កំពង់ស្ពឺៈ មន្ត្រីអង្គការសង្គមស៊ីវិលបានប្រទះឃើញឈើចំនួន ៥៩ ដុំ នៅក្បែរដីចម្ការរបស់មន្ត្រីមួយចំនួនក្នុងភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់កាលពីព្រឹកថ្ងៃទី ១៣ ខែតុលា។
លោក ជា ហ៊ាន ប្រធានអង្គការប្រឆាំងអំពើពុករលួយទប់ស្កាត់ការបំផ្លាញធនធានធម្មជាតិ និងការពារសិទ្ធិពលរដ្ឋ (ACNCIPO) បានប្រាប់ភ្នំពេញប៉ុស្ដិ៍កាលពីម្សិលមិញថា ឈើទាំង ៥៩ ដុំនេះ ត្រូវបានគេកាប់ពីតំបន់អភិរក្សជួរភ្នំក្រវាញកណ្ដាលនៃស្រុកឱរ៉ាល់ហើយត្រូវបានគេដឹកយកមកលាក់ទុកនៅលើដីឯកជនមួយដែលមានម្ចាស់ឈ្មោះ ឡេង ហេង ស្ថិតនៅចម្ងាយប្រមាណ ១០០ ម៉ែត្រ ពីដីចម្ការរបស់លោក ឈុន ឈៀហេង អតីតនាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ និងដីចម្ការរបស់លោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់បច្ចុប្បន្នរួមទាំងក្បែរដីចម្ការរបស់មន្ត្រីឧទ្យានុរក្សចំនួន ២ នាក់ទៀត។
លោកបានបន្តថា ក្រោយពីបានប្រទះឃើញឈើទាំង ៥៩ ដើម លោកបានរាយការណ៍ទៅកាន់មន្ត្រីកងរាជអាវុធហត្ថស្រុកឱរ៉ាល់ចុះមកបង្ក្រាប ហើយមកដល់ថ្ងៃទី ១៤ ខែ តុលា មន្ត្រីខាងរដ្ឋបាលព្រៃឈើបានចុះទៅប្រមូលឈើទាំងនោះមករក្សាទុក។
លោកថា៖ «ខ្ញុំយល់ឃើញថាទាល់តែមានការសមគំនិតគ្នាជាមួយមន្ត្រីឧទ្យានុរក្ស ទើបអាចយកឈើបទល្មើសមកស្ដុកទុកនៅទីតាំងរបស់ខ្លួន»។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានជំរុញឲ្យភ្នំពេញប៉ុស្តិ៍ទៅសួរខាងរដ្ឋបាលព្រៃឈើវិញ។
លោក តាំង ចាន់សែម៉ា នាយកផ្នែករដ្ឋបាលព្រៃឈើស្រុកឱរ៉ាល់បានបញ្ជាក់ថា ឈើទាំងនេះត្រូវបានដឹកយកទៅទុកនៅសង្កាត់រដ្ឋបាលព្រៃឈើសង្កែសាទប និងមិនទាន់មានការវាស់វែងជាម៉ែត្រនៅឡើយទេ។ ប៉ុន្តែលោកថា ក្នុងករណីនេះពុំមានជនល្មើសណាម្នាក់ត្រូវបានឃាត់ខ្លួនឡើយ ដោយសារទីតាំងស្ដុកឈើនោះគឺស្ថិតនៅក្នុងដីព្រៃ។ លោកបានបន្តថា៖ «អាហ្នឹង (ឈើ) គេទុកលាក់ចោលនៅក្នុងដីព្រៃតើ»។
លោក ខន សុខុន នាយកដែនជម្រកសត្វព្រៃឱរ៉ាល់បដិសេធធ្វើអធិប្បាយដោយថ្លែងថា លោកកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យនៅរាជធានីភ្នំពេញ។ ចំណែកលោក ឈុន ឈៀហេង អតីតនាយកដែនជម្រកសត្វព្រៃឱរ៉ាល់ និងមន្ត្រីឧទ្យានុរក្សពីរនាក់ទៀតមិនអាចរកប្រភពទាក់ទងដើម្បីសុំអធិប្បាយលើបញ្ហានេះបានទេ។
ចំណែកលោក ឯម សុគុណ ប្រធានមន្ទីរបរិស្ថាន និងលោក នៅ ណាក់ អនុប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺមិនអាចទាក់ទងសុំអធិប្បាយបានទេ ដោយសារតែទូរស័ព្ទរបស់ពួកលោកពុំមានអ្នកទទួល។
លោក ជា ហ៊ាន បានអះអាងថាឈើទាំង ៥៩ ដុំនេះគឺត្រូវបានលោកប្រទះឃើញនៅពេលដែលលោកចុះទៅពិនិត្យដីដែលស្ថិតក្នុងភូមិជាំ ឃុំតាសាល ជាដីព្រៃដែលលោកបានចោទប្រកាន់លោក ខន សុខុន និងលោក ឈុន ឈៀហេង ថា បានឈូសឆាយទន្ទ្រាន និងហ៊ុមព័ន្ធយកដីធ្វើចម្ការកម្មសិទ្ធិផ្ទាល់ខ្លួន៕