ភ្នំពេញៈ មន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញបានថ្លែងនៅថ្ងៃ ៦ កុម្ភៈ នេះថា ឈើប្រណីតប្រភេទសុក្រំចំនួន ២ ម៉ែត្រគុប និង រថយន្តក្រុងមួយគ្រឿង ត្រូវបានបង្ក្រាបបានកាលពីព្រឹកថ្ងៃចន្ទ ក្រោយពីទទួលបានសេចក្ដីរាយការណ៍ពីអ្នកដំណើរម្នាក់ថា មានឈ្មួញទុច្ចរិត លួចដឹកខុសច្បាប់មកចតលាក់ទុកក្នុងចំណតរថយន្តមួយកន្លែងតាមផ្លូវលេខ ៣៤៧ ក្នុងសង្កាត់ បឹងកក់ទី ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដើម្បីចែកចាយបន្ត ។
លោក អ៊ុន វណ្ណារិទ្ធ នាយរងខណ្ឌរដ្ឋបាលព្រៃឈើភ្នំពេញ បានថ្លែងថា ក្រោមកិច្ចសហការជាមួយ អាជ្ញាធរខណ្ឌទួលគោក និងដោយមានការសម្របសម្រួលពីលោក ហ៊ឹង ប៊ុនថន ព្រះរាជអាជ្ញារង អមសាលាដំបូង រាជធានីភ្នំពេញ ក្រុមកម្លាំងរបស់លោកបានចុះឆែករថយន្តដឹកអ្នកដំណើរទាំងអស់ដែលចតក្នុងចំណតរថយន្តដឹកអ្នកដំណើររបស់ក្រុមហ៊ុន ស្ទឹងសែននីកាខូអិលធីឌីហើយបានរកឃើញឈើប្រភេទសុក្រំ៣៥ដុំស្មើនិង២ម៉ែត្រគុបក្នុងរថយន្តពាក់ស្លាកលេខភ្នំពេញ 3D.3377 ។
លោកបានបញ្ជាក់ថា៖«ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនិងឆែកឆេរនោះអ្នកបើកបររថយន្តដឹកបទល្មើសព្រៃឈើ ទំនងជាបានដឹងខ្លួនមុនហើយគេចខ្លួនបាត់មុនសមត្ថកិច្ចទៅដល់។ ទោះបីជាបែបណាក្ដី វត្ថុតាងរថយន្តក្រុង១គ្រឿងនិង ឈើទាំងនោះ ត្រូវបានរឹបអូសយកមករក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើព្រែកព្នៅ តាមបណ្តោយផ្លូវលេខ ៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌ ឫស្សីកែវ ដើម្បីបន្តនីតិវិធីតាមច្បាប់ព្រៃឈើ »។
លោក វណ្ណារិទ្ធ បានបន្ថែមថា នេះមិនមែនជាលើកទី ១ ទេ ដែលសមត្ថកិច្ចរដ្ឋបាលព្រៃឈើភ្នំពេញ បង្ក្រាបចាប់បានករណីលួចដឹកជញ្ជូនឈើតាមរថយន្តក្រុងនិងរថយន្តប្រណីតខុសច្បាប់បែបនេះ។
លោកថា កន្លងមករដ្ឋបាលព្រៃឈើ រាជធានី ភ្នំពេញ ដោយមានការចូលរួមពីអាជ្ញាធរពាក់ព័ន្ធ បានបង្ក្រាបបទល្មើសដឹកជញ្ជូន និង សន្និធិផលិតផលព្រៃឈើជាច្រើនករណីនិងបានផាកពិន័យជនល្មើសជាបន្តបន្ទាប់៕