មណ្ឌលគិរីៈ សមត្ថកិច្ចខេត្តមណ្ឌលគិរី បាននិងកំពុងស្រាវជ្រាវរកជនខិលខូចដែលយកឈើប្រភេទសុក្រំចំនួន ១៦៨ ដុំ ទៅលាក់ទុក ៥ ទីតាំងផ្សេងគ្នា នៅខាងក្រោយផ្ទះពលរដ្ឋស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា បន្ទាប់ពីសមត្ថកិច្ចចម្រុះបានរកឃើញ និងរឹបអូសឈើទាំងនោះនៅទីតាំងខាងលើ ប៉ុន្ដែម្ចាស់ឈើនេះបានរត់គេចខ្លួនបាត់ស្រមោល។
លោក វ៉ាន់ ដានី អធិការនគរបាលស្រុកកែវសីមាបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា ឈើប្រភេទសុក្រំចំនួន ១៦៨ ដុំ ត្រូវបានសមត្ថកិច្ចចម្រុះរកឃើញនៅ ៥ ទីតាំងផ្សេងៗគ្នា ដែលជនខិលខូចបានយកពីតំបន់ផ្សេងទៅលួចលាក់ទុកនៅទីតាំងខាងលើនេះ។ សមត្ថកិច្ចកំពុងបន្តការស្រាវជ្រាវរកជនទាំងនោះ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
លោកបញ្ជាក់ថា៖ «ឈើសុក្រំហ្នឹង មិនមែនគេយកមកលាក់ទុកមួយកន្លែងទុកនៅរោងកែច្នៃទេ គឺគេលាក់ទុក ៥ កន្លែងខុសៗគ្នា ហើយមួយកន្លែងៗគឺមានឈើ ១០ ដុំ ឬ ២០ ដុំនៅខាងក្រោយផ្ទះអ្នកភូមិ។ សមត្ថកិច្ចយើងរកឃើញហើយ ក៏នាំគ្នាប្រមូលដាក់មួយកន្លែង រួចក៏បានរាប់ចំនួនឈើហ្នឹង ប៉ុន្ដែខ្ញុំអត់ដឹងថា មន្ត្រីជំនាញយើងគាត់វាស់គិតជាម៉ែត្រគុបរួចហើយ ឬនៅទេ»។
លោកបន្ថែមថា ឈើទាំងនោះត្រូវបានជនខិលខូចយកមកលាក់ទុកមួយរយៈសិន ដើម្បីរង់ចាំឱកាសល្អ ហើយឆ្លៀតដឹកជញ្ជូនយកទៅលក់នៅប្រទេស វៀតណាម។ ក្នុងនោះដែរ សមត្ថកិច្ចបានធ្វើការសាកសួរអ្នកភូមិនៅតំបន់នោះ ប៉ុន្ដែមិនមានអ្នកណាបានដឹង ឬស្គាល់ឈ្មោះជនដែលលួចលាក់ឈើនេះទេ។
លោក អ៊ុំ សុវណ្ណសុភៈ នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគិរីបានឱ្យដឹងថា សមត្ថកិច្ចកំពុងស្រាវជ្រាវរកម្ចាស់ទីតាំងស្ដុកឈើប្រណីតទាំង ១៦៨ ដុំនេះ ដើម្បីចាត់វិធានការតាមច្បាប់ បន្ទាប់ពីពួកគេបានលួចលាក់ឈើប្រណីតនៅក្នុងទីតាំងខាងលើ។
លោកបន្តថា ក្រោយពីទទួលព័ត៌មានពីប្រជាពលរដ្ឋ សមត្ថកិច្ចចម្រុះដឹកនាំដោយលោក ម៉ម វណ្ណដា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី បានចុះបង្ក្រាបទីតាំងលួចលាក់ឈើនេះ ប៉ុន្ដែម្ចាស់ឈើបានរត់គេចខ្លួនទាំងអស់។ ក្រៅពីរកឃើញឈើនៅទីតាំងនេះ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវរកកន្លែងផ្សេងៗទៀតដែលនៅក្នុងតំបន់នោះ។
លោក អ៊ុំ សុវណ្ណសុភៈ បញ្ជាក់ថា៖ «ឥឡូវនេះយើងបានរឹបអូសឈើទាំងអស់ហ្នឹង ហើយដឹកយកមករក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើកែវសីមា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ចាត់ការបន្តទៀត។ រីឯម្ចាស់ឈើហ្នឹងចាំយើងស្គាល់អត្តសញ្ញាណគាត់សិនគឺទុកឲ្យតុលាការចេញដីកាកោះហៅឲ្យចូលបំភ្លឺទៀត។ ប៉ុន្ដែបើគាត់មិនព្រមចូលបំភ្លឺទេ គឺតុលាការគេមានវិធានការចាប់ខ្លួនតាមនីតិវិធីច្បាប់»។
លោក កែវ សុភគ៌ ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីកាលពីម្សិលមិញមិនទាន់អាចទាក់ទងសុំការបញ្ជាក់ជុំវិញករណីនេះបានទេ ដោយទូរស័ព្ទរបស់លោកគ្មានអ្នកទទួល។
គួររំឭកថានៅថ្ងៃទី ៤ កុម្ភៈ ឆ្នាំ ២០១៩ លោក សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មាធិការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិបានដាក់ចេញផែនការ ៤ ចំណុច ដើម្បីបង្ការ ទប់ស្កាត់ ស្រាវជ្រាវ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនៅទូទាំងប្រទេសកម្ពុជា។
ផែនការទាំង ៤ ចំណុចរួមមាន ទី១ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាពនូវបទល្មើសធនធានធម្មជាតិ។ ទី២ បញ្ជាអង្កេតស្រាវជ្រាវរកជនដែលប្រព្រឹត្ត និងពាក់ព័ន្ធនឹងបទល្មើស។ ទី៣ ចាប់ខ្លួនជនសង្ស័យ និងប្រមូលវត្ថុតាងដែលពាក់ព័ន្ធនឹងបទល្មើស និងកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់តុលាការ និងទី៤ ប្រមូល ផ្តុំកម្លាំងត្រៀមធ្វើអន្តរាគមន៍បង្ការ ទប់ស្កាត់ និងបង្ក្រាបនូវរាល់បទល្មើសធនធានធម្មជាតិ ដែលអាចនឹងកើតមានឡើង ជាពិសេសនៅបណ្តាខេត្តភូមិភាគឦសាន៕