ព្រះសីហនុៈ រថយន្ត​ស្ទូច​ខា្នត​យក្យ​ ២ ​គ្រឿង ​ត្រូវបាន​មន្ត្រី​ជំនាញ​នាំចូល​ទៅកាន់​ការដ្ឋាន​សំណង់​អគារ​មួយកន្លែង​នៅក្នុង​ភូមិ​ ២ ​សង្កាត់​លេខ​ ៤ ​ក្រុងព្រះសីហនុ​ដើម្បី​ជួយ​ស្ទូច​យកចេញ​នូវ​ដង​ស្ទូច​នៃ​គ្រឿងចក្រ​ TowerCrane ​ដែល​បាន​បាក់​គង​លើដំបូល​អគារ​កាលពី​ថ្ងៃ​​សៅរិ៍ ខណៈ​ពលរដ្ឋ​នៅក្បែរ​នោះ​ត្រូវបាន​អាជ្ញាធរ​ឲ្យ​ចាកចេញ​សិន​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​។

លោក​ សំ ប្រាក់ នាយនគរបាល​ប៉ុស្តិ៍​សង្កាត់​លេខ​ ៤ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា ថ្វីបើ​ពុំ​មាន​អ្នក​គ្រោះថ្នាក់​ក្នុងពេល​បាក់ដង​ស្ទូច​គ្រឿងចក្រ​ TowerCrane ​នោះ​ក្ដី ប៉ុន្តែ​ស្ថានភាព​ដ៏គួរ​ឲ្យ​គ្រោះថ្នាក់​នេះ​​បាន​ធ្វើឲ្យ​ពលរដ្ឋ​នៅ​ជិត​ការដ្ឋាន​នោះ​ព្រួយបារម្ភ​ខ្លាំង​។

លោក​ថា​៖ «​យើង​មិន​ដឹងថា​តើ​វា​នឹងមាន​បញ្ហា​អ្វី​កើតមានឡើង​ទៀត​នោះទេ​ខណៈ​ក្រុមមន្ត្រី​ជំនាញ​កំពុង​បើក​ប្រតិបត្តិការ​ស្ទូច​ទាញយក​ដង​ស្ទូច​គ្រឿង​​ចក្រ​ដែល​បាក់​នោះ​ចេញពី​ដំបូល​​សំណង់​អគារ ដូច្នេះ​យើង​ចាំបាច់​ស្នើឲ្យ​ពលរដ្ឋ​ដែល​រស់នៅ​ជិត​នោះ​ប្រមាណ​ ៣០-៤០ ​គ្រួសារ​ ចាកចេញ​ពី​ផ្ទះ​ពួកគេ​បណ្ដោះអាសន្ន​សិន​ ដើម្បី​ចៀសវាង​គ្រោះថ្នាក់​កើតឡើង​»​។

លោក​ អេង សុកប ជា​ពលរដ្ឋ​រស់នៅ​ជិត​កន្លែង​កើតហេតុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ក្រុម​គ្រួសារ​គាត់​បាន​រត់​ចេញ​ពី​ផ្ទះ បន្ទាប់ពី​ឃើញ​ដង​ស្ទូច​គ្រឿងចក្រ​ Tower Crane ​បាក់​គ្រេច​គង​លើ​ដំបូល​អគារ​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​ភ័យខ្លាច​ខ្លាំង​នៅពេល​ឃើញ​ដង​ស្ទូច​នៃ​គ្រឿងចក្រ​នោះ​បាន​ទ្រេត ហើយ​កាច់ក​បាក់​នៅក្នុង​លម្ហ​អាកាស​ក្នុង​កម្ពស់​ជាង​ ២០ ​ម៉ែត្រ​។ ប៉ុន្តែ​សំណាងល្អ​ដែល​វា​មិន​រេ​បាក់​ធ្លាក់​មកលើ​ផ្ទះ​របស់​ពួកយើង ដោយសារ​ផ្នែក​ដែល​មាន​ភ្ជាប់​ដុំថ្ម​បាន​ទាញ​ទៅ​ផ្នែក​ម្ខាង​ទៀត​នៃ​សំណង់​អគារ​​នោះ បណ្ដាល​ឲ្យ​បាក់​គង​បន្ទប់​បញ្ជា​ដង​ស្ទូច​នៅលើ​ដំបូល​អគារ មិន​ធ្លាក់​ចុះមក​ដី​»​។

ចំណែក​លោក ស៊ឹមសាមឿន មេភូមិ​ ២ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មុន​ដំបូង​គាត់​ស្មានតែ​បាក់ស្រុត​សំណង់​អគារ​ដ៏ធំ​នោះ ព្រោះ​​មើល​ពី​ចម្ងាយ​ឃើញ​ដង​ស្ទូច​បាក់​ស្រុតចុះ​មកក្រោម​។

លោក​ថ្លែង​ថា​៖ «​តាម​មន្ត្រី​បច្ចេកទេស ករណី​បាក់​គ្រេច ក ដង​ស្ទូច​នៃ​គ្រឿងចក្រ​ខាងលើ​នេះ​បណ្ដាល​មកពី​មានការ​ដោះ​ទម្លាក់​ជើង​ទម្រ​នៃ​ដង​ស្ទូច​ខុស​​លក្ខណៈ​បច្ចេកទេស​»​។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​​ព្រៃឈើ​កម្ពុជា​លោក យ៉ាន់ ធី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ករណី​​នេះ​បាន​បង្ក​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​ពលរដ្ឋ​រាប់សិប​គ្រួសារ​​ដែល​នៅ​ជិត​ការដ្ឋាន​នោះ​។

លោក​ថា​៖ «​ជាធម្មតា​ Tower Crane មិន​ងាយ​បាក់​ទេ ប្រសិន​បើ​ប្រើប្រាស់​ត្រឹមត្រូវ​តាម​ស្ដង់ដា​បច្ចេកទេស និង​មាន​ការត្រួតពិនិត្យ​គុណភាព​នៃ​ឧបករណ៍​នោះ​បាន​ត្រឹមត្រូវ​។ ​ប៉ុន្តែ​​ករណីនេះ​យើង​យល់ថា ជា​​ផ្នែក​មួយ​នៃ​ការធ្វេសប្រហែស​របស់​ក្រុមការងារ​បច្ចេកទេស និង​អ្នកគ្រប់គ្រង​ការដ្ឋាន​»៕