បាត់ដំបង/តាកែវ: ដំណាំកញ្ឆាសរុបចំនួន ៤២៨២ ដើមត្រូវបានបំផ្លាញចោលនៅក្នុងទីតាំងដាច់ដោយឡែកពីគ្នានៅក្នុងស្រុកគីរីវង់ ខេត្តតាកែវ និងស្រុកទួលតាឯក ខេត្តបាត់ដំបងកាលពីសប្ដាហ៍កន្លងមកនេះ ក្រោយពីសមត្ថកិច្ចរុករកឃើញពលរដ្ឋលួចដាំតាមតំបន់ព្រៃដែលជាសកម្មភាពល្មើសច្បាប់។
សមត្ថកិច្ចស្រុកគិរីវង់កាលពីថ្ងៃទី ១៤ តុលានេះបង្ក្រាបដើមកញ្ឆាសរុបចំនួន ៣៤៥២ ដើមដែលដាំនៅ ១២ ទីតាំងលើផ្ទៃដីចំនួន ៧៩៧ ម៉ែត្រការ៉េដោយសមត្ថកិច្ចបានដក និងដុតបំផ្លាញចោលនៅនឹងកន្លែង ហើយកំពុងស្រាវជ្រាវរកម្ចាស់ចម្ការកញ្ឆាទាំងនេះមកផ្តន្ទាទោសតាមច្បាប់។
ចំណែកនៅខេត្តបាត់ដំបង សមត្ថកិច្ចស្រុករតនមណ្ឌលកាលពីថ្ងៃទី ១២ តុលានេះបានចុះបង្ក្រាបករណីដាំដុះកញ្ឆាខុសច្បាប់ចំនួន ៣ កន្លែង និងដើមកញ្ឆាចំនួន ៨៣០ ដើម និងឃាត់ខ្លួនស្ត្រីម្នាក់រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោក អិន សាវុធ នាយប៉ុស្ដិ៍ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់បានថ្លែងថា ក្នុងប្រតិបត្តិការនេះក្រុមមន្ត្រីបាននាំគ្នាដក និងដុតបំផ្លាញនៅនឹងកន្លែងតែម្ដង។ ជនលើ្មសតែងតែទៅទន្ទ្រានដីព្រៃភ្នំដោយលួចលាក់ ហើយដាំដើមកញ្ឆា បន្លំនៅចន្លោះព្រៃរបោះតូចៗនៅលើភ្នំ ដើម្បីបំភាន់ភ្នែកសមត្ថកិច្ច។
ដោយឡែកលោក ផាន់ ឡុង អធិការនគរបាលស្រុករតនមណ្ឌល ខេត្តបាត់ដំបងបានថ្លែងថា សមត្ថកិច្ចកាលពីថ្ងៃទី ១២ តុលានេះបានចុះបង្ក្រាបករណីដាំដុះកញ្ឆាខុសច្បាប់ចំនួន ៣ កន្លែង និងឃាត់ខ្លួនស្ត្រីម្នាក់ឈ្មោះ លៀន មុំ អាយុ ៣៥ ឆ្នាំរស់នៅភូមិអូរតាគាំ ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
លោកបន្តថាសមត្ថកិច្ចបានឃាត់ខ្លួនស្ត្រីម្នាក់ជាម្ចាស់ដើមកញ្ឆា ព្រមទាំងកញ្ឆាចំនួន ៨៣០ ដើម។ ក្រោយពេលឃាត់ខ្លួនត្រូវបានសមត្ថកិច្ចជំនាញធ្វើការអប់រំ ណែនាំ និងបានធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាពដាំដុះបន្តទៀត ហើយបានអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
កាលពីខែកុម្ភៈឆ្នាំនេះកម្លាំងអាវុធហត្ថខេត្តតាកែវបានដុតដើមកញ្ឆាចំនួនជាង ៦៥ ០០០ ដើម និងអាង (ស្តុកទឹក) ចំនួន ៥០ អាងទុយោទឹកជាង ១៥០០ ម៉ែត្រ៕