កំពង់ស្ពឺៈ មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បាននិយាយកាលពីថ្ងៃចន្ទថា ឈើមូលច្រើនប្រភេទជាង ១០០ កំណាត់និងម៉ាស៊ីនអារឈើ ៣ គ្រឿង ដែលក្នុងនោះ ២ គ្រឿងជាម៉ាស៊ីនរ៉ៃ និង ១ គ្រឿងទៀតជាម៉ាស៊ីនថាសច្រៀកឈើ រួមទាំងឈើក្ដារបន្ទះមួយចំនួនទៀត ត្រូវបានកម្លាំងគណៈកម្មការបង្ក្រាបបទល្មើសធនធានធម្មជាតិនៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ បង្ក្រាប និងរឹបអូសបានពីរោងអារឈើខុសច្បាប់មួយកន្លែងកាលពីថ្ងៃអាទិត្យ។
លោក អេង ហ៊ី អ្នកនាំពាក្យកងរាជអាវុធហត្ថ លើផ្ទៃប្រទេស បានបញ្ជាក់ថា៖ «នៅពេលនេះ វត្ថុតាងដែលរួមមានឈើ និងម៉ាស៊ីនអារឈើទាំងនោះ ត្រូវបានកម្លាំងសមត្ថកិច្ចកងរាជអាវុធហត្ថយើងប្រគល់ទៅឲ្យមន្ត្រីបរិស្ថាននៃតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ដើម្បីធ្វើការវាស់វែង រក្សាទុក និងចាត់ការបន្តតាមនីតិវិធី»។
លោក អេង ហ៊ី បានបន្តថា ក្រុមជនល្មើសបានរត់គេចខ្លួន មុនពេលសមត្ថកិច្ចចុះទៅដល់ទីតាំងរោងម៉ាស៊ីនអារឈើលួចលាក់ដោយខុសច្បាប់ នៅក្នុងព្រៃនៃតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ស្ថិតក្នុងភូមិសាស្ត្រ ភូមិតាជន់ ឃុំតាសាល ស្រុកឱរ៉ាល់។ ទោះជាបែបណានៅពេលនេះកម្លាំងគណៈកម្មការបង្ក្រាបបទ ល្មើសធនធានធម្មជាតិ នៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងកម្លាំងកងរាជអាវុធហត្ថស្រុកឱរ៉ាល់ កំពុងបន្តចុះស្រាវជ្រាវស្វែងរកអត្តសញ្ញាណនៃក្រុមជនល្មើស ដើម្បីចាត់វិធានការទៅតាមផ្លូវច្បាប់។
លោក ឯម សុគន្ធ ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ស្ពឺ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា នៅពេលនេះក្រុមមន្ត្រីជំនាញនៅមិនទាន់បានធ្វើការវាស់វែងនៅឡើយទេ ព្រោះក្រុមមន្ត្រីឧទ្យានុរក្សកំពុងដឹកជញ្ជូនវត្ថុតាង និងឈើទាំងនោះមកកាន់ស្នាក់ការបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។
លោក សុគន្ធ បានបញ្ជាក់ថា៖ «ឥឡូវនេះឈើក្ដារបន្ទះ និងម៉ាស៊ីនអារឈើ ត្រូវបានបញ្ជូនមកដល់កន្លែងសុវត្ថិភាពហើយ ចំណែកឈើមូលចំនួន ១០១ កំណាត់ទៀតនោះ កំពុងស្ថិតក្រោមការដឹកជញ្ជូនមកកាន់ស្នាក់ការបរិស្ថានយើង។ បើតាមការប៉ាន់ប្រមាណនៃទំហំឈើទាំងនោះសរុបជាង ៣០ ម៉ែត្រគុប ក្នុងនោះឈើមូលមានប្រមាណជិត ៣០ ម៉ែត្រគុប និង ឈើក្ដារបន្ទះជិត ៣ ម៉ែត្រគុប»។
ដោយឡែក ក្រុមសហគមន៍បណ្ដាញព្រៃឡង់ ខេត្តក្រចេះ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០១៩ ក្នុងដំណើរចុះយុទ្ធនាការល្បាតនិងបំបួសព្រៃឈើ ក្នុងតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់ បានប្រទះឃើញនិងឃាត់សួរនាំអ្នកបើកបរគោយន្តដឹកឈើហុបធំៗជាច្រើនគ្រឿង ដែលបានដឹកជញ្ជូន ឆ្លងកាត់តំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គម ឈ្មោះ Bor Bet។
ទោះជាយ៉ាងណា លោក ដួង ឆាយសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បានបដិសេធថាករណីនេះពុំស្ថិតក្នុងទឹកដីខេត្តក្រចេះនោះទេ ប៉ុន្តែលោកមិនបានបញ្ជាក់ថា វាបានកើតឡើងនៅក្នុងទឹកដីនៃខេត្តណាមួយឲ្យប្រាកដនោះទេ ក្នុងចំណោមខេត្តទាំង ៤ នៃតំបន់ដែនជម្រកសត្វព្រៃ ព្រៃឡង់។
លោកថ្លែងថា៖ «ខ្ញុំបានសាកសួរទៅក្រុមការងាររបស់យើងខ្ញុំ ប្រចាំតំបន់ព្រៃឡង់ហើយ បន្ទាប់ពីខ្ញុំបានឃើញរូបភាពនិងខ្លឹមសារនៃព័ត៌មានដ៏ខ្លីនោះ ប៉ុន្តែក្រុមការងារយើងខ្ញុំទាំងអ្នកប្រចាំការនៅស្នាក់ការបរិស្ថានក្នុងតំបន់ដែនជម្រកសត្វព្រៃព្រៃឡង់ទាំងក្រុមល្បាត ពួកគេបានប្រាប់ថា គ្មានករណីនេះកើតមានក្នុងទឹកដីខេត្តក្រចេះនោះទេ»។
លោកបន្តថា នៅពេលនេះ ក្រុមការងាររបស់លោកកំពុងបន្តធ្វើការស្រាវជ្រាវបន្ថែមទៀតលើករណីនេះ ដើម្បីឲ្យប្រាកដថា វាជាសកម្មភាពថ្មីដែលទើបកើត ឡើង ឬក៏ជាសកម្មភាពចាស់ ហើយត្រូវបានគេយកមកបង្ហោះនិងចែកចាយបន្តដើម្បីធ្វើឲ្យមានការភាន់ច្រឡំ៕