសាសន៍​ថា​៖ «​កាលពីមុន​គម្រោង​នេះ​កើតឡើង យើង​ឃើញថា នៅក្នុង​សង្កាត់​យើងខ្ញុំ​ជួបនឹង​ការលំបាក​ច្រើន ចំពោះ​ការលិច​ទឹក​។ ជាពិសេស​នៅលើ​ផ្លូវ​លេខ​ ១៦៦ ព្រោះ​ពេល​មាន​ភ្លៀង​ធ្លាក់​ម្តងៗ តែងតែ​មាន​ទឹក​លិច​ផ្លូវ និង​តំបន់​នៅ​ម្តុំ​ជុំវិញ​នោះ​»​។

«​ក្រោយ​មាន​គម្រោង​របស់ JICA ជប៉ុន​រួចមក​ឃើញ​ថា ស្ថានភាព​ប្រសើរ​ជាង​មុន​ច្រើន​។ ក្រោយពេល​ភ្លៀង ហើយ​ម្តងៗ​គឺ​ទឹក​ហូរ​ទៅ​ចូល​លូ​វិញ​អស់​។ ពេលខ្លះ​ទឹក​ដក់​យ៉ាងយូរ​ ១ ​ម៉ោង ឬ​ ៣០ ​នាទី គឺ​ស្រក​ទៅវិញ​អស់​»​។

ចំពោះ​ដំណាក់កាល​ទី៤ គឺ​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០១៩ ហើយ​បច្ចុប្បន្នកំពុង ដំណើរការ​ដោយ​ផ្តោតលើ​តំបន់​ភាគ​ខាងជើង​ ២ ​នៃ​ទីក្រុង ដែល​មិនទាន់​មាន​ការអភិវឌ្ឍ​នៅឡើយ ហើយ​ការខូចខាត​ត្រូវបាន​កើនឡើង​ក្នុង​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ​។ ទី​១ នៅ​តំបន់​ភាគ​ខាងជើង​នៃ​តំបន់​វត្តភ្នំ បំពង់​បង្ហូរទឹក​ប្រហែល ២ ៧០០ ​ម៉ែត្រ អាង​ស្តុក​ក្រោម​ដី និង​ស្ថានីយ​បូមទឹក​បង្ហូរទឹក​ត្រូវបាន​សាងសង់​ថ្មី ហើយ​នៅ​តំបន់ ទួលគោក​វិញ បំពង់​បង្ហូរទឹក​ប្រហែល ៧ ០០០ ​ម៉ែត្រ​ត្រូវបាន​ដំឡើង​។

លើសពីនេះ​ទៀត ដើម្បី​កែលម្អ​ប្រព័ន្ធ​បង្ហូរទឹក​បន្ថែមទៀត ម៉ាស៊ីន​សម្អាត​ធូលី​ដោយ​ស្វ័យប្រវត្តិ​ត្រូវបាន​ដំឡើង​បន្ថែមទៀត​នៅ​ស្ថានីយ​បូមទឹក​បង្ហូរទឹក​ចំនួន ៤ ​កន្លែង តាម​បណ្តោយ​ដង​ទន្លេសាប ដែល​ត្រូវបាន​សាងសង់​ក្នុងដំណាក់កាល​ទី​ ២ ហើយ​រថយន្ត​បូមទឹក​ចល័ត​ចំនួន ២ ​គ្រឿង​នឹងត្រូវ​បាន​ប្រគល់​ជូន​។

លោក ឆាយ ធីរិទ្ធ ចៅសង្កាត់​ស្រះចក​បាន​ថ្លែងថា​៖ «​កាលពីមុន​មាន​គម្រោង មាន​ភ្លៀង​ធ្លាក់​លិច​ផ្លូវ ត្រឹមៗ​ពាក់កណ្តាល​ទ្វារ​ឡាន​ឯណោះ ព្រោះ​យើង​បាន​ប្រើប្រាស់​ប្រព័ន្ធ​លូ​ចាស់ ហើយ​តូច សេសសល់​ពី​សម័យ​បារាំង ប៉ុន្តែ​គម្រោង​ជប៉ុន​នេះ​ប្រើ​លូ​មាន​ទំហំ​ធំ​លើស​មុន​ច្រើន ហើយ​ដល់​ពេល​គម្រោង​ដាក់លូ​ជប៉ុន​ធ្វើ​នេះហើយ ទឹក​លិច​ផ្លូវ​មិនយូរ​ទេ យ៉ាងយូរ​គឺ​កន្លះ​ម៉ោង ស្រក​ទៅវិញ​បាត់អស់​ហើយ ហើយ​ចរាចរណ៍​កកស្ទះ​ដោយ​ទឹក​លិច​ផ្លូវ ក៏​លែង​សូវ​មាន​ដែរ​»​។

ហេដ្ឋារចនាសម្ព័ន្ធ​ការពារ​ទឹកជំនន់​ និង​ការកែលម្អ​ប្រព័ន្ធ​បង្ហូរទឹក​រឹងមាំ​នៅក្នុង​ទីក្រុង​ក្រោម​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ ODA របស​ជប៉ុន ពិតជា​បាន​ជួយ​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​នៃ​ទឹកជំនន់ នៅក្នុង​រាជធានី​ភ្នំពេញ​បាន​យ៉ាងច្រើន​។

ដើម្បី​ធានាបាន​នូវ​ការប្រើប្រាស់​ប្រព័ន្ធ​បង្ហូរទឹក និង​បរិក្ខារ​នានា​ប្រកប​ដោយ​ប្រសិទ្ធភាព ហើយ​វា​មិនមែន​ជា​បន្ទុក​របស់​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​តែម្នាក់ឯង​នោះទេ ប៉ុន្តែ​វា​គឺជា​ការទទួល​ខុសត្រូវ​របស់​ប្រជាពលរដ្ឋ​គ្រប់រូប​៕